អាជ្ញាធរ​ស្រុក​មង្គលបូរី​ឃាត់​មន្ត្រី​បក្ស​ប្រឆាំង​មិន​ឲ្យ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

0:00 / 0:00

អាជ្ញាធរ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា បាន​ដឹកនាំ​សមត្ថកិច្ច​ប្រមាណ ១០​នាក់​ទៅ​រារាំង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រឆាំង និង​ក្រុម​ការងារ ខណៈ​ធ្វើ​យុទ្ធនាការ​ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ស្រុក​នេះ​ជាច្រើន​កន្លែង ចាប់​តាំង​ពី​ព្រឹក​រហូត​ទល់​រសៀល។ អភិបាល​ស្រុក​មង្គលបូរី អះអាង​ថា មូលហេតុ​ដែល​អាជ្ញាធរ​រំខាន​ដល់​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង ដោយសារ​ពួក​គាត់​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី។

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី បាន​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​រារាំង​យុទ្ធនាការ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ ថា​ជា​ទង្វើ​មួយ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា អាជ្ញាធរ​ស្រុក​មង្គលបូរី នាំ​ប៉ូលិស​ប្រមាណ ១០​នាក់​ដក​ហូត​ឧបករណ៍​បំពង​សំឡេង​ដែល​លោក​កំពុង​តែ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត មាន​អ្នក​ភូមិ​ចូលរួម​ស្ដាប់​ប្រមាណ ៥០​នាក់ នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ភូមិ​កស្វាយ ឃុំ​រហាត់ទឹក ស្រុក​មង្គលបូរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា។ លោក​អះអាង​ថា ក្រុម​ការងារ​គណបក្ស​ប្រឆាំង​ខេត្ត​បន្ទាយមានជ័យ ធ្វើ​យុទ្ធនាការ​នេះ​ដោយសារ​ខ្វល់ខ្វាយ​ខ្លាច​ពលរដ្ឋ​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​គ្រប់​គ្នា « យើង​ប្រាប់​ថា​យើង​មាន​ច្បាប់​ជូន​ដំណឹង​អី​ត្រឹមត្រូវ តែ​គាត់​មិន​ស្ដាប់ នៅ​តែ​បញ្ឈប់​យើង​ទៀត ប៉ុន្តែ​ពី​ដំបូង យើង​អត់​ឈប់​ទេ ប៉ុន្តែ​ដោយ​ឃើញ​សមត្ថកិច្ច​ចេះ​មក​អុកឡុក​ខ្លាំង​ពេក ក្រោយ​មក​យើង​ក៏​បាន​បញ្ឈប់​ទៅ »

ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​មង្គលបូរី លោក ឡុង ពុន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ហាមឃាត់​មន្ត្រី​គណបក្ស​ប្រឆាំង មិន​ឲ្យ​បន្ត​យុទ្ធនាការ​របស់​ខ្លួន​នោះ គឺ​ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន។ លោក​អះអាង​ថា ប្រសិន​បើ​មន្ត្រី​គណបក្ស​មួយ​នេះ​ចង់​ធ្វើ​យុទ្ធនាការ​បន្ត​ទៀត គឺ​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​សិន « ហើយ​អាជ្ញាធរ​ភូមិ - ឃុំ​គាត់​ចង់​បាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ដែល​មាន​ខ្លឹមសារ​គ្រប់គ្រាន់ គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​អាជ្ញាធរ​ដែនដី និង​រាជ​រដ្ឋាភិបាល »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ធ្វើ​យុទ្ធនាការ​ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ពុំ​ខុស​ច្បាប់​ឡើយ។ លោក​បន្ថែម​ថា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់​តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន​ដឹង​ជា​មុន​ជា​ការ​ស្រេច « យើង​ឃើញ​ហាក់​ដូចជា​ដំណើរ​ការ​មួយ​ដែល​ចាត់​ទុក​ថា​អ្នក​ផ្សេង​ជា​មនុស្ស​សត្រូវ​របស់​ខ្លួន ដែល​ជា​ការ​រើស​មួយ​ទៅ​លើ​គណបក្ស​ដទៃ។ អ៊ីចឹង​អាជ្ញាធរ​គួរ​តែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើ​ភាព​គ្នា ដោយ​មិន​ប្រកាន់​គណបក្ស​នយោបាយ »

នៅ​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា ក្រុម​ការងារ​គណបក្ស​ប្រឆាំង បន្ត​យុទ្ធនាការ​នេះ​នៅ​ឃុំ​បន្ទាយនាង ស្រុក​មង្គលបូរី ប៉ុន្តែ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចេញ​មក​រារាំង​ដូច​គ្នា។ លោក សោ ចាន់ដេត សង្កត់​ធ្ងន់​ថា បើ​ទោះ​ជា​មាន​ការ​រារាំង​យ៉ាង​នេះ​ក្ដី គឺ​ក្រុម​ការងារ​របស់​លោក នឹង​បន្ត​យុទ្ធនាការ​នេះ​រហូត​ដល់​ចុង​បញ្ចប់​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា។

នៅ​ខេត្ត​បន្ទាយមានជ័យ មាន ៦៥​ឃុំ-សង្កាត់ និង​មាន​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន​ជាង ៤៧​ម៉ឺន​នាក់ (៤៧៤.៨០៣​នាក់)។ ចំណែក​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ខេត្ត​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ២៩​ម៉ឺន​នាក់ គឺ​ស្មើ​នឹង​ប្រមាណ ៦១% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។