ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ រាប់រយនាក់ កាលពីរសៀលថ្ងៃទី៩ តុលា នាំគ្នាវិលត្រឡប់ទៅធ្វើការងារវិញភ្លាមៗ ក្រោយពីពួកគេទៅចុះឈ្មោះបោះឆ្នោត ហើយត្រូវបានមន្ត្រីនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតតាមព្រំដែនខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មិនចុះឈ្មោះជូនពួកគាត់។ មន្ត្រីផ្នែកស៊ើបអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) បញ្ជាក់ថា ការមិនចុះឈ្មោះជូនពលករ គឺជាការបំបាត់សិទ្ធិធ្ងន់ធ្ងរដល់ពលរដ្ឋចំណាកស្រុក។
ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ សោកស្ដាយ និងខឹងសម្បាជាខ្លាំងនឹងមន្ត្រីប្រចាំការិយាល័យចុះឈ្មោះបោះឆ្នោត ជាពិសេសនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមិនព្រមចុះឈ្មោះឲ្យពួកគាត់។
ពលករធ្វើការរោងចក្រសាច់មាន់នៅខេត្តឈុនបុរី ប្រទេសថៃ លោកស្រី ម៉ី ដាវ ប្រាប់អាស៊ីសេរី តាមទូរស័ព្ទពីប្រទេសថៃ កាលពីព្រឹកថ្ងៃទី១០ តុលា ថា ពួកគាត់មានគ្នាប្រមាណជាង ៣០នាក់ ឆ្លៀតពេលសម្រាកថ្ងៃអាទិត្យ ហើយចំណាយថវិកាផ្ទាល់ខ្លួននាំគ្នាទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់ប៉ោយប៉ែត កាលពីថ្ងៃទី៩ តុលា។ លោកស្រីអះអាងថា មន្ត្រីប្រចាំការនៅការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់នេះ មិនចុះឈ្មោះឲ្យពួកគាត់ឡើយ ដោយលើកហេតុផលថា ពួកគាត់ជាមនុស្សមកពីតំបន់ផ្សេង៖ « មិនដឹងនិយាយយ៉ាងម៉េចទេ បើខ្ញុំមានអត្តសញ្ញាណប័ណ្ណខ្មែរ គេអត់ឲ្យខ្ញុំចុះឈ្មោះបោះឆ្នោត ហើយដល់ពេលខ្ញុំបង្ហាញអត្តសញ្ញាណប័ណ្ណទៅ គេនិយាយគំរោះគំរើយដាក់ពួកខ្ញុំថា គេមិនបានថាពួកខ្ញុំហ្នឹងយួនទេ »។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានលេខាធិការគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក ហ៊ី គឹមសេង មានប្រសាសន៍ថា មូលហេតុដែលមន្ត្រីតាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមព្រំដែនខេត្តបន្ទាយមានជ័យ មិនចុះឈ្មោះជូនពលករខ្មែរ ដោយសារពួកគាត់ពុំមានឯកសារបញ្ជាក់គ្រប់គ្រាន់សម្រាប់ចុះឈ្មោះ៖ « បាទ ! គាត់អត់មានលិខិតបញ្ជាក់ទីលំនៅ ហើយខ្ញុំបានសំណូមពរទៅថ្នាក់លើដែរ ហើយគាត់ប្រាប់ថា រឿងនេះនៅលើក្រុមប្រឹក្សាឃុំ - សង្កាត់ ព្រោះនីតិវិធីបានចែងមកអ៊ីចឹង បើយើងធ្វើខុសទៅ ក្រែងលោវាកាន់តែខុសទៅទៀត »។
ទោះបីជាយ៉ាងនេះក្ដី ប្រធានផ្នែកស៊ើបអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាន្ស មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានមិនធ្វើលិខិតជូនពលករចំណាកស្រុក គឺជាការអនុវត្តច្បាប់ស្តង់ដារពីរ ដែលខុសពីមន្ត្រីប៉ូលិស និងទាហាននៅតាមព្រំដែនមួយចំនួន អាចចុះឈ្មោះបោះឆ្នោតបាននៅមណ្ឌលផ្សេង ដែលមិនមែនជាទីតាំងខ្លួនរស់នៅ៖ « គាត់ខំប្រឹងមកដល់ព្រំដែនហើយ មិនចុះឈ្មោះជូនពួកគាត់អ៊ីចឹង វាខុសនឹងការសម្រួលរបស់ គ . ជ . ប ព្រោះ គ . ជ . ប លោកបានមានប្រសាសន៍ហើយថា លោកបានរៀបចំការិយាល័យបន្ថែមនៅតាមព្រំដែន ដើម្បីសម្រួលឲ្យបងប្អូនឆ្លៀតពេលមកចុះឈ្មោះ។ ហើយបើពួកគាត់ឆ្លៀតមកហើយមិនចុះឈ្មោះឲ្យពួកគាត់ នេះជារឿងមួយដែលវាខុសឆ្គង ដែលអាជ្ញាធរគួរគិតឡើងវិញ ធ្វើយ៉ាងណាសម្រួលដល់ពួកគាត់ផង »។
កាលពីដើមខែកញ្ញា កន្លងទៅ មន្ត្រីប៉ូលិសអន្តោប្រវេសន៍ជាច្រើននាក់ បានទៅចុះឈ្មោះបោះឆ្នោតនៅការិយាល័យឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ចំណែកនៅខេត្តសៀមរាប មានទាហានជាច្រើននាក់បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំល្វាក្រាំង ឃុំស្រែណូយ ស្រុកវ៉ារិន និងនៅឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ជាដើម ដែលមន្ត្រីទាំងនោះរស់នៅតំបន់ផ្សេង តែអាចចុះឈ្មោះបោះឆ្នោតបាន។
ច្បាប់បោះឆ្នោតមាត្រា៤៦ សម្រាប់ការរៀបចំបញ្ជីបោះឆ្នោតថ្មីចែងថា ដើម្បីបោះឆ្នោតបាន ពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរ មានអាយុ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត មានទីលំនៅ ឬទីសំណាក់ក្នុងឃុំ-សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត មិនស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវដកសិទ្ធិបោះឆ្នោតពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច។
ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ មកពីគណបក្សសង្គ្រោះជាតិ លោក កែរ សម្ផស្ស ឲ្យដឹងថា ពលករខ្មែរធ្វើការនៅប្រទេសថៃ ប្រមាណជាង ៣០០នាក់ ដែលចុះឈ្មោះបោះឆ្នោតនៅការិយាល័យតាមព្រំដែនមិនបាន មានជាអាទិ៍នៅការិយាល័យចុះឈ្មោះនៅក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងនៅស្រុកកំរៀង ក្នុងខេត្តបាត់ដំបង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។