ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​​នៅ​ខេត្ត​រតនគិរី​បារម្ភ​ពី​ពលរដ្ឋ​គ្រប់​អាយុ​​មិន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

0:00 / 0:00

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាង ៤០​ភាគរយ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ហើយ​នៅ​មិន​ទាន់​មក​ចុះ​ឈ្មោះ​បោះឆ្នោត គ្រា​ដែល​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៧។

​ជិត​មួយ​សប្ដាហ៍​បន្ទាប់​ពី​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​​អាយុ​ឲ្យ​មក​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ពលរដ្ឋ ៤​នាក់​ប៉ុណ្ណោះ ដែល​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ប៉ាតេ។

ឃុំ​ប៉ាតេ ឋិត​នៅ​ចម្ងាយ​ជាង ៦០​គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។ ឃុំ​នេះ​មាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ជាង ៩០​ភាគរយ រស់​នៅ​ភូមិ​ចំនួន ៤ គឺ​ភូមិ​គងយុ គងធំ ផ្អរ និង​ភូមិ​ប្លង់។ ស្ថិតិ​របស់​អាជ្ញាធរ​ឃុំ​ឲ្យ​ដឹង​ថា ពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន ១.៣៣៤​នាក់ ក្នុង​នោះ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៩៧៣​នាក់ គឺ​មាន​អ្នក​គ្រប់​អាយុ​ចុះ​ឈ្មោះ​ជាង ៤០​ភាគរយ​ទៀត​មិន​ទាន់​មក​ចុះ​ឈ្មោះ​បោះឆ្នោត។

ប្រធាន​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​ប៉ាតេ អ្នកស្រី កែវ ចិន្តា បញ្ជាក់​ថា ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​រយៈ​ចង​បដា​នៅ​មុខ​សាលាឃុំ និង​តាម​ភូមិ​នីមួយៗ ហើយ​អាជ្ញាធរ​ភូមិ​បាន​ចុះ​ណែនាំ​ពលរដ្ឋ​នៅ​តាម​លំនៅឋាន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ក៏ប៉ុន្តែ​ពលរដ្ឋ​ហាក់​មិន​ចាប់​អារម្មណ៍​រឿង​នេះ​ទេ ដោយ​ពួកគាត់​ខ្លះ​នាំ​ក្រុម​គ្រួសារ​ទៅ​ធ្វើ​ស្រែ​ចម្ការ​ដោយ​មិន​ខ្វល់ខ្វាយ​ចំពោះ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ទេ។

អ្នកស្រី​កត់សំគាល់​ថា ការ​យល់​ដឹង​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​មាន​កម្រិត​ទាប ហេតុ​នេះ​ក្រុម​ការងារ​បោះឆ្នោត​រំពឹង​ថា ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ជំរុញ​ឲ្យ​អាជ្ញាធរ​ភូមិ​ផ្សព្វផ្សាយ​បញ្ហា​នេះ​ដល់​ពលរដ្ឋ​បន្ថែម​ទៀត ជាពិសេស​ក្រុម​ការងារ​នឹង​ចុះ​ទៅ​ដល់​ភូមិ​ដើម្បី​ចុះ​ឈ្មោះ​ពលរដ្ឋ​ដល់​លំនៅឋាន​ក្រោយ ២០​ថ្ងៃ​នៃ​យុទ្ធនាការ​ចុះ​ឈ្មោះ​នៅ​សាលាឃុំ៖ «ខាង​ខ្ញុំ​ផ្សព្វផ្សាយ​មេ​ភូមិ មេ​ឃុំ បដា​ខ្ញុំ​បិត​តាម​ភូមិ តាម​ឃុំ តាម​ការិយាល័យ សាលារៀន តាម​ទីប្រជុំជន។ ប្រជុំ​មេ​ភូមិ ខ្ញុំ​ស្នើ​ឲ្យ​គាត់​ប្រាប់​ប្រជាជន​ក្នុង​ភូមិ ប្រជាពលរដ្ឋ​អត់​ចង់​មក​ចុះ​ឈ្មោះ​ផង ក្រែង​ចុះ​នៅ​សាលា​គាត់​ខ្ជិល​មក ពេល​ពួក​ខ្ញុំ​ទៅ​ចុះ​តាម​ភូមិ​គាត់​នឹង​មក​ចុះ​គ្រប់គ្នា​អ៊ីចឹង​ណា!»

គ.ជ.ប បាន​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៧ មាន​រយៈពេល ៧០​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧។

​ប្រធាន​ភូមិ​ប្លង់ លោក រម៉ាម ម៉ច ទទួល​ស្គាល់​ថា អ្នក​ភូមិ​រវល់​ធ្វើ​ស្រែ​ចម្ការ ជាពិសេស​គ្រួសារ​ខ្លះ​​រស់​នៅ​ខ្ទម​ចម្ការ​យូរ​ថ្ងៃ​ទើប​វិល​ត្រឡប់​ចូល​ភូមិ ហេតុ​នេះ​ដំណើរការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជួប​បញ្ហា​លំបាក។ លោក​ថា អាជ្ញាធរ​ភូមិ​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​តាម​ផ្ទះ​ឲ្យ​ពលរដ្ឋ​ដែល​​គ្រប់​អាយុ ហើយ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​កាល​វិភាគ​កំណត់៖ «ខ្លះ​ដេក​នៅ​ចម្ការ​អ្នក​ណា​ទៅ​តាម​នៅ​ភ្នំ​នោះ​ចាំ​គេ​មក​ខ្ញុំ​ទៅ​ប្រាប់​ទៀត ត្រកូល​ចារ៉ាយ ពិបាក​ណាស់​មិន​ដូច​ខ្មែរ​ទេ ជួនកាល​គេ​ដេក​មួយ​យប់​ពីរ​យប់​នៅ​ចម្ការ​គេ​ធ្លាប់​ប្រពៃណី​គេ​ហើយ»

​ក្នុង​ចំណោម​ភូមិ​ទាំង​៤ ក្នុង​ឃុំ​ប៉ាតេ ភូមិ​គងធំ មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ជាង ២០០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ ៦០០​នាក់ ដែល​គ្រប់​អាយុ ហើយ​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត តាំង​ពី​យុទ្ធនាការ​​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤។

តំណាង​យុវជន​ឃុំ​ប៉ាតេ លោក សេវ យ៊ូហាន អះអាង​ថា ក្រុម​យុវជន​គ្រប់​អាយុ​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ ដោយ​គាត់​គិត​ថា ជា​រឿង​មិន​បាន​ការ។ លោក​ថា នេះ​ជា​ការ​យល់​ដឹង​មិន​ត្រឹមត្រូវ​របស់​យុវជន​ខ្លះ​ចំពោះ​កាតព្វកិច្ច​បោះឆ្នោត​របស់​ពលរដ្ឋ​ដែល​ត្រូវ​ចូលរួម​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ៖ «ពេល​ទៅ​បោះឆ្នោត​គេ​អត់​គិត​ពី​ប្រទេសជាតិ​ទេ គេ​មិន​ខ្វល់​ពី​ការ​បោះឆ្នោត ខ្ញុំ​ប្រាប់​គេ គេ​មិន​ស្ដាប់ ពេល​ប្រជុំ​តាម​ភូមិ​ក៏​ខ្ញុំ​ប្រាប់​ដែរ»

លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី ប៉ាន់​ប្រមាណ​ថា មាន​ពលរដ្ឋ​រដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ៤.៥០០​នាក់​ទៀត មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ ខណៈ​ដែល​ការ​រៀបចំ​បោះ​ឆ្នោត​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨។

ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី កត់សំគាល់​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ជា​ធម្មតា គ្មាន​បាតុភាព​អ្វី​រំខាន​នោះ​ទេ។ លោក​បន្ត​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សល់​ជាង​ពីរ​ខែ​ទៀត។ ហេតុ​នេះ​លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​ឲ្យ​ប្រញាប់​មក​ចុះ​ឈ្មោះ​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ-​សង្កាត់ ឬ​នៅ​តាម​ភូមិ​ដែល​ពលរដ្ឋ​រស់​នៅ​ក្រោយ​ពេល ២០​ថ្ងៃ នៃ​យុទ្ធនាការ​ចុះឈ្មោះ​នៅ​តាម​ឃុំ-សង្កាត់៖ «ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ណា! ត្រូវ​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​នៅ​ខេត្ត​រតនគិរី ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ»

រយៈពេល ៦​ថ្ងៃ​នៃ​យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត ចាប់​ពី​ថ្ងៃ​ទី​១ កញ្ញា មក មាន​ពលរដ្ឋ​ជាង ៥០០​នាក់ បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​ឆ្នោត​តាម​ឃុំ-​សង្កាត់​ក្នុង​ខេត្ត​រតនគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។