ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុង ខណ្ឌ ស្រុក នឹងចូលមកដល់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ ទន្ទឹមគ្នានេះ ក៏មានភាពមិនប្រក្រតីមួយចំនួនកើតមានឡើងទាក់ទិនទៅនឹងការលុបឈ្មោះ និងដាក់ឈ្មោះបេក្ខជនគណបក្សនយោបាយ។ បញ្ហានេះបានកើតមានចំពោះសមាជិកគណបក្ស សម រង្ស៊ី នៅក្នុងខេត្តប៉ៃលិន។
មន្ត្រីគណបក្ស សម រង្ស៊ី ពីរនាក់ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសលុបឈ្មោះចេញពីសមាសភាពសមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន នៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។ សមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន របស់គណបក្ស សម រង្ស៊ី ទាំងពីរនាក់នោះ ម្នាក់ឈ្មោះ នួន ប៊ុនឈឿន និងម្នាក់ទៀតឈ្មោះ ឃឹម ប៉ុន។
លោក ឃឹម ប៉ុន ថ្លែងកាលពីថ្ងៃទី៣១ ខែមីនា ថា ការសម្រេចរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើងដោយមានការរើសអើងខាងផ្នែកនយោបាយ។ លោកថា មានសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្ស សម រង្ស៊ី ពីរនាក់ ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នោះ ហើយត្រូវបានគណបក្ស សម រង្ស៊ី លុបឈ្មោះចេញពីបញ្ជីគណបក្សតាំងពីឆ្នាំ២០១៣ នោះ មិនត្រូវក្រសួងមហាផ្ទៃ លុបឈ្មោះនោះឡើយ៖ «ឈ្មោះ កែវ ឆន និងឈ្មោះ អេង ឡុង ត្រូវបានបាត់ឈ្មោះគាត់ទៅចូលគណបក្សប្រជាជន។ អ៊ីចឹង គណបក្សប្រជាជន ជាសមាជិកចុងក្រោយ ប៉ុន្តែគាត់នៅតែរក្សាឈ្មោះនៅក្នុងបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់របស់គាត់ហ្នឹង ហើយគាត់នៅតែបន្តបើកប្រាក់ឧបត្ថម្ភតាំងពីខែកក្កដា ឆ្នាំ២០១៣ មករហូតដល់ខែមីនា ឆ្នាំ២០១៤ ក៏គាត់នៅតែបន្តបើក»។
អតីតមន្ត្រីគណបក្ស សម រង្ស៊ី ទាំងពីរនាក់ដែលបានចុះចូលជាមួយប្រជាជនកម្ពុជា នោះមានឈ្មោះ កែវ ឆន និងឈ្មោះ អេង ឡុង បច្ចុប្បន្នមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ទោះបីជាបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយក៏ដោយ ប៉ុន្តែមន្ត្រីទាំងពីរនាក់នៅតែបន្តប្រើប្រាស់តួនាទីក្នុងនាមជាសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្ស សម រង្ស៊ី ហើយបានបន្តបើកប្រាក់ខែរហូតមកទល់នឹងពេលបច្ចុប្បន្ន។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះពី លោក កែវ ឆន និងលោក អេង ឡុង បានទេ ប៉ុន្តែ លោកស្រី ប៊ុន សុភី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ទទួលស្គាល់ថា ក្រសួងមហាផ្ទៃ ពិតជាពុំទាន់បានលុបឈ្មោះសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាន់ ទាំងពីរនាក់ដែលអតីតមន្ត្រីគណបក្ស សម រង្ស៊ី នោះឡើយ៖ «រយៈពេលតវ៉ាគ្នាមិនទាន់មានអស់សុពលភាពណាអស់សុពលភាព បានយើងកែប្រែលែងបាន ឥឡូវពេលបានប្រកាសមហាផ្ទៃឡើង យើងនឹងរៀបចំផ្លាស់ប្ដូរអស់ហើយ»។
គណបក្ស សម រង្ស៊ី បានសម្រេចលុបឈ្មោះ លោក កែន ឆន និង លោក អេង ឡុង ចេញពីបញ្ជីឈ្មោះគណបក្ស សម រង្ស៊ី តាំងពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣។ ទន្ទឹមគ្នានេះ គណបក្ស សម រង្ស៊ី បានធ្វើរបាយការណ៍លើករណីនេះជូនទៅឃុំស្រុកខេត្តប៉ៃលិន ដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងមហាផ្ទៃ ជាបន្តបន្ទាប់។ មន្ត្រីគណបក្ស សម រង្ស៊ី បញ្ជាក់ថា តាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងរាជធានីចែងថា សមាជិកក្រុមប្រឹក្សាគ្រប់រូបត្រូវតែជាសមាជិករបស់គណបក្សនយោបាយ ហើយពួកគេអាចបាត់បង់បេក្ខភាពនៅពេលណាដែលគណបក្សនយោបាយសាមី ប្រកាសរំលាយបេក្ខភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
