តុលាការ​បញ្ជូន​ជន​សង្ស័យ​វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស

0:00 / 0:00

ជន​សង្ស័យ​ទាំង​បី​នាក់​ដែល​ចេញ​សារភាព​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រង​របួស​នោះ ត្រូវ​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។ យ៉ាង​ណា​ក៏ដោយ​ចុះ គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ចង់​ឃើញ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ច្រើន​ជាង​នេះ ដោយ​លើក​ឡើង​ថា ជន​បង្ក​ហិង្សា​មិន​មែន​តែ ៣​នាក់​នោះ​ទេ។

ការ​បញ្ជូន​ជន​សង្ស័យ​ទាំង ៣​នាក់​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បាន​សាកសួរ​ពួក​គេ​ពេញ​មួយ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ ដោយ​ដកស្រង់​សម្ដី​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ថា បាន​សម្រេច​ចោទ​ប្រកាន់​អ្នក​ទាំង ៣​នាក់​នោះ​ចំនួន ២​បទល្មើស គឺ​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​មួយ​ករណី​ទៀត គឺ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ស្វាគមន៍​ចំណាត់​ការ​របស់​សមត្ថកិច្ច​ដែល​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​កាន់​ស្ថាប័ន​តុលាការ។ ទោះ​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ដដែល ចង់​ឃើញ​ជន​សង្ស័យ​ច្រើន​រូប​ផ្សេង​ទៀត ត្រូវ​អាជ្ញាធរ​នាំ​ខ្លួន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ ក្រោម​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច ដោយ​លោក​អះអាង​ថា ជន​បង្ក​ហិង្សា​មាន​ច្រើន​ជាង ៣​នាក់៖ «យើង​នឹង​តាម​ឃ្លាំមើល ហើយ​ទុក​កិច្ចការ​នោះ​ឲ្យ​តុលាការ​ចាត់ចែង​តាម​នីតិវិធី​បន្ត»

បុរស​ទាំង ៣​រូប​នោះ​មាន​ឈ្មោះ ចាយ សារិទ្ធ វ័យ ៣៣​ឆ្នាំ មាន​លំនៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤​ឆ្នាំ រស់នៅ​ខេត្ត​ព្រៃវែង និង​ឈ្មោះ សុត វណ្ណនី អាយុ ៤៥​ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ពួក​គេ​បាន​ចេញ​មុខ​សារភាព​ថា ជា​ជន​ដៃ​ដល់​បង្ក​របួស​ស្នាម​លើ​អ្នក​តំណាង​រាស្ត្រ ២​រូប​នៃ​គណបក្ស​ប្រឆាំង។

ឆ្លើយ​តប​នឹង​ការ​ទទូច​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​រីក​រាយ​សហការ​ជាមួយ​ស្ថាប័ន​តុលាការ ដើម្បី​ស្វែង​រក​ការ​ពិត។ លោក​បន្ត​ថា គណៈកម្មការ​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ នៅ​តែ​បន្ត​ធ្វើ​ការងារ​នេះ ដើម្បី​ស្វែងរក​ជន​ប្រព្រឹត្តិ​ផ្សេង​ទៀត៖ «គណៈកម្មការ​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ មិន​ទាន់​ចប់​ភារកិច្ច​របស់​ខ្លួន ដរាបណា​តុលាការ​នៅ​ត្រូវការ ហើយ​តុលាការ​ត្រូវការ​អី​យើង​រក​បន្ថែម​ទៀត»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​គេ​ព្រួត​វាយ​ឲ្យ​របួស​ធ្ងន់ នៅ​ពេល​ក្រុម​បាតុករ​មួយ​ក្រុម​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​រដ្ឋសភា ខណៈ​ក្រុម​បាតុករ​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់ លោក កឹម សុខា ពី​តំណែង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​នោះ។

មន្ត្រី​សម្រប​សម្រួល​នៃ​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​និយាយ​ថា ការ​បញ្ជូន​ខ្លួន​ជន​សង្ស័យ​នៅ​ពេល​នេះ បើ​ប្រៀបធៀប​នឹង​ការ​បញ្ជូន​សកម្មជន ឬ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សមត្ថកិច្ច​អនុវត្ត​ការងារ​មាន​ស្តង់ដារ​ពីរ​ផ្សេង​គ្នា។ លោក​ថា ការ​បញ្ជូន​សកម្មជន ឬ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សមត្ថកិច្ច​ដាក់​ខ្នោះ​តាំង​ពី​ផ្ទះ ឬ​ពី​កន្លែង​កើត​ហេតុ ប៉ុន្តែ​ចំពោះ​អ្នក​វាយ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង គឺ​សមត្ថកិច្ច​មិន​មាន​ដាក់​ខ្នោះ​ដៃ​អ្វី​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។