ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ​បើក​ដំណើរ​ការ​យឺតយ៉ាវ​ថ្ងៃ​ដំបូង

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ដំបូង​នៃ​ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា មាន​ដំណើរ​មិន​ទាន់​រលូន​ទេ ដោយ​ការ​បើក​ការិយាល័យ​ចុះ​ឈ្មោះ​ខ្លះ​បើក​ទ្វារ​យឺត និង​អវត្តមាន​មន្ត្រី​ទទួល​បន្ទុក​ការងារ​ចុះ​ឈ្មោះ ជាដើម ប៉ុន្តែ​សមត្ថកិច្ច​អះអាង​ថា មិន​មាន​បញ្ហា​អសន្តិសុខ​កើត​ឡើង​នាំ​ឲ្យ​រំខាន​ដល់​ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​ទេ។

មន្ត្រី​សង្កេតការណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) និង​ជា​អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC)ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​ឲ្យ​ដឹង​ថា ការងារ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ដំបូង​នា​សាលា​សង្កាត់​លេខ៣ មិន​ទាន់​មាន​ដំណើរ​ការ​ល្អ​ទេ ដោយ​មន្ត្រី​ទទួល​បន្ទុក​ការងារ​ចុះ​ឈ្មោះ​បើក​ការិយាល័យ​យឺតយ៉ាវ និង​មន្ត្រី​ដែល​ទទួល​បន្ទុក​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ចំនួន​បាន​អវត្តមាន ជាដើម។

អ្នកស្រី ជៀប សុធារី ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​អង្គុយ​រង់ចាំ​រយៈពេល​យូរ​នៅ​តាម​ការិយាល័យ​មួយ​ចំនួន៖ « នៅ​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​សង្កាត់​លេខ៣ បាន​បើក​ការិយាល័យ​ចុះ​ឈ្មោះ​យឺត​រហូត​ដល់​ម៉ោង ៨ ទើប​ការិយាល័យ​បើក​ទ្វារ​ដំណើរ​ការ ក្នុង​នោះ​ក៏​អវត្តមាន​អនុប្រធាន និង​ជំនួយការ​របស់​ប្រធាន ហើយ​ស្មៀន​មិន​បាន​បង្ហាញ​វត្តមាន​ឲ្យ​ស្រប​តាម​ការ​តម្រូវ​របស់​ស្ថាប័ន គ . . ប នោះ​ទេ »

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហនុ មាន​សង្កាត់​លេខ៣ និង​សង្កាត់​លេខ៤ ជាដើម បាន​រអ៊ូរទាំ​ថា​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​អង្គុយ​សំកុក​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ នេះ ប៉ុន្តែ​បាន​អះអាង​ថា ពួក​គេ​បាន​អត់ធ្មត់​ក្នុង​ការ​រង់ចាំ​ចុះ​ឈ្មោះ​នេះ ដើម្បី​ឈាន​ដល់​មាន​សិទ្ធិ​បោះឆ្នោត​នា​ឆ្នាំ​ខាង​មុខ។

ភាព​យឺតយ៉ាវ​នេះ ត្រូវ​ភ្នាក់ងារ​សង្កេតការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​នយោបាយ​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ យល់​ថា ថ្ងៃ​ដំបូង​រៀបចំ​មិន​ទាន់​បាន​រលូន ព្រោះ​ការងារ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​មុនៗ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក សុខ សាវ៉ាត បាន​កត់​សម្គាល់​ថា នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នេះ គឺ​មាន​បញ្ហា​បន្តិចបន្តួច​កើត​ឡើង ដោយ​មាន​ប្រធាន​ភូមិ​មួយ​ចំនួន​បាន​ទៅ​អង្គុយ​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ ដែល​ខុស​ពី​នីតិវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​កំណត់។ លោក​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត ត្រូវ​គោរព និង​អនុវត្ត​តួនាទី​ឲ្យ​ស្រប​តាម​ច្បាប់​បោះឆ្នោត ឬ គ.ជ.ប បាន​ដាក់​ចេញ៖ « មន្ត្រី​អ្នក​ជាប់​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងអស់​នៅ​ថ្នាក់​មូលដ្ឋាន មាន​ឃុំ សង្កាត់ ជាដើម ត្រូវ​គោរព​ការងារ ឬ​តួនាទី​ឲ្យ​ស្រប​តាម​ច្បាប់​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា »

ទាក់ទិន​ព្រឹត្តិការណ៍​នេះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា កម្លាំង​ជំនាញ​របស់​លោក​បាន​ដាក់​ពង្រាយ​រង់ចាំ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទូទាំង​ខេត្ត​ព្រះសីហនុ។ លោក​ថា ថ្ងៃ​ដំបូង​នៃ​ការ​ចុះ​ឈ្មោះ​នេះ​មាន​សន្តិសុខ និង​សុវត្ថិភាព​ល្អ​ជា​ធម្មតា។ ឆ្លៀត​ឱកាស​នេះ លោក ជួន ណារិន្ទ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស ពិសេស​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ឬ​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​ទៅ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា៖ « សូម​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ឬ​មាន​សិទ្ធិ​បោះឆ្នោត សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​សម្ដែង​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ឆន្ទៈ ឬ​បាន​ស្ម័គ្រ​ចិត្ត​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​មាន​សន្តិភាព​ពេញលេញ​ល្អ។ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​កង​កម្លាំង​ប្រដាប់​អាវុធ សូម​ធានា​ចូលរួម​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា »

ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រះសីហនុ លោក ហួត ផុន មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​ដំបូង​នេះ មិន​មាន​បញ្ហា​ខុស​ប្រក្រតី​ធំ​ដុំ​កើត​ឡើង​ទេ ប៉ុន្តែ​ទទួល​ស្គាល់​ថា មាន​បញ្ហា​បច្ចេកទេស​ផ្នែក​ការី​កុំព្យូទ័រ​ខ្លះ​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​ក្នុង​ចំណោម​ការិយាល័យ​ចុះ​ឈ្មោះ​ទាំង ២៧​ការិយាល័យ​នៅ​ទូទៅ​ខេត្ត​ព្រះសីហនុ។ លោក ហួត ផុន ប៉ាន់​ប្រមាណ​ថា ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​អាច​មាន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ឬ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រមាណ ១៣​ម៉ឺន​នាក់។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ការ​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មាន​រយៈពេល ៩០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ គ.ជ.ប បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​គ្រប់​អាយុ​បោះឆ្នោត​ឆ្នាំ​២០១៦ នេះ អាច​មាន​ចំនួន​សរុប​ជាង ១០​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។