ចំនួនពលករខ្មែរដែលគេចាប់បញ្ជូនមកពីប្រទេសថៃ មកប្រគល់ឲ្យអាជ្ញាធរកម្ពុជា ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៣ ខែមិថុនា នេះ មានចំនួនកើនឡើងជាច្រើនម៉ឺននាក់។ កំណើននេះ បានបង្កឲ្យមានការកកស្ទះចរាចរណ៍នៅខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ទន្ទឹមគ្នានេះ ពលករខ្មែរខ្លះបានពុលដួសសន្លប់ ហើយត្រូវក្រុមគ្រូពេទ្យដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
រដ្ឋាភិបាលកម្ពុជា បានបញ្ជូនរថយន្តកងទ័ពចំនួន ១៥០គ្រឿង ទៅដឹកជញ្ជូនពលករខ្មែរជាច្រើនពាន់នាក់ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ស្រុកកំណើតរបស់គេនៅតាមបណ្ដាខេត្តផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ការបញ្ចេញរថយន្តរបស់កងទ័ពទៅជួយនេះ បានធ្វើឡើងក្រោយចំនួនពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញមានចំនួនកើនឡើងជាបន្តបន្ទាប់ និងបណ្ដាលឲ្យការកកស្ទះនៅខាងមុខបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំ សារឿត មានប្រសាសន៍កាលពីថ្ងៃទី១៣ មិថុនា ថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានទទួលបញ្ជាដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចអន្តរាគមន៍ជួយដល់ពលករដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ៖ «ពីម្សិល លោកបញ្ជាឲ្យជួលរថយន្តក្រុង ដើម្បីដឹកបងប្អូនត្រឡប់ទៅវិញ។ ដល់យើងជួលវាអស់រកឡានជួលលែងបាន អ៊ីចឹងបានរាយការណ៍ជូនសម្ដេច។ សម្ដេចសួរថា ស្ទះប៉ុន្មាន? ឥឡូវស្ទះប្រហែលជាង ៣ពាន់នាក់នៅនឹងកន្លែង អ៊ីចឹងលោកថា ត្រូវតែដោះស្រាយយកឡានទ័ព និងឡានអគ្គស្នងការនគរបាលជាតិ មកបន្ថែមទៀត ដើម្បីដោះបងប្អូនឲ្យទាន់។ បញ្ជាមកឡានទ័ពយប់មិញ ១៥០គ្រឿង ១២០មកទិសប៉ោយប៉ែត និង ៣០ទៅទិសអូស្មាច់»។
រថយន្ត ១៥០គ្រឿងរបស់កងទ័ពបានប្រតិបត្តិការដឹកជញ្ជូនពលករខ្មែរ ដែលគេចាប់បញ្ជូនមកពីប្រទេសថៃ ទាំងយប់រហូតដល់ថ្ងៃទី១៣ ខែមិថុនា។ រថយន្តទាំងនោះបានដឹកជញ្ជូនពលករខ្មែរទៅខេត្តឆ្ងាយ ដូចជា ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពង់ចាម។ ក្នុងនោះ ក៏មានរថយន្តចំនួន ៥គ្រឿងរបស់អគ្គស្នងការនគរបាលជាតិ ត្រូវបញ្ជូនមកដឹកពលករខ្មែរទៅកាន់ខេត្តព្រៃវែង ដែលជាខេត្តសម្បូរពលករចំណាកស្រុកច្រើនជាងបណ្ដាខេត្តផ្សេងទៀត៖ «ព្រោះចម្លែកយប់មិញហ្នឹង ថៃ បញ្ជូនមកដល់ម៉ោង ១យប់ មកជិត ១ពាន់នាក់ទៀត។ អ៊ីចឹងហើយយើងទទួលទាំងអស់ ប៉ុន្តែត្រឹមព្រឹកមិញម៉ោង ៨ និងម៉ោង ៩ បងប្អូនដែលមកពីយប់មិញបានចេញទៅអស់ហើយ នេះនៅសល់តែអ្នកមកថ្មី ហើយឡានហ្នឹងមកជួយវិលបន្តទៅទៀត ហើយដោយឡែកឡានទៅទិសកំពង់ធំ ខេត្តសៀមរាប យើងយកឡានរបស់វិស្វកម្មសម្ដេចតេជោ»។
រហូតមកដល់ថ្ងៃទី១៣ មិថុនា ចំនួនពលករខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនដឹកតាមរថយន្តមកប្រគល់ឲ្យអាជ្ញាធរកម្ពុជា មានចំនួនច្រើនដដែល។ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ បញ្ជាក់ថា ចំនួនពលករខ្មែរដែលថៃ ចាប់បញ្ជូនមកវិញមានរហូតដល់ ៣៧.២០០នាក់។
តួលេខនេះ គេនៅពុំបានបូកបញ្ចូលជាមួយចំនួនពលករខ្មែរដែលភាគីថៃ បានដឹកបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា នេះទេ។ ទោះយ៉ាងណា គេបានធ្វើការប៉ាន់ស្មានថា គិតពីថ្ងៃទី៧ ខែមិថុនា រហូតមកដល់ថ្ងៃទី១៣ ខែមិថុនា ចំនួនពលករខ្មែរដែលថៃ ចាប់បញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា មានកំណើនរហូតទៅដល់ជាង ៤ម៉ឺននាក់។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជាក់ថា តាមការឲ្យដឹងពីអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ ចំនួនប្រជាពលរដ្ឋខ្មែរដែលជាប់នៅក្នុងប្រទេសថៃ នៅតែមានចំនួនច្រើនថែមទៀត។ ពលរដ្ឋខ្មែរទាំងនោះ អ្នកខ្លះជាប់ខ្លួនដាច់បាយដាច់ទឹកនៅក្នុងព្រៃ តាមចន្លោះផ្លូវពីស្រុកអារ៉ាញ់ ខេត្តស្រះកែវ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។ ពលរដ្ឋខ្មែរទាំងនោះកំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ ហើយពួកគេមិនហ៊ានធ្វើដំណើរចេញមកក្រៅទេ ដោយសារខ្លាចទាហានបាញ់ និងចាប់យកទៅធ្វើទារុណកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
