មន្ត្រីព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍មួយលើកឡើងថា លិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មិនបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះរាជកិត្តិយស និងព្រះរាជកិត្តិនាមព្រះមហាក្សត្រឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅតែអះអាងថា លោក សម រង្ស៊ី បានរំលោភតួនាទីព្រះមហាក្សត្រ។
មន្ត្រីនាំពាក្យរដ្ឋសភា និងជាសមាជិកគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន កាលពីថ្ងៃអង្គារ ទី៨ មេសា បានអះអាងថា តាមការសិក្សាផ្នែកច្បាប់របស់លោក បញ្ជាក់ថា លោក សម រង្ស៊ី ពិតជាមានកំហុសរំលោភលើតួនាទីរបស់ព្រះមហាក្សត្រ។ ការអះអាងរបស់លោក ឈាង វុន ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ មេសា បានស្នើឲ្យអ្នកច្បាប់រដ្ឋាភិបាលសិក្សាផ្នែកច្បាប់ទៅលើលិខិតលោក សម រង្ស៊ី ថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី២ មេសា ដោយបញ្ជាក់ថា សភាបច្ចុប្បន្នជាសភាឯកបក្ស មិនតំណាងឲ្យពលរដ្ឋទូទាំងប្រទេស។
លោក ហ៊ុន សែន ក៏បានព្រមានថា លោក សម រង្ស៊ី អាចប្រឈមមុខជាប់ពន្ធនាគារ ប្រសិនបើតុលាការរកឃើញថា លោកមានកំហុស។ ប៉ុន្តែរយៈពេលប៉ុន្មានម៉ោងក្រោយការព្រមានរបស់លោក ហ៊ុន សែន មន្ត្រីព្រះបរមរាជវាំងចេញសេចក្ដីថ្លែងការណ៍មួយផ្ទុយនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន។
លោក អ៊ុំ ដារ៉ាវុធ មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង បានធ្វើសេចក្ដីថ្លែងការណ៍ជាលក្ខណៈឯកជនមិនតំណាងឲ្យព្រះមហាក្សត្រថា ពាក្យពេចន៍ដែលលោក សម រង្ស៊ី សរសេរថ្វាយព្រះមហាក្សត្រ មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះរាជកិត្តិយស និងព្រះរាជកិត្តិនាមព្រះមហាក្សត្រឡើយ។
កាលពីថ្ងៃអង្គារ ទី៨ មេសា លោក អ៊ុំ ដារ៉ាវុធ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ជាថ្មីថា លិខិតរបស់លោក សម រង្ស៊ី មិនប៉ះពាល់ដល់កិត្តិយសព្រះមហាក្សត្រឡើយ៖ «បើតាមលិខិតខ្ញុំចេញទី៧ (មេសា) នេះ បានបញ្ជាក់ច្បាស់ថា មិនប៉ះពាល់ដល់ព្រះកិត្តិយសព្រះមហាក្សត្រទេ។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលគេនៅតែរករឿងលោក សម រង្ស៊ី ខ្ញុំអត់ដឹងទេ ពីខាងព្រះបរមរាជវាំង»។
លោកបដិសេធមិនឆ្លើយតបនឹងខ្លឹមសារនៃការព្រមានរបស់លោក ហ៊ុន សែន ឡើយ។ លោកបន្តថា គ្មានបុគ្គលណាម្នាក់អាចបកស្រាយលើព្រះតម្រិះរបស់ព្រះមហាក្សត្រទេ ហើយមកទល់ពេលនេះ លោកក៏មិនទាន់ទទួលបានព័ត៌មានអ្វីពីព្រះរាជតម្រិះព្រះមហាក្សត្រជុំវិញលិខិតលោក សម រង្ស៊ី នៅឡើយ។
«ខ្ញុំមិនអាចធ្វើការសន្និដ្ឋាន ឬវាយតម្លៃ ឬវិភាគទៅលើសម្ដេចនាយករដ្ឋមន្ត្រីទេ។ លោកមានប្រសាសន៍អ្វីស៊ីសងលោកទេ»។
កាលពីថ្ងៃ២ មេសា លោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រគូសបញ្ជាក់ថា រដ្ឋសភាបច្ចុប្បន្នដែលបានបង្កើតឡើងកាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣ មានតំណាងមកតែពីគណបក្សប្រជាជនកម្ពុជា មិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។ កាលពីការបើកសម័យប្រជុំរដ្ឋសភាលើកទី២ កាលពីថ្ងៃទី១ មេសា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានថ្វាយលិខិតមួយទៅរដ្ឋសភាដោយបញ្ជាក់ថា រដ្ឋសភាក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិដែលជាសមាជិករដ្ឋសភា គឺជាតំណាងរាស្ត្រដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសជាសកល ដោយសេរី និងដោយសម្ងាត់មកពីមណ្ឌលផ្សេងៗគ្នានៅទូទាំងប្រទេសដើម្បីធ្វើជាតំណាងនៅរដ្ឋសភា។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍បន្តថា ទោះបីជាលិខិតលោក សម រង្ស៊ី មិនប៉ះពាល់ដល់ព្រះរាជកិត្តិយស និងព្រះរាជកិត្តិនាមព្រះមហាក្សត្រ ប៉ុន្តែលិខិតនោះបានរំលោភតួនាទីរបស់ព្រះមហាក្សត្រ៖
«កិត្តិយសនិងកិត្តិនាមគ្មានប៉ះពាល់ទេ ប៉ុន្តែប៉ះពាល់អង្គព្រះមហាក្សត្រជារឿងមួយដោយឡែកប្រសិនបើមាន។ តើមានការរំលោភលើអង្គព្រះមហាក្សត្រឬអត់ ខ្ញុំបានមើល និងធ្វើការសិក្សាឃើញថា អ្វីដែលគាត់សរសេរមានលាក់កំនួចខ្លះ»។
កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់បានគំរាមកែប្រែរបបនៅកម្ពុជា ពីរបបរាជានិយមទៅរបបសាធារណរដ្ឋ ប្រសិនបើច្បាប់ស្ដីពីការកំណត់ព្រំដែនមិនអាចអនុម័តបាន។
នេះជាសំឡេង លោក ហ៊ុន សែន កាលពីឆ្នាំ២០០៥៖ «ខ្ញុំបាននិយាយជាមួយសម្ដេចក្រុមព្រះហើយពេលជួបតាមទូរស័ព្ទថា ព្រះអង្គបើពិបាកស៊ីញ៉េត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណៈរដ្ឋ?»។
ទោះបីជាមានសំឡេងឯកសាររបស់លោក ហ៊ុន សែន ព្រមានរំលាយស្ថាប័នព្រះមហាក្សត្រក៏ដោយ ក៏លោក ឈាង វុន មានប្រសាសន៍ថា លោកមិនធ្លាប់បានឮឡើយ៖
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីដែលឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា ចាត់ទុកថា ការចោទប្រកាន់របស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិ ជារឿងនយោបាយ។ អ្នកវិភាគសង្គម លោក កែម ឡី កាលពីថ្ងៃទី៨ មេសា មានប្រសាសន៍លិខិតរបស់លោក សម រង្ស៊ី ជាការបញ្ចេញមតិដែលក្នុងសង្គមលទ្ធិប្រជាធិបតេយ្យគួរតែទទួលយក។
លោក កែម ឡី បន្តថា ក្រោយពេលចូលឆ្នាំថ្មីនៅពាក់កណ្ដាលខែមេសានេះ នឹងមានការជួបចរចាជាថ្មីរវាងមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ ហើយប្រសិនបើអាចទម្លុះភាពទាល់ច្រកបាន នោះស្ថានភាពនយោបាយនឹងវិលទៅរកភាពធម្មតាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
