ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត (William Todd) មានប្រសាសន៍ថា សហរដ្ឋអាមេរិកមានជំនឿថា ប្រសិនបើគណៈកម្មការមួយត្រូវបានបង្កើតឡើងនោះ រដ្ឋាភិបាលថ្មីនឹងអាចកើតមានឡើង។ លោកថា ប្រសិនភាគីឈ្នះអាសនៈក្នុងរដ្ឋសភាជជែកគ្នាប្រកបដោយភាពវិជ្ជមាននោះ គណៈកម្មការមួយនឹងអាចបង្កើតបាន។
លោកបន្តទៀតថា សហរដ្ឋអាមេរិកក៏ចង់ឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយគណៈកម្មការមួយដែលអាចជឿជាក់បាន ដែលជាការចង់បានរបស់ពលរដ្ឋកម្ពុជា។ ម៉្យាងទៀតកម្ពុជា ក៏ត្រូវធ្វើកំណែទម្រង់មួយចំនួនដែលនឹងអាចជួយកម្ពុជា ទៅថ្ងៃអនាគត៖ «ខ្ញុំជឿជាក់ថា នៅពេលដែលឆន្ទៈរបស់ពលរដ្ឋត្រូវបានគេទទួលស្គាល់ សហរដ្ឋអាមេរិកនៅបន្តមានវត្តមាននៅកម្ពុជា»។
លោកបន្តថា សហរដ្ឋអាមេរិកនឹងរក្សាជំហរអព្យាក្រឹតចំពោះបញ្ហានយោបាយនៅកម្ពុជា ពិសេសចំពោះការបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះ។ ចំណែកសមាសភាពនៃគណៈកម្មការស៊ើបអង្កេតនេះ គួរមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល រួមទាំងអ្នកសង្កេតការណ៍អន្តរជាតិ និងអាចមានអង្គការសហប្រជាជាតិផងដែរ៖ «អ្វីដែលសំខាន់បំផុតនោះ គឺពលរដ្ឋកម្ពុជា អាចជឿជាក់គណៈកម្មការនេះបាន។ ប្រទេសនេះជាប្រទេសរបស់អ្នក យើងមិនអាចប្រាប់អ្នកពីរបៀបនៃការបង្កើតសមាសភាពនៃគណៈកម្មការនេះទេ។ អ្វីដែលសំខាន់ គឺការជឿជាក់បានពីសំណាក់ប្រទេសអ្នក»។
លោកបន្តថា ប្រសិនបើមានបាតុកម្មណាមួយនោះ សហរដ្ឋអាមេរិកសង្ឃឹមថា បាតុករនឹងរក្សាភាពអត់ធ្មត់ សន្តិវិធី និងគ្មានអំពើហិង្សា។ ជំហររបស់សហរដ្ឋអាមេរិកនេះ ធ្វើក្រោយពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលបណ្តោះអាសន្ន កាលពីថ្ងៃទី១២ សីហា ដែលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។
ការប្រកាសរបស់ គ.ជ.ប នេះ បណ្ដាលឲ្យគណបក្សសង្គ្រោះជាតិ បដិសេធមិនទទួលលទ្ធផល ពីព្រោះគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយ។ គណបក្សសង្គ្រោះជាតិ ធ្លាប់ព្រមានថា ប្រសិនបើភាពមិនប្រក្រតីមិនត្រូវបានដោះស្រាយនោះ ពលរដ្ឋនឹងពិតជាធ្វើមហាបាតុកម្ម។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត ក៏បានបញ្ជាក់ព័ត៌មានថា ក្រសួងការពារជាតិកម្ពុជា បានសម្រេចពន្យារកិច្ចសហការផ្នែកយោធា និងបណ្ដាប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក រហូតដល់មានការបង្កើតរដ្ឋាភិបាលថ្មី។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត ក្រសួងការពារជាតិ នៅថ្ងៃអង្គារ ប្រតិកម្មតបទៅនឹងសម្ដីរបស់មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកថា កម្ពុជាមិនបានកាត់ផ្តាច់ ឬមិនទទួលជំនួយផ្នែកយោធាពីសហរដ្ឋអាមេរិក នោះទេ ប៉ុន្តែបានពន្យារ។
ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៣ ខែសីហា អគ្គនាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កម្ពុជាបានពន្យារកិច្ចសហប្រតិបត្តិការលើកម្មវិធីយោធាមួយចំនួនជាមួយសហរដ្ឋអាមេរិក តែមិនមែនកម្ពុជា ឈប់ទទួលយកជំនួយ ឬកម្មវិធីយោធាពីអាមេរិកដូចកាសែតចុះផ្សាយទេ។
ការបដិសេធរបស់មន្ត្រីក្រសួងការពារជាតិពេលនេះ កើតឡើងនៅគ្រាទីភ្នាក់ងារសារព័ត៌មាន អេ.ភី (AP) បានដកស្រង់សម្តីអ្នកស្រី ម៉ារី ហាហ្វ (Marie Harf) មន្ត្រីនាំពាក្យរងក្រសួងការបរទេសអាមេរិក មកចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែសីហា ថា កម្ពុជាបានលុបចោលកិច្ចសហប្រតិបត្តិការយោធា ឬឈប់ទទួលជំនួយយោធាពីសហរដ្ឋអាមេរិកនោះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត មានប្រសាសន៍ថា កម្ពុជាបានពន្យារពេលកិច្ចសហការផ្នែកយោធា មិនមែនត្រឹមតែនឹងសហរដ្ឋអាមេរិកទេ ប៉ុន្តែនឹងប្រទេសមួយចំនួនផ្សេងទៀត។ លោកបន្តថា កម្ពុជារង់ចាំឲ្យមានរដ្ឋាភិបាលថ្មីសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។