កម្មករកម្មការិនីក្នុងវិស័យកាត់ដេរនៅកម្ពុជា មកពី ៦៥សហព័ន្ធសហជីព សរុបចំនួន ១ម៉ឺន ៥ពាន់នាក់ បានហែក្បួនឃោសនាទ្រង់ទ្រាយធំជាលើកដំបូងក្នុងថ្ងៃឈប់សម្រាក ដើម្បីគាំទ្រឃោសនារកសំឡេងឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
ក្បួនឃោសនានេះ មានរថយន្តជាង ៥០០គ្រឿង និងម៉ូតូជាង ២ពាន់គ្រឿង ដែលដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សោម អូន ឲ្យដឹងថា មូលហេតុដែលកម្មករសម្រេចចិត្តហែក្បួនឃោសនារកសំឡេងឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដោយសារតែកម្មករសម្លឹងឃើញចំណុចសំខាន់៤រឹងមាំ ដែលអាចធ្វើឲ្យកម្មករមានការងារធ្វើដោយចិរភាព គឺទី១ គណបក្សប្រជាជន បានរំដោះប្រទេសកម្ពុជា ចេញពីសង្គ្រាម។ ទី២ ធ្វើឲ្យកម្ពុជា មានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ។ ទី៣ ធ្វើឲ្យប្រទេសមានស្ថិរភាពនយោបាយ និងទី៤ ឲ្យប្រទេសមានការអភិវឌ្ឍ៖ «កត្តា៤ហ្នឹងសំខាន់ណាស់ដែលជាគុណសម្បត្តិមួយដែលកម្មករសម្លឹងមើលឃើញថា ជ.គ.ណ បក្សនយោបាយមួយដែលរឹងមាំ។ កម្មករគាត់មានការងារធ្វើសព្វថ្ងៃគាត់មានប្រាក់ខែ ផ្ញើទៅឪពុកម្ដាយកាត់បន្ថយនូវជីវភាពសព្វថ្ងៃនេះ គឺបានដោយសារតែសន្តិភាព បើគ្មានសន្តិភាព គ្មាននរណាមករកស៊ីនៅស្រុកខ្មែរទេ»។
លោក សោម អូន បន្តថា កម្មករមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាអ្នករកសន្តិភាព និងជាគណបក្សមួយស្វែងរក និងផ្ដល់ការងារឲ្យកម្មករ។ កម្មករក៏សង្ឃឹមថា ក្រោយការបោះឆ្នោតរួច គណបក្សប្រជាជនកម្ពុជា នឹងអាចដំឡើងប្រាក់បៀវត្សឲ្យកម្មករបានច្រើនថែមទៀត។
កាលពីឆ្នាំ១៩៩៧ កម្មករទទួលបានប្រាក់ខែ ៣០ដុល្លារ និងបានឡើងជាបន្តបន្ទាប់។ រហូតនៅឆ្នាំ២០១៣ នេះ ប្រាក់ខែអប្បបរមាកម្មករបានឡើងដល់ ៨០ដុល្លារ។ ចាប់ពីឆ្នាំ២០១៤ ទៅរដ្ឋាភិបាល និងម្ចាស់រោងចក្រសហគ្រាសសន្យានឹងដំឡើងប្រាក់ខែដល់កម្មករជារៀងរាល់ឆ្នាំ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង និងជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលរាជធានីភ្នំពេញ ថ្លែងទៅកម្មករក្នុងក្បួនដង្ហែ ឃោសនាដោយសម្ដែងការជឿជាក់ថា កម្មករទាំងអស់នឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ លោកក៏បានផ្ដាំផ្ញើទៅគ្រួសារកម្មករទាំងអស់ ថាប្រសិនចង់ឲ្យមានការងារធ្វើ នឹងមានប្រាក់ផ្ញើទៅស្រុកកំណើតកាន់តែច្រើនទៀតនោះ សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ រីឯយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នឹងបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។