សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ខេត្ត​បាត់ដំបង​សោកស្ដាយ​ចំពោះ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង

0:00 / 0:00

ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង លើក​ឡើង​ស្រដៀង​គ្នា​ថា ពួក​គាត់​សោកស្ដាយ​យ៉ាង​ខ្លាំង​ក្រោយ​ពី​ទទួល​ដំណឹង​ថា សមត្ថកិច្ច​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បញ្ជូន​ទៅ​ពន្ធនាគារ​កាល​ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា។ ពួក​គាត់​មាន​មតិ​ថា ការ​ចាប់​ខ្លួន​នេះ គឺ​នាំ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ថយ​ក្រោយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅ​មិន​យុត្តិធម៌។

ទាំង​ពលរដ្ឋ​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ​នៅ​ខេត្ត​បាត់ដំបង កំពុង​បារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ថា​ជា​សញ្ញា​មួយ​គ្រោះថ្នាក់ ព្រោះ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ដោយ​មិន​មាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​លោក កឹម សុខា សមាជិក​សភា​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ៖ « ព្រោះ​បញ្ហា​នេះ​វា​លែង​ទៅ​ជា​បទល្មើស​ជាក់ស្ដែង​ហើយ ទោះ​បី​មាន​បង្ហោះ​ថ្មីៗ​នេះ​ក៏ដោយ ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវការ​លើ​បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ ព្រោះ​បើ​សិន​ជា​មាន​ការ​ចន្លោះ​ប្រហោង​ធ្វើ​ឲ្យ​ពាក់ព័ន្ធ​នយោបាយ។ ករណី​បើ​មិន​មែន​ជា​បទល្មើស​ជាក់ស្ដែង មិន​ត្រូវ​ចាប់​ខ្លួន​ដោយ​មាន​អភ័យ​ឯកសិទ្ធិ​នោះ​ទេ »

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ទាំង​យប់​នោះ។ លោក​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​នេះ គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ធ្វើ​ឲ្យ​កាន់​តែ​រួញ​ខ្លី និង​មិន​ហ៊ាន​បញ្ចេញ​មតិ៖ « ក្នុង​ចិត្ត​ខ្ញុំ​គិត​ថា បើ​ពិនិត្យ​ទៅ​លើ​ផ្លូវ​ច្បាប់​ទៅ​យើង​ឃើញ​ថា ហាក់​ដូចជា​មាន​ការ​ព្រួយ​បារម្ភ និង​រន្ធត់​ចិត្ត​ដែរ ព្រោះ​ហេតុផល​នៃ​ការ​ចាប់​ខ្លួន​នេះ មើល​ឃើញ​ថា​មាន​មន្ទិល​ច្រើន។ ម្យ៉ាង​ទៀត ខ្ញុំ​សោកស្ដាយ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ក្នុង​រឿង​នេះ »

រីឯ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ខ្លះ​ភ័យ​ខ្លាច និង​មិន​ហ៊ាន​បញ្ចេញ​មតិ​ជុំវិញ​ការ​ចាប់​ខ្លួន​នេះ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ពួក​គាត់​មាន​មតិ​សោកស្ដាយ​ពី​ការ​ចាប់​ខ្លួន​នេះ និង​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ពេល​ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព៖« ខ្ញុំ​ចង់​បាន​សិទ្ធិ​សេរីភាព​ស្មើ​គ្នា មិន​ឲ្យ​មាន​ការ​គំរាម​កំហែង​មក​លើ​គ្នា មាន​យុត្តិធម៌​ដូច​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣ ដែល​គ្មាន​បក្ស​ណា​គំរាម​កំហែង​មក​លើ​បក្ស​ណា​មួយ​នេះ​ទេ។ ករណី​នេះ គណបក្ស​ទាំង​ពីរ​រួម​គ្នា​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ហើយ​បើ​រក​ឃើញ​ថា​គ្មាន​កំហុស​ទេ សមត្ថកិច្ច​ត្រូវ​ដោះលែង​គាត់​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ។ ខ្ញុំ​ជា​ប្រជាជន ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​យ៉ាង​ម៉េច​ទេ គ្រាន់​តែ​ថា​រឿង​នេះ​ទុក​ឲ្យ​ថ្នាក់​ដឹកនាំ​ជា​អ្នក​ដោះស្រាយ​ទៅ »

ចំណែក​ឯ​គ្រូបង្រៀន​នៅ​ខេត្ត​បាត់ដំបង មួយ​ចំនួន មិន​ពេញ​ចិត្ត​នឹង​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​នេះ​ទេ ដោយ​ពួក​គាត់​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ខុស​ច្បាប់ ព្រោះ​លោក កឹម សុខា មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​នាម​ជា​តំណាងរាស្ត្រ ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ៖« ខ្ញុំ​មិន​អស់​ចិត្ត​ត្រង់​ថា បើ​សិន​ចាប់​ខ្លួន វា​ត្រូវ​មាន​ដីកា​ពី​តុលាការ ហើយ​ដល់​ពេល​មក​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​ដូច្នេះ ខ្ញុំ​មើល​ទៅ​ដូច​មិន​ត្រូវ​ទេ។ លទ្ធិប្រជាធិបតេយ្យ​ត្រូវ​មាន​គណបក្ស​ច្រើន​ដើម្បី​ប្រកួត​ប្រជែង​គ្នា​អំឡុង​ពេល​បោះឆ្នោត ហើយ​បើ​គ្មាន​បក្ស​ប្រឆាំង ក៏​គ្មាន​ការ​រីក​ចម្រើន​ដែរ។ ខ្ញុំ​មាន​ការ​បារម្ភ​ព្រោះ​ថា​បើ​អត់​បក្ស​ប្រឆាំង គឺ​ប្រទេស​ជាតិ​ចាត់​ទុក​ចូល​ក្នុង​ជា​របប​កុម្មុយនិស្ត​ហើយ »

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​ពី​តុលាការ​កាល​ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា នៅ​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ ដោយ​ចោទ​ប្រកាន់​មាន​ទោស​ក្បត់​ជាតិ។ ការ​ចាប់​ខ្លួន​ក្រោយ​ពេល​សារព័ត៌មាន​ហ្វ្រែសញូវ (Fresh News) ដែល​គេ​ដឹង​ថា​ជា​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល បាន​ផ្សព្វផ្សាយ​វីដេអូ​ឃ្លីប​រយៈពេល​ជាង ១៣​នាទី ដែល​វីដេអូ​នេះ​ទទួល​បាន​ពី​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ​កូន​ខ្មែរ ដែល​សារព័ត៌មាន​មួយ​នេះ​អះអាង​ថា​ជា​របស់​លោក កឹម សុខា។

ទាំង​មតិ​របស់​មន្ត្រី​រាជការ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ចាប់​មេ​បក្ស​ប្រឆាំង​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច និង​មិន​អាច​ជ្រើសរើស​មេ​ដឹកនាំ​តាម​ឆន្ទៈ​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ នៅ​ពេល​មេ​ដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ចុះ​សម្រុង​នឹង​គ្នា​បែប​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​យឺត ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ ហើយ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន ព្រោះ​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពួក​គាត់ ចំណែក​អ្នក​វិនិយោគទុន​ធំៗ​មិន​ហ៊ាន​ចូល​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។