អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ វិច្ឆិកា បានដឹកនាំសមត្ថកិច្ចប្រមាណ ១០នាក់ទៅរារាំងសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង និងក្រុមការងារ ខណៈធ្វើយុទ្ធនាការជំរុញពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតក្នុងស្រុកនេះជាច្រើនកន្លែង ចាប់តាំងពីព្រឹករហូតទល់រសៀល។ អភិបាលស្រុកមង្គលបូរី អះអាងថា មូលហេតុដែលអាជ្ញាធររំខានដល់សមាជិកព្រឹទ្ធសភាបក្សប្រឆាំង ដោយសារពួកគាត់មិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដី។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានប្រតិកម្មភ្លាមៗទៅនឹងអាជ្ញាធរមូលដ្ឋាន ដែលបានរារាំងយុទ្ធនាការជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនោះ ថាជាទង្វើមួយធ្វើឲ្យរាំងស្ទះដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត មានប្រសាសន៍នៅថ្ងៃទី១៤ វិច្ឆិកា ថា អាជ្ញាធរស្រុកមង្គលបូរី នាំប៉ូលិសប្រមាណ ១០នាក់ដកហូតឧបករណ៍បំពងសំឡេងដែលលោកកំពុងតែផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត មានអ្នកភូមិចូលរួមស្ដាប់ប្រមាណ ៥០នាក់ នៅស្នាក់ការគណបក្សសង្គ្រោះជាតិ ភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា។ លោកអះអាងថា ក្រុមការងារគណបក្សប្រឆាំងខេត្តបន្ទាយមានជ័យ ធ្វើយុទ្ធនាការនេះដោយសារខ្វល់ខ្វាយខ្លាចពលរដ្ឋមិនបានទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នា៖ « យើងប្រាប់ថាយើងមានច្បាប់ជូនដំណឹងអីត្រឹមត្រូវ តែគាត់មិនស្ដាប់ នៅតែបញ្ឈប់យើងទៀត ប៉ុន្តែពីដំបូង យើងអត់ឈប់ទេ ប៉ុន្តែដោយឃើញសមត្ថកិច្ចចេះមកអុកឡុកខ្លាំងពេក ក្រោយមកយើងក៏បានបញ្ឈប់ទៅ » ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកមង្គលបូរី លោក ឡុង ពុន មានប្រសាសន៍ថា អាជ្ញាធរហាមឃាត់មន្ត្រីគណបក្សប្រឆាំង មិនឲ្យបន្តយុទ្ធនាការរបស់ខ្លួននោះ គឺដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោកអះអាងថា ប្រសិនបើមន្ត្រីគណបក្សមួយនេះចង់ធ្វើយុទ្ធនាការបន្តទៀត គឺត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុនសិន៖ « ហើយអាជ្ញាធរភូមិ - ឃុំគាត់ចង់បានលិខិតអនុញ្ញាតពីអាជ្ញាធរដែនដី ដែលមានខ្លឹមសារគ្រប់គ្រាន់ គឺធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់អាជ្ញាធរដែនដី និងរាជរដ្ឋាភិបាល » ។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា មន្ត្រីគណបក្សប្រឆាំងធ្វើយុទ្ធនាការជំរុញពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត គឺពុំខុសច្បាប់ឡើយ។ លោកបន្ថែមថា ក្រុមការងារគណបក្សសង្គ្រោះជាតិ គ្រាន់តែជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានឲ្យបានដឹងជាមុនជាការស្រេច៖ « យើងឃើញហាក់ដូចជាដំណើរការមួយដែលចាត់ទុកថាអ្នកផ្សេងជាមនុស្សសត្រូវរបស់ខ្លួន ដែលជាការរើសមួយទៅលើគណបក្សដទៃ។ អ៊ីចឹងអាជ្ញាធរគួរតែអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា ដោយមិនប្រកាន់គណបក្សនយោបាយ » ។
នៅរសៀលថ្ងៃទី១៤ វិច្ឆិកា ក្រុមការងារគណបក្សប្រឆាំង បន្តយុទ្ធនាការនេះនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ប៉ុន្តែក៏ត្រូវបានសមត្ថកិច្ចចេញមករារាំងដូចគ្នា។ លោក សោ ចាន់ដេត សង្កត់ធ្ងន់ថា បើទោះជាមានការរារាំងយ៉ាងនេះក្ដី គឺក្រុមការងាររបស់លោក នឹងបន្តយុទ្ធនាការនេះរហូតដល់ចុងបញ្ចប់នៃការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២៩ វិច្ឆិកា។
នៅខេត្តបន្ទាយមានជ័យ មាន ៦៥ឃុំ-សង្កាត់ និងមានប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតចាប់ពី ១៨ឆ្នាំឡើងទៅចំនួនជាង ៤៧ម៉ឺននាក់ (៤៧៤.៨០៣នាក់)។ ចំណែកពលរដ្ឋដែលបានចុះឈ្មោះនៅក្នុងខេត្តនេះគិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មានចំនួនជាង ២៩ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៦១% នៃចំនួនប្រជាពលរដ្ឋសរុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។