លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា គិតមកទល់ថ្ងៃទី១៦ កក្កដា គ.ជ.ប បានទទួលអ្នកសង្កេតការណ៍ជាតិមានចំនួនជាង ២ម៉ឺន ៣ពាន់នាក់ (២៣.៥០១នាក់) ហើយអ្នកសង្កេតការណ៍អន្តរជាតិមានចំនួន ៥៨នាក់។
ចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនេះ បើប្រៀបធៀបជាមួយការបោះឆ្នោតរើសតំណាងរាស្ត្រអាណត្តិទី៤ កាលពីឆ្នាំ២០០៨ កន្លងទៅ គឺតិចជាងឆ្ងាយណាស់។ ក្នុងឆ្នាំ២០០៨ អ្នកសង្កេតការណ៍ជាតិមានចំនួនជាង ៣ម៉ឺននាក់ ហើយអ្នកសង្កេតការណ៍អន្តរជាតិមានចំនួន ៥៨៤នាក់។
ប៉ុន្តែ លោក ទេព នីថា មានប្រសាសន៍ថា ចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនេះអាចមានការកើនឡើងថែមទៀតនៅថ្ងៃបោះឆ្នោត៖ «ធម្មតាអ្នកសង្កេតការណ៍អន្តរជាតិ គេមកមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។ យើងមានអង្គការ និងប្រទេសមួយចំនួនទៀត ដែលបានស្នើសុំមកសង្កេតការណ៍ ប៉ុន្តែគេបញ្ជូនតែឈ្មោះមក អត់មានរូបថតអី ដល់អីចឹងទៅ យើងអត់ទាន់បានសម្រេច»។
លោក កែម ឡី អ្នកវិភាគនយោបាយ និងសង្គម ឯករាជ្យ មានប្រសាសន៍ថា បញ្ហាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលត្រូវចូលរួមពិនិត្យមើលការបោះឆ្នោតនោះមានសារៈសំខាន់ណាស់ ពីព្រោះវាជួយធ្វើឲ្យការបោះឆ្នោតនោះមានភាពត្រឹមត្រូវ និងបង្ហាញអំពីតម្លាភាពនៃការបោះឆ្នោតផង៖ «ការដាក់អ្នកសង្កេតការណ៍ច្រើនចម្រុះនៅគ្រប់ស្ថានីយបោះឆ្នោតនោះ វាបានផ្តល់ទំនុកចិត្តខ្ពស់ ហើយផ្តល់តម្លាភាពក្នុងពេលបោះឆ្នោតផង និងក្នុងពេលរាប់សន្លឹកឆ្នោតផង»។
លោក កែម ឡី បានបន្ថែមថា បើសិនជានៅទីណាមានការបោះឆ្នោតដែលគេសង្ស័យថាមិនមានភាពត្រឹមត្រូវ និងតម្លាភាពទេនោះ គេត្រូវតែទាមទារឲ្យមានអ្នកសង្កេតការណ៍ចូលរួមឲ្យបានច្រើន៖ «បើគាត់បានទៅឃើញរបៀបគេធ្វើការ គាត់ទៅតាមដាន គាត់ទៅត្រួតពិនិត្យហើយ គឺគាត់អាចមើលឃើញចរិត និងលក្ខណៈរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនោះ តើវាមានតម្លាភាព ឬគ្មានតម្លាភាព។ តែឥឡូវ ខ្ញុំមានការសោកស្ដាយណាស់ ដោយសង្កេតឃើញថា ចំនួនអ្នកសង្កេតការណ៍អន្តជាតិ ជាពិសេសប្រទេសលោកខាងលិចមានការចុះថយច្រើនណាស់ ហើយសហគមន៍អឺរ៉ុប ក៏ប្រកាសមិនចូលរួមពេញលេញក្នុងការអង្កេតការណ៍ ហើយនេះជាហានិភ័យធំណាស់ ពីព្រោះយើងដឹងថា អ្នករៀបចំនោះវាមិនមានតម្លាភាពទៅហើយ»។
ទាក់ទងជាមួយការរៀបចំបោះឆ្នោតនេះដែរ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា មកទល់ថ្ងៃទី១៦ កក្កដា គ.ជ.ប បានរៀបចំរើសមន្ត្រីបម្រើការងារនៅការិយាល័យបោះឆ្នោតបានចំនួនជាង ១១ម៉ឺននាក់ (១១៤.០៥៤នាក់) ហើយ។ មន្ត្រីទាំងនោះត្រូវបម្រើនៅក្នុងការិយាល័យបោះឆ្នោតចំនួនជាង ១ម៉ឺន ៩ពាន់ការិយាល័យបោះឆ្នោតទូទាំងប្រទេស។
ទាក់ទងជាមួយពាក្យបណ្ដឹងវិញ គិតត្រឹមថ្ងៃទី១៦ កក្កដា គ.ជ.ប បានទទួលពាក្យប្ដឹងនៅថ្នាក់ឃុំចំនួន ២១៥ករណី នៅថ្នាក់ខេត្តចំនួន ៤៥ករណី និងនៅថ្នាក់ជាតិមានចំនួន ១២ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
