ជនសង្ស័យទាំងបីនាក់ដែលចេញសារភាពថា បានប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យរងរបួសនោះ ត្រូវតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។ យ៉ាងណាក៏ដោយចុះ គណបក្សប្រឆាំង និងសង្គមស៊ីវិល ចង់ឃើញសមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យច្រើនជាងនេះ ដោយលើកឡើងថា ជនបង្កហិង្សាមិនមែនតែ ៣នាក់នោះទេ។
ការបញ្ជូនជនសង្ស័យទាំង ៣នាក់ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ធ្វើឡើងភ្លាមៗបន្ទាប់ពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានសាកសួរពួកគេពេញមួយថ្ងៃទី៤ ខែវិច្ឆិកា។
សារព័ត៌មានក្នុងស្រុកបានចុះផ្សាយ ដោយដកស្រង់សម្ដីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ថា បានសម្រេចចោទប្រកាន់អ្នកទាំង ៣នាក់នោះចំនួន ២បទល្មើស គឺបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងមួយករណីទៀត គឺធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ស្វាគមន៍ចំណាត់ការរបស់សមត្ថកិច្ចដែលបញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្ថាប័នតុលាការ។ ទោះបែបនេះក្តី អ្នកនាំពាក្យគណបក្សប្រឆាំងដដែល ចង់ឃើញជនសង្ស័យច្រើនរូបផ្សេងទៀត ត្រូវអាជ្ញាធរនាំខ្លួនចូលទៅបំភ្លឺនៅតុលាការ ក្រោមការអន្តរាគមន៍ពីសមត្ថកិច្ច ដោយលោកអះអាងថា ជនបង្កហិង្សាមានច្រើនជាង ៣នាក់៖ «យើងនឹងតាមឃ្លាំមើល ហើយទុកកិច្ចការនោះឲ្យតុលាការចាត់ចែងតាមនីតិវិធីបន្ត»។
បុរសទាំង ៣រូបនោះមានឈ្មោះ ចាយ សារិទ្ធ វ័យ ៣៣ឆ្នាំ មានលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤ឆ្នាំ រស់នៅខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ ៤៥ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ពួកគេបានចេញមុខសារភាពថា ជាជនដៃដល់បង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រ ២រូបនៃគណបក្សប្រឆាំង។
ឆ្លើយតបនឹងការទទូចរបស់គណបក្សសង្គ្រោះជាតិ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា សមត្ថកិច្ចរីករាយសហការជាមួយស្ថាប័នតុលាការ ដើម្បីស្វែងរកការពិត។ លោកបន្តថា គណៈកម្មការជំនាញរបស់ក្រសួងមហាផ្ទៃ នៅតែបន្តធ្វើការងារនេះ ដើម្បីស្វែងរកជនប្រព្រឹត្តិផ្សេងទៀត៖ «គណៈកម្មការជំនាញរបស់ក្រសួងមហាផ្ទៃ មិនទាន់ចប់ភារកិច្ចរបស់ខ្លួន ដរាបណាតុលាការនៅត្រូវការ ហើយតុលាការត្រូវការអីយើងរកបន្ថែមទៀត»។
កាលពីថ្ងៃទី២៦ ខែតុលា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវគេព្រួតវាយឲ្យរបួសធ្ងន់ នៅពេលក្រុមបាតុករមួយក្រុមបាននាំគ្នាទៅតវ៉ានៅខាងមុខរដ្ឋសភា ខណៈក្រុមបាតុករបានធ្វើបាតុកម្មទាមទារទម្លាក់ លោក កឹម សុខា ពីតំណែងជាអនុប្រធានទី១ រដ្ឋសភានោះ។
មន្ត្រីសម្របសម្រួលនៃបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ ដែលតាមដានដំណើររឿងនេះនិយាយថា ការបញ្ជូនខ្លួនជនសង្ស័យនៅពេលនេះ បើប្រៀបធៀបនឹងការបញ្ជូនសកម្មជន ឬតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សមត្ថកិច្ចអនុវត្តការងារមានស្តង់ដារពីរផ្សេងគ្នា។ លោកថា ការបញ្ជូនសកម្មជន ឬតំណាងរាស្ត្រគណបក្សប្រឆាំង សមត្ថកិច្ចដាក់ខ្នោះតាំងពីផ្ទះ ឬពីកន្លែងកើតហេតុ ប៉ុន្តែចំពោះអ្នកវាយតំណាងរាស្ត្រគណបក្សប្រឆាំង គឺសមត្ថកិច្ចមិនមានដាក់ខ្នោះដៃអ្វីនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។