ពលរដ្ឋ​២​រូប​នៅ​កំពង់ចាម​ត្រូវ​ចាប់​ខ្លួន​ចោទ​ពី​បទ​បំផ្លាញ​ស្លាក​សញ្ញា​បក្ស​ប្រជាជន

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​នាក់​ឪពុក និង​កូន​ប្រុស ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ ចាប់​ខ្លួន ហើយ​បញ្ជូន​មក​កាន់​ពន្ធនាគារ​ខេត្ត​កំពង់ចាម ដោយ​ចោទ​ប្រកាន់​ពី​បទ​បាន​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា។

សកម្មភាព​ចាប់​ខ្លួន​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ជម្លោះ​នៅ​ក្នុង​វត្ត​វិហារ ដែល​មាន​ការ​ដាក់​ធុង​បាស ហើយ​ស្លាក​សញ្ញា​បក្ស​ក៏​ត្រូវ​បាន​រហែក​នៅ​យប់​បន្ទាប់។ អាជ្ញាធរ​ឃុំ​ស្វាយពោធិ៍ យល់​ថា ការ​ចាប់​ខ្លួន​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ ពីព្រោះ​ការ​ចោទ​ប្រកាន់​នោះ​មិន​មាន​ភស្តុតាង​ច្បាស់​លាស់​នោះ​ឡើយ។

សកម្មភាព​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការ​បំផ្លាញ​សម្ភារៈ​របស់​បក្ស​នយោបាយ ហាក់​ដូច​ជា​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​នៅ​មាន​សកម្មភាព​មួយ​ចំនួន ដែល​បាន​កើត​ឡើង​ដដែល ពិសេស​សកម្មភាព​បំផ្លាញ​ស្លាក​សញ្ញា​បក្ស​នយោបាយ​ជាដើម។

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​នាក់​ឪពុក និង​កូន​ប្រុស ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​មក​ពន្ធនាគារ​ខេត្ត បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​យប់​ថ្ងៃ​ទី១ តុលា។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ជីប៉ោ ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ លោក ឈុំ ផន ដែល​ត្រូវ​ជា​បង​ប្រុស​ជន​រងគ្រោះ បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ចំនួន​ពីរ​នាក់ ដែល​ត្រូវ​ជា​ឪពុក និង​កូន។ ឪពុក​ឈ្មោះ ស៊ាន ប៊ុនលី មាន​អាយុ ៤២​ឆ្នាំ និង​កូន​ប្រុស​ឈ្មោះ ប៊ុនលី ប៊ុនលាង ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ស្វាយពោធិ៍ ចាប់​បញ្ជូន​ខ្លួន​មក​ពន្ធនាគារ​ខេត្ត ពី​បទ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​យប់​ថ្ងៃ​ទី១ តុលា។

លោក​បន្ត​ថា ការ​ចាប់​ខ្លួន​ប្អូន​ប្រុស និង​ក្មួយ​របស់​លោក​នេះ បន្ទាប់​មាន​ការ​ចោទ​ប្រកាន់​ពី​សំណាក់​មេ​ភូមិ​វិហារ និង​មេ​ប៉ុស្តិ៍​ឃុំ​ស្វាយពោធិ៍ ថា​ពួក​គេ​បាន​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ភូមិ​វិហារ។ លោក​បន្ត​ថា ការ​ចោទ​ប្រកាន់​នេះ គឺ​វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ ពីព្រោះ​ប្អូន និង​ក្មួយ​របស់​លោក​មិន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នោះ​ទេ៖ «ខ្ញុំ​គិត​ឃើញ​ថា បើ​រឿង​គណបក្ស​ហ្នឹង​វា​មិន​ត្រឹមត្រូវ​ទេ។ វា​អត់​បាន​វ៉ៃ​មែន បើ​គ្រាន់​ថា​មិន​ដឹង​ជា​អ្នក​ណា​វ៉ៃ​ទេ​ណា ជា​ក្រុម​ជា​ពួក​ណា? ប៉ុន្តែ រឿង​ចោទ​ប្រកាន់​ថា​វា​វ៉ៃ​ស្លាក​ហ្នឹង មិន​មែន​ទេ! ពីព្រោះ​សំដៅ​លើ​រឿង​វា​ខឹង​ថា​គេ​កាប់​កូន​វា​តែ​ប៉ុណ្ណឹង​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទំនាក់ទំនង​មេ​ភូមិ​វិហារ លោក សួង សៀម និង​មេ​ប៉ុស្តិ៍​ឃុំ​ស្វាយពោធិ៍ លោក ចាន់ សុផល ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃ​ទី៧ តុលា។

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ករណី​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​មេ​ឃុំ​ស្វាយពោធិ៍ លោក ផេង គុង បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​នោះ​ទេ ពីព្រោះ​វា​គ្មាន​ភស្តុតាង​ច្បាស់​លាស់​ក្នុង​ការ​ដាក់​បន្ទុក​ទៅ​ជន​រងគ្រោះ​នោះ​ឡើយ៖ «គឺ​ថា​ខ្ញុំ​ពិបាក​ដែរ! អត់​មាន​ដីកា អត់​មាន​អី​ទេ គឺ​ថា​តាម​អំពើ​ចិត្ត​ហ្មង ពួក​អស់​ហ្នឹង! បាន​ខ្ញុំ​នឹក​ដូច​ខឹង​ដែរ។ បាទ! គ្រាន់​តែ​ប៉ុណ្ណឹង អា​ហេតុផល​មិន​ទាន់​ដឹង​ថា​វ៉ៃ​កាប់​អត់​មាន​មនុស្ស អត់​ដឹង​មុខ​មនុស្ស ហើយ​អា​រហែក​ហ្នឹង​ក៏​អត់​ដឹង​មុខ​មនុស្ស​យ៉ាង​ម៉េចៗ ស្រាប់​តែ​គេ​បញ្ជូន​ទៅ​បាត់​ទៅ»

លោក​បន្ត​ថា ការ​ធ្វើ​បទ​ចោទ​ប្រកាន់​ទៅ​លើ​រូប លោក ស៊ាន ប៊ុនលី និង​កូន​ប្រុស​របស់​លោក​នោះ គឺ​ជា​ការ​ធ្វើ​ឡើង​ដោយ​មេ​ភូមិ​វិហារ និង​មេ​ប៉ុស្តិ៍​ឃុំ​ស្វាយពោធិ៍ ដែល​គ្មាន​ការ​សហការ​ជាមួយ​ថ្នាក់​ឃុំ​នោះ​ទេ ដែល​លោក​បញ្ជាក់​ថា ទង្វើ​នេះ គឺ​ជា​ការ​រំលោភ​លើ​ដែន​សមត្ថកិច្ច​របស់​លោក​ទាំង​ស្រុង​តែ​ម្តង៖ «អត់​មាន​ត្រឹមត្រូវ​ទេ ទី១ គឺ​ខ្ញុំ​ជា​មេ​ឃុំ​ស្វាយពោធិ៍ ដូច​ជា​វា​គោះ​ពេក​តែ​ម្តង! ដូច​ជា​ធ្វើ​មាន​សិទ្ធិ​រំលោភ​ចាប់​បញ្ជូន ហើយ​បាន​និយាយ​ជា​ក្រោយ! បាន​មក​ប្រាប់​ខ្ញុំ​ជា​ក្រោយ បាន​មក​ប្រាប់​ក្រុម​ប្រឹក្សា​ខ្ញុំ​ជា​ក្រោយ។ ដល់​អ៊ីចឹង ខ្ញុំ​មិន​ដឹង​ទេ​បាទ! បាទ! គ្មាន​សហការ​អី​ទេ​បាទៗ ចាន់ សុផល និង​លោក សួង សៀម មេ​ភូមិ​វិហារ ហ្នឹង»

មក​ដល់​ថ្ងៃ​ទី៧ តុលា លោក ឈុំ ផន ដែល​ជា​បង​ប្រុស​ជន​រងគ្រោះ បាន​ប្រមូល​ស្នាម​មេ​ដៃ​របស់​អ្នក​ភូមិ​បាន​ប្រមាណ​ជាង ៣០០ ដែល​សុទ្ធ​ជា​ស្នាម​មេ​ដៃ​បញ្ជាក់​ថា ប្អូន​ប្រុស និង​ក្មួយ​ប្រុស​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​បន្ត​ថា ចំពោះ​សំណុំ​រឿង​នៃ​ការ​ចោទ​ប្រកាន់​នេះ ខាង​លោក​ក៏​បាន​ប្រគល់​ឱ្យ​ខាង​ស្រុក​រួច​ហើយ ហើយ​លោក​នឹង​អាច​ប្រគល់​សំណុំ​រឿង​នេះ​ទៅ​ឱ្យ​ខេត្ត​នៅ​ថ្ងៃ​ទី៨ តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។