សារាចរនៃការផ្អាកប្រារព្ធពិធីបុណ្យអុំទូក នៅថ្ងៃទី៦ ខែតុលា នេះ បានបញ្ជាក់ថា ដោយសារតែឆ្នាំនេះ ស្ថានភាពទឹកជំនន់នៃទន្លេមេគង្គមានសភាពធ្ងន់ធ្ងរ ដូច្នេះពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ផ្អាកមិនរៀបចំទេ។ ទឹកជំនន់នេះ បណ្ដាលឲ្យសាលារៀន វត្តអារាម មន្ទីរពេទ្យ ផ្ទះសម្បែងរបស់ពលរដ្ឋ ផលដំណាំ និងសត្វពាហនៈជាច្រើនត្រូវរងការបំផ្លិចបំផ្លាញ និងធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់រងការលិចលង់មួយចំនួនមានគ្រោះថ្នាក់ដល់ជីវិត។
លើសពីនេះស្ថានភាពកម្ពស់ទឹកនៅតែស្ថិតក្នុងកម្រិតដែលត្រូវប្រុងប្រយ័ត្ន និងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ប៉ុន្តែការរៀបចំព្រះរាជពិធីនេះ នៅតែអាចធ្វើបានជាធម្មតា នៅតាមទីកន្លែងដែលអាចធ្វើទៅបាន។ ចំណែកការឈប់សម្រាកចំនួន ៣ថ្ងៃក្នុងព្រះរាជពិធីនេះនៅរក្សាដដែល។
ពិធីបុណ្យនេះ ត្រូវបានអាក់ខានពីរឆ្នាំជាប់គ្នា។ កាលពីឆ្នាំ២០១១ ដោយសារតែស្ថានភាពគ្រោះទឹកជំនន់ និងលើកទី២ ឆ្នាំ២០១២ ដោយសារកាន់ទុក្ខព្រះមហាវីរក្សត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។