វៀតណាម​បដិសេធ​មិន​លុប​ស្រះ​ចំនួន​៨​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2015.07.02
វៀតណាម​ជីក​ស្រះ រតនគិរី ៦២០ សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបថត​សហគមន៍

បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្ពុជា និង​ភាគី​វៀតណាម ដែល​មាន​ព្រំដែន​ជាប់​គ្នា​ក្នុង​ខេត្ត​រតនគិរី ពី​រឿង​ពលរដ្ឋ​វៀតណាម ជីក​ស្រះ​ក្នុង​តំបន់​ហាម​ឃាត់​មក​នោះ អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​ដោះស្រាយ​ជម្លោះ​នេះ ក៏ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​អាច​ឲ្យ​ភាគី​ទាំង​ពីរ​ទទួល​យក​បាន​នៅ​ឡើយ។

មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ថា ក្រុម​អាជ្ញាធរ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម បដិសេធ​មិន​ព្រម​លុប​ស្រះ​ចំនួន​៨ ដែល​ភាគី​កម្ពុជា រក​ឃើញ​ថា វៀតណាម ជីក​ក្នុង​តំបន់​ព្រំដែន​ហាម​ឃាត់​នៃ​ប្រទេស​ទាំង​ពីរ។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​ស្ដីពី​កិច្ច​ពិភាក្សា​បញ្ហា​ព្រំដែន​រវាង​អាជ្ញាធរ​ខេត្ត​រតនគិរី និង​អាជ្ញាធរ​ខេត្ត​យ៉ាឡាយ កាល​ពី​ចុង​សប្ដាហ៍​មុន​នៅ​សាលា​ខេត្ត​រតនគិរី។

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា ភាគី​វៀតណាម អះអាង​ថា ស្រះ​ដែល​ជីក គឺ​ឋិត​ក្នុង​ទឹក​ដី​វៀតណាម។ បន្ថែម​លើ​ការ​អះអាង​នេះ ភាគី​វៀតណាម ក៏​បាន​ចោទ​ប្រជាពលរដ្ឋ​ខេត្ត​រតនគិរី ថា​បាន​ចូល​ធ្វើ​ស្រែ​ចម្ការ​នៅ​តំបន់​ហាម​ឃាត់​ដូច​គ្នា៖ «មាន​តែ​ថ្នាក់​ជាតិ​ទៅ​ដោះស្រាយ​ទេ មិន​អាច​ដោះស្រាយ​ត្រឹម​ថ្នាក់​ខេត្ត និង​ខេត្ត​បាន​ទេ។ អ្វីៗ​យើង​ចង់​រក្សា​នៅ​ដដែល​សិន យើង​ចង់​ឲ្យ​លុប​រក្សា​ភាព​ដើម វា​នៅ​តែ​ពិបាក»

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ កាល​ពី​ខែ​ឧសភា កន្លង​ទៅ​បាន​រក​ឃើញ​ស្រះ​ចំនួន​៨ ត្រូវ​បាន​ប្រជាពលរដ្ឋ​វៀតណាម ជីក រួម​ទាំង​ជីក​រណ្ដៅ​រាប់​រយ​កន្លែង ដើម្បី​ដាំ​ដើម​កាហ្វេ​ក្នុង​តំបន់​ស មិន​ទាន់​វាស់វែង​កំណត់​ព្រំដែន​នៅ​ឡើយ។ ករណី​នេះ ក្រសួង​ការ​បរទេស​កម្ពុជា ក៏​បាន​ផ្ញើ​កំណត់​ទូត​ជូន​រដ្ឋាភិបាល​វៀតណាម ពីរ​លើក​ហើយ ដើម្បី​ឲ្យ​វៀតណាម បញ្ឈប់​សកម្មភាព​នេះ។ នៅ​ក្នុង​កំណត់​ទូត​ទាំង​ពីរ​នោះ កម្ពុជា អះអាង​ថា បាន​រក​ឃើញ​ស្រះ​ទឹក​៣ ស្ថិត​ក្នុង​ទី​កំបាំង​ព្រៃ រួម​ទាំង​ស្រះ​ទឹក​ចំនួន​៥ ទៀត ត្រូវ​បាន​ភាគី​វៀតណាម ជីក​ក្នុង​តំបន់​ស។ ផ្អែក​លើ​ផែនទី​ដែល​មាន​ខ្នាត ១/១០០.០០០ (១ លើ ១០០​ពាន់) ស្រះ​ទឹក​ទាំង​បី​នោះ គឺ​ជីក​ចូល​ដី​កម្ពុជា យ៉ាង​ជ្រៅ ដោយ​ស្រះ​ទឹក​ទី​១ មាន​ចម្ងាយ​ប្រមាណ ៣១៥​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន។ ស្រះ​ទឹក​ទី​២ ជីក​ចូល​ចម្ងាយ ៤២៥​ម៉ែត្រ និង​ស្រះ​ទឹក​ទី​៣ ចម្ងាយ ៣៩០​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០ និង​បង្គោល​ព្រំដែន​លេខ​៤០ ជា​តំបន់​មិន​ទាន់​ឯកភាព​គ្នា​វាស់វែង​នៅ​ឡើយ។

សកម្មភាព​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ ប្រឈម​មុខ​នឹង​កង​កម្លាំង​ការពារ​ព្រំដែន និង​ប្រជាពលរដ្ឋ​វៀតណាម ករណី​វៀតណាម ជីក​ស្រះ​ចូល​ក្នុង​តំបន់​ហាម​ឃាត់​នៅ​ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។
សកម្មភាព​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ ប្រឈម​មុខ​នឹង​កង​កម្លាំង​ការពារ​ព្រំដែន និង​ប្រជាពលរដ្ឋ​វៀតណាម ករណី​វៀតណាម ជីក​ស្រះ​ចូល​ក្នុង​តំបន់​ហាម​ឃាត់​នៅ​ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Ratha Visal

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡំ លោក រម៉ាស់ ស្វាត់ កត់​សម្គាល់​ថា រហូត​បច្ចុប្បន្ន ស្ថានភាព​នៅ​តំបន់​ជីក​ស្រះ​មាន​សភាព​ស្ងប់ស្ងាត់ ក៏ប៉ុន្តែ​ភាគី​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាន់​ទីនោះ​បាន​ឡើយ។ លោក​ថា បំណង​ប្រាថ្នា​របស់​អ្នក​ភូមិ គឺ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ប្រញាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ចំណុច​មាន​ទំនាស់​ឲ្យ​បាន​ឆាប់ ដើម្បី​ពលរដ្ឋ​មាន​លទ្ធភាព​ទៅ​ធ្វើ​ស្រែ​ចម្ការ​នៅ​តំបន់​ក្បែរ​នោះ​បាន​ស្រួល៖ «យួន កាន់​កាប់​យូរ​ពេក​ហើយ កុំ​ឲ្យ​វា​ទៅ​ដដែល យូរ​ទៅ​ចម្ការ​វា​ពេញ​ហ្នឹង គេ​ថា​របស់​គេៗ​ថា​ដី​គេ​ហ្នឹង​ហើយ»

គិត​ត្រឹម​ខែ​មេសា រហូត​មក​ដល់​ពេល​នេះ កម្ពុជា បាន​ដាក់​កំណត់​ទូត ៤​លើក​រួច​មក​ហើយ​ទាក់ទិន​នឹង​វៀតណាម រំលោភ​ចូល​មក​ជីក​ស្រះ​ក្នុង​ទឹក​ដី​ខ្មែរ​ក្នុង​ខេត្ត​រតនគិរី និង​ធ្វើ​ប៉ុស្តិ៍​យាម​ព្រំដែន​ជា​សំណង់​រឹងមាំ រួម​ទាំង​ជីក​លេណដ្ឋាន​នៅ​តំបន់​ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​កំណត់​ព្រំសីមា ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល។ ចំណែក​ភាគី​វៀតណាម មិន​ទាន់​ឆ្លើយ​តប​កំណត់​ទូត​យ៉ាង​ណា​ទេ ដោយ​សំអាង​ថា រង់ចាំ​អាជ្ញាធរ​នៅ​មូលដ្ឋាន​ផ្តល់​របាយការណ៍​ពី​ជម្លោះ​ព្រំដែន​សិន។

ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បាន​កត់​សម្គាល់​ថា កន្លង​ទៅ​រាជ​រដ្ឋាភិបាល​ខ្វះ​យន្តការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ ហើយ​ជា​លទ្ធផល ដី​ខ្មែរ​ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់។ លោក​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់​កុំ​ឲ្យ​ភាគី​វៀតណាម រំលោភ​បាន​ត​ទៅ​ទៀត៖ «បើ​វៀតណាម រំលោភ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​តែ​មាន​ឆន្ទៈ​ហាម​ឃាត់​កុំ​ឲ្យ​បញ្ហា​ហ្នឹង​កើត​មាន​ត​ទៅ​ទៀត។ ជា​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​មួយ ត្រូវ​តែ​មាន​ការ​ទប់ស្កាត់។ យើង​មាន​ថ្នាក់​ជាតិ និង​អន្តរជាតិ យើង​អាច​ធ្វើ​កិច្ចការ​ហ្នឹង​បាន»

តាម​ការ​គ្រោង​ទុក គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា និង​វៀតណាម នឹង​ជួប​ប្រជុំ​ពិសេស​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​សេសសល់ និង​បាតុភាព​កំពុង​កើត​នៅ​តាម​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។