សង្គម​ស៊ីវិល​ត្រៀម​អ្នក​ច្បាប់​ឃ្លាំ​មើល​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ

អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ស្ថាប័ន បាន​ត្រៀម​លក្ខណៈ​តាម​ឃ្លាំ​មើល​សកម្មភាព​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​បាតុករ ឬ​ប្រជាពលរដ្ឋ​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៧ ខែ​កញ្ញា។ សហរដ្ឋ​អាមេរិក គាំទ្រ​ចំពោះ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ ប៉ុន្តែ​ត្រូវ​ឲ្យ​មាន​សន្តិភាព និង​អហិង្សា។

0:00 / 0:00

អង្គការ​សង្គម​ចំនួន ២១​ស្ថាប័ន ត្រៀម​បញ្ជូន​អ្នក​ច្បាប់ និង​គ្រូពេទ្យ ឲ្យ​តាម​ឃ្លាំ​មើល​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ផ្ដើម​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​បារម្ភ​ខ្លាច​កើត​មាន​សកម្មភាព​គំរាម​កំហែង​ពី​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ​ទៅ​លើ​បាតុករ ឬ​អ្នក​ពាក់ព័ន្ធ។

លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) ស្ថិត​ក្នុង​ចំណោម​អង្គការ សមាគម​មិន​មែន​រដ្ឋាភិបាល​ទាំង ២១​ស្ថាប័ន មាន​ប្រសាសន៍​ថា អង្គការ​នេះ​បាន​បង្កើត​គណៈកម្មការ​ចំនួន ៨ ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​អង្កេត​ការណ៍​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នេះ។

លោក​ថា ការ​បង្កើត​គណៈកម្មការ​នេះ​ឡើង ព្រោះ​បារម្ភ​ខ្លាច​មាន​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស ឬ​សកម្មភាព​គំរាម​កំហែង​ចាប់​ខ្លួន​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម រំលោភ​ច្បាប់​ជាដើម៖ «បង្កើត​នូវ​គណៈកម្មការ​ចំនួន ៨ ដើម្បី​ចូល​រួម​អង្កេត​ទៅ​លើ​ព្រឹត្តិការណ៍​ទាំង​ឡាយ​នៃ​ដំណើរ​ការ​បាតុកម្ម។ ហើយ​ក៏​មាន​ក្រុម​អន្តរាគមន៍​ផ្លូវ​ច្បាប់ ព្រោះ​នៅ​ពេល​មាន​សភាពការណ៍​ច្របូកច្របល់ ជួន​កាល​អ្នក​ខ្លះ​អត់​ដឹង​រឿង ក៏​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ខុស​ច្បាប់​នេះ ខុស​ច្បាប់​នោះ ហើយ​ក៏​ត្រូវ​គេ​ចាប់​ខ្លួន​ផង​ដែរ។ អ៊ីចឹង យើង​ក៏​មាន​អន្តរាគមន៍​ខាង​ផ្លូវ​ច្បាប់។ មួយ​ទៀត​ក៏​មាន​ក្រុម​អន្តរាគមន៍​ដូច​ជា​បញ្ហា​ថ្នាំ​ពេទ្យ ឬ​ការ​សង្គ្រោះ និង​ជួយ​លើ​បញ្ហា​ផ្សេងៗ​ទៀត»

ទោះ​យ៉ាង​ណា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​ស្នើ​ដល់​សមត្ថកិច្ច​ចម្រុះ​ពាក់ព័ន្ធ និង​ចូល​រួម​ធ្វើ​មហា​បាតុកម្ម ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម និង​មិន​ត្រូវ​បង្ក​អំពើ​ហិង្សា​ណា​មួយ​ទេ។

លិខិត​ជូន​ដំណឹង​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី២ ខែ​កញ្ញា បាន​បញ្ជាក់​ថា មហា​បាតុកម្ម​អហិង្សា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៧ ខែ​កញ្ញា នា​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេស​ឯករាជ្យ សម្រាប់​ស៊ើប​អង្កេត​រក​ការ​ពិត និង​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត​ថ្ងៃ​ទី២៨ ខែ​កញ្ញា។

មហា​បាតុកម្ម​អហិង្សា​នេះ មាន​ទាំង​ការ​តាំង​សមាធិ ការ​បួង​សួង​ដោយ​ស្ងប់ស្ងៀម និង​ការ​សម្ដែង​មតិ​របស់​បាតុករ ហើយ​ចំនួន​មនុស្ស​អាច​មាន​អ្នក​ចូល​រួម​ប្រមាណ ២​ម៉ឺន​នាក់។

លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើ​ដល់​អភិបាល​រាជធានី​ភ្នំពេញ ជួយ​មាន​វិធាន​ការ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ដល់​ក្រុម​បាតុករ​ផង​ដែរ។

​​លោក សន ម៉ាក់ឃីនថូស (Sean McIntosh) មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ភាសា ដោយ​ចាត់​ទុក​ការ​ធ្វើ​មហា​បាតុកម្ម​នេះ អាច​ផ្តល់​ឱកាស​​​ដល់​បាតុករ ឬ​ពលរដ្ឋ បាន​សម្ដែង​មតិ​លើ​បញ្ហា​ផ្សេងៗ៖ «ខ្ញុំ​មិន​មែន​តស៊ូ​មតិ​ប្រឆាំង​បាតុកម្ម​ទេ។ មាន​បាតុកម្ម គឺ​ល្អ ពីព្រោះ​បាតុកម្ម​ជា​ច្រក​សម្រាប់​ឱ្យ​មនុស្ស​ទាំង​ឡាយ​អាច​និយាយ​ក្ដី​ព្រួយ​បារម្ភ​របស់​ខ្លួន និង​ជា​ច្រក​សម្រាប់​បញ្ចេញ​មតិ​លើ​អ្វី​ដែល​សំខាន់។ និយាយ​ពី​បាតុកម្ម គឺ​ត្រូវ​តែ​ជា​បាតុកម្ម​សន្តិវិធី និង​គួរ​មាន​លក្ខណៈ​ស្ថាបនា។ ភាគី​ទាំង​ពីរ ជា​ចាំបាច់​ជួប​គ្នា។ គេ​ត្រូវ​ត្រឡប់​មក​ជួប​គ្នា​នៅ​តុ​ចរចា ហើយ​ជជែក​គ្នា​អំពី​បញ្ហា​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា សម្រាប់​ភាព​រីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​អ្វី​ដែល​ជា​ការ​ទាយ​ទុក​មុន​ទេ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត យើង​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​នៃ​គ្រប់​បក្ស ឬ​ភាគី​ទាំង​បក្ស​ប្រឆាំង បក្ស​គ្រប់គ្រង​អំណាច។ ប៉ុន្តែ ប្រការ​សំខាន់ គឺ​ការ​ជួប​ជុំ​នោះ​ដោយ​សន្តិវិធី គ្មាន​អំពើ​ហិង្សា មិន​មាន​ប្រភព​បំភិតបំភ័យ ឬ​ជា​សក្ដានុពល​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ឡើយ»

​បញ្ហា​នេះ​ដែរ គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​របស់​រាជ​រដ្ឋាភិបាល មាន​ចុះ​ហត្ថលេខា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី១ ខែ​កញ្ញា អំពាវនាវ​ដល់​ស្ថាប័ន​​​​ពាក់ព័ន្ធ ឲ្យ​លើក​កម្ពស់​រក្សា​ការពារ​សន្តិសុខ របៀប​រៀប​រយ​សាធារណៈ​សង្គម និង​ជំរុញ​ឲ្យ​ការ​ធ្វើ​សកម្មភាព​នានា ប្រព្រឹត្ត​ទៅ​ស្រប​តាម​ច្បាប់​ជា​ធរមាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។