យូណេស្កូ៖ ឥណ្ឌា​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត​ជា​កិត្តិយស​ខ្មែរ

0:00 / 0:00

តំណាង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា និង​អ្នក​បុរាណវិទ្យា យល់​ថា គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត​នោះ ជា​កិត្តិយស​របស់​ប្រសាទ​អង្គរវត្ត​ខ្មែរ។ ការ​បង្ហាញ​ទស្សនៈ​នេះ ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា ប្រកាន់​ជំហរ​ឲ្យ​ឥណ្ឌា បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​តាម​រយៈ​កំណត់​ទូត​របស់​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​បុរាណវិទ្យា​បង្ហាញ​គំនិត​ផ្សេង​គ្នា​ពី​រដ្ឋាភិបាល​នៃ​គម្រោង​សាងសង់​ប្រាសាទ​មួយ​របស់​ប្រទេស​ឥណ្ឌា ដែល​យក​លំនាំ​តាម​ប្រាសាទ​អង្គរវត្ត។ ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​អង្គ​សិក្ខាសាលា​រវាង​អង្គការ​យូណេស្កូ និង​ក្រសួង​អប់រំ ស្ដីពី​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥។

​តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា អ្នកស្រី អាន ឡឺម៉េស្ត្រ (Anne Lemaistre) បញ្ចេញ​ទស្សនៈ​ថា ដោយសារ​តែ​ប្រទេស​ឥណ្ឌា គោរព​ឲ្យ​តម្លៃ និង​កោត​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ចំពោះ​ប្រាសាទ​អង្គរវត្ត​ដែល​ពួកគេ​ចង់​បានជា​គំរូ។

អ្នកស្រី​លើក​ឡើង​ថា កន្លង​មក​អច្ឆរិយវត្ថុ​ជាច្រើន​បាន​ត្រូវ​គេ​ចម្លង ឬ​យក​គំរូ​តាម ឧទាហរណ៍​ដូចជា​ទួអេហ្វែល នា​ទីក្រុង​ប៉ារីស បាន​ត្រូវ​គេ​ចម្លង​តាម​សាងសង់​នៅ​ក្នុង​ផ្សេង៖ «ខណៈ​នេះ​យើង​ពុំ​មាន​គោលជំហរ​អ្វី​ជា​ផ្លូវ​ការ​ទេ។ អ្នក​រាល់គ្នា​ដឹង​ហើយ​ថា អច្ឆរិយ​វត្ថុ​ជា​ច្រើន​ត្រូវ​បាន​គេ​ចម្លង ឬ​យក​គំរូ​តាម។ ឧទាហរណ៍​ដូចជា ទួអេហ្វែល នា​ទីក្រុង​ប៉ារីស ប្រហែល​ជា​លោក​អ្នក​បាន​ជ្រាប​ហើយ​ថា ទួអេហ្វែល បាន​ត្រូវ​គេ​ចម្លង​តាម​នៅ​ក្នុង​ប្រទេស​ជប៉ុន»

​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​ក្រសួង​ការបរទេស​ឥណ្ឌា ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​រចនាបថ​ប្រាសាទ​អង្គរវត្ត។ ក្រសួង​ការបរទេស​ដឹង​ដំណឹង​ពី​គម្រោង​សាងសង់​នេះ​តាម​រយៈ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា ថា ក្រុមហ៊ុន ម៉ាហាវា ម៉ាន់ឌៀ ត្រាស់ (MAHAVIR MANDIR TRUST) មាន​គម្រោង​សាងសង់​ប្រាសាទ​ដោយ​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត។

ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សន្ទរី មិន​ទាន់​បង្ហាញ​ប្រតិកម្ម​ចំពោះ​សម្ដី អ្នកស្រី អាន ឡឺម៉េស្ត្រ តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា ក្រសួង​ការបរទេស​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ដូច​ទៅ​នឹង​កំណត់​ទូត​របស់​ខ្លួន​ដដែល៖ «បញ្ហា​ហ្នឹង​និយាយ​ពី​ជំហរ​របស់​ក្រសួង​ការបរទេស គឺ​បាន​ធ្វើ​នៅ​ក្នុង​កំណត់​ទូត​នោះ គឺ​ជំហរ​របស់​ក្រសួង​ការបរទេស ហើយ​ខ្ញុំ​ក៏​អត់​មាន​អី​បន្ថែម​ទៀត​ដែរ»

​ប្រាសាទ​អង្គរវត្ត​បាន​ជាប់​បេតិកភណ្ឌ​ពិភពលោក​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩២។ ប្រាសាទ​បុរាណ​មួយ​នេះ រក​ចំណូល​ឲ្យ​កម្ពុជា បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ តាម​រយៈ​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា។

​ចំណែក​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​បុរាណវិទ្យា​ផ្នែក​ស្រាវជ្រាវ​ជំនឿ​ខ្មែរ លោក​បណ្ឌិត អាំង ជូលាន បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ដែរ​​ថា អង្គរវត្ត​កាន់​តែ​មាន​កិត្តិនាម​ខ្លាំង​ថែម​ទៀត ព្រោះ​តាម​ប្រវត្តិសាស្ត្រ​ប្រទេស​ឥណ្ឌា ដែល​ជា​គ្រូ​ដើម​របស់​ខ្មែរ បែរ​ជា​មក​ចម្លង​ធ្វើ​ប្រាសាទ​តាម​ប្រទេស​កម្ពុជា​វិញ។

យ៉ាងណា​ក៏​ដោយ​ចុះ ចំពោះ​រឿង​ចំណេញ ឬ​ខាត​ចំពោះ​ប្រទេស​កម្ពុជា ជា​ម្ចាស់​ដើម​ប្រសាទ​អង្គ​វត្ត​នោះ លោក​ក៏​មិន​ដឹង​យ៉ាង​ណា​នោះ​ទេ៖ «ខ្លួន​ផ្ទាល់​អត់​មានអី​ទៅ​ខឹងសម្បា​នឹង​គេ​ទេ តាម​ខ្ញុំ​គិត​យើង​គ្រាន់​បើ​ដែរ បាន​ជា​គេ​ធ្វើ​តាម​អ៊ីចឹង។ តាម​ខ្ញុំ បើ​ខ្ញុំ​ជា​ទេសចរ​​វិញ​ណា បើ​ចង់​មើល​អង្គរវត្ត​ខ្ញុំ​អត់​ទៅ​ឥណ្ឌា ខ្ញុំ​មក​ខ្មែរ​វិញ»

​កន្លង​មក​ប្រទេស​ថៃ ដែល​នៅ​ក្បែរ​ខាង​កម្ពុជា ក៏​បាន​សាងសង់​ប្រាសាទ​មួយ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​ដែរ ប៉ុន្តែ​មាន​ទំហំ​តូច​ជាង​ប្រសាទ​អង្គរវត្ត​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។