យុវជន និងព្រះសង្ឃដែលចូលរួមវេទិកាជជែកដេញដោលពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលរៀបចំដោយអង្គការសង្គមស៊ីវិល ចង់ឃើញមេឃុំចៅសង្កាត់ជាប់ឆ្នោតថ្មី បំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ ស្របតាមច្បាប់បានចែង ដោយមិនមែនដើរតួនាទីជាម្ចាស់លើពលរដ្ឋ និងមិនផ្គាប់ចិត្តថ្នាក់លើដើម្បីរក្សាតំណែងមេឃុំនោះទេ។
ក្រុមយុវជនជាង ៤០នាក់ និងព្រះសង្ឃមួយអង្គដែលបានចូលរួមសួរដេញដោលក្នុងវេទិកាអំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ មើលឃើញថា ក្រុមប្រឹក្សា និងមេឃុំចៅសង្កាត់នៅតាមមូលដ្ឋានពួកគេបច្ចុប្បន្ន នៅមិនទាន់បានដើរតាមតួនាទីខ្លួនត្រឹមត្រូវដូចច្បាប់បានចែងទេ។
យុវជនទាំងនោះប្ដេជ្ញាចូលរួមសកម្មភាពឲ្យបានច្រើនជាមួយអាជ្ញាធរឃុំ-សង្កាត់របស់ពួកគេ ដើម្បីជំរុញឲ្យមេឃុំចៅសង្កាត់ ប្រតិបត្តិតួនាទីដែលច្បាប់បានចែងឲ្យបានត្រឹមត្រូវឡើងវិញ។
និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ លោក ឃឺន វីរៈ ចាប់អារម្មណ៍អំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់។ លោកយល់ថា មិនមែនតែមេឃុំ ឬចៅសង្កាត់ទេដែលមិនទាន់បំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវ សូម្បីក្រុមប្រឹក្សាឃុំ-សង្កាត់ខ្លះ ក៏មិនទាន់យល់អំពីភាពសំខាន់នៃតួនាទីរបស់ខ្លួននៅឡើយ។ លោកបន្ថែមថា ក្រុមប្រឹក្សាឃុំ-សង្កាត់ មានតួនាទីសំខាន់ក្នុងការទាញមេឃុំ ឬចៅសង្កាត់ឲ្យដើរតាមច្បាប់ និងបម្រើប្រយោជន៍ពលរដ្ឋក្នុងឃុំ-សង្កាត់នៅពេលមេឃុំ ឬចៅសង្កាត់ស្ដាប់តាមបញ្ជាថ្នាក់លើ ហើយរំលងផលប្រយោជន៍ពលរដ្ឋក្នុងឃុំ៖ « យុវជននឹងជួយរំឭកគាត់ ជំរុញគាត់ ហើយម្យ៉ាងទៀត យុវជននឹងក្លាយជាទំពាំងស្នងឫស្សី »។
វេទិកាសួរដេញដោលពីតួនាទីក្រុមប្រឹក្សាឃុំ-សង្កាត់នៅព្រឹកថ្ងៃទី២៨ ឧសភា ដែលរៀបចំដោយអង្គការអប់រំយុវជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មិនមានតំណាងគណបក្សនយោបាយចូលរួមទេ។ យុវជនដែលបានចូលរួម មានខ្លះគឺជាអ្នកអង្កេតការណ៍បោះឆ្នោតនៅពេលខាងមុខ ឯខ្លះទៀតគឺជាយុវជនដែលសកម្មក្នុងការងារសង្គមនៅតាមអង្គការនានា។
ពួកគេសង្ឃឹមថា ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គេ នឹងធ្វើជាមនុស្សគំរូនៅតាមឃុំ-សង្កាត់ ដើម្បីឲ្យយុវជនយកគំរូតាម និងរក្សាភាពជាបុគ្គលដែលពលរដ្ឋក្នុងឃុំគោរពស្រឡាញ់។
ព្រះសង្ឃមួយអង្គមកពីវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ព្រះនាម គួយ ឌីណា ដែលចូលរួមវេទិកាសួរដេញដោលពីតួនាទីមេឃុំចៅសង្កាត់ មានព្រះថេរដីកាថា ដើម្បីឲ្យឃុំ-សង្កាត់មួយមានការជឿនលឿន មេឃុំ និងក្រុមប្រឹក្សាឃុំ ត្រូវដើរទន្ទឹមគ្នា សហការគ្នាដោយមិនបែងចែកថាមកពីបក្សណា និងមិនត្រូវស្ដាប់តែការបញ្ជាពីថ្នាក់លើ ដែលបញ្ជាខុសតួនាទីនោះទេ។ ព្រះអង្គមើលឃើញថា សកម្មភាពសកម្មបំផុតរបស់មេឃុំចៅសង្កាត់នៅពេលបច្ចុប្បន្ននេះ គឺខាងបោះត្រា និងចុះហត្ថលេខាលើលិខិតស្នាម ចំណែកសកម្មភាពផ្សេងទៀតដែលច្បាប់បានកំណត់អំពីតួនាទី នៅមិនសូវឃើញមេឃុំសកម្មខ្លាំងទេ៖ « ទាក់ទងនឹងការធ្វើសមាជប្រចាំខែ ប្រចាំអីហ្នឹង អត់សូវឃើញមានដែរ ឃើញថាតួនាទីក្រុមប្រឹក្សាឃុំត្រូវប្រជុំជារៀងរាល់ខែ លើកពីកង្វល់ប្រជាពលរដ្ឋហ្នឹងឯង ដោះស្រាយជាមួយប្រជាពលរដ្ឋ »។
ច្បាប់ស្ដីពីការគ្រប់គ្រងឃុំ-សង្កាត់ចែងថា ក្រុមប្រឹក្សាឃុំ-សង្កាត់ជាអង្គការដែលតំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំ-សង្កាត់របស់ខ្លួន។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើការប្រជុំយ៉ាងតិចណាស់ចំនួនមួយដងក្នុងមួយខែ។ ប៉ុន្តែយុវជនថាកុំថាឡើយតែលទ្ធផលនៃកិច្ចប្រជុំ សូម្បីតែមុខមេឃុំ ឬចៅសង្កាត់របស់ខ្លួននៅមានពលរដ្ឋ និងយុវជនខ្លះនៅមិនបានស្គាល់នោះទេ។
ប្រធានអង្គការអប់រំយុវជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក បូ ពៅ សង្កេតឃើញថា មេឃុំ និងចៅសង្កាត់បច្ចុប្បន្ន បានដើរខុសតួនាទីច្រើនណាស់។ លោកថា មេឃុំច្រើនតែធ្វើតាមបក្ស ជាជាងធ្វើតាមសំណូមពរពលរដ្ឋ។ លោកបានផ្ដាំផ្ញើទៅមេឃុំអាណត្តិថ្មី ឲ្យរក្សាឲ្យបានគុណធម៌សម្រាប់ពលរដ្ឋ ព្រោះមេឃុំជាមនុស្សគំរូដែលពលរដ្ឋបោះឆ្នោតឲ្យ ដូច្នេះលោកផ្ដាំថា កុំគ្រាន់តែបោកពលរដ្ឋយកសន្លឹកឆ្នោត៖ « អ្នកដែលរស់នៅសុខដុមរមនាជាមួយអស់លោកបាន គឺប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាមួយអស់លោក។ នៅពេលណាដែលពួកលោកអស់តម្លៃ ពួកគេនឹងទាត់អស់លោក ក៏ប៉ុន្ដែប្រជាពលរដ្ឋនៅក្នុងសហគមន៍មិនបោះបង់អស់លោកទេ។ នៅពេលដង្ហែសពអស់លោក ( នៅពេលលោកស្លាប់ ) អ្នកដែលទៅហែសពលោក អ្នកដែលទៅអុជធូបលោក គឺជាប្រជាពលរដ្ឋនៅក្នុងភូមិឃុំនោះឯង »។
លោក បូ ពៅ យុវជន និងព្រះសង្ឃ ចង់ឃើញពលរដ្ឋសរសើរមេឃុំពីសកម្មភាពផ្សេង ជាជាងការសរសើរតែសកម្មភាពសកម្មខាងបោះត្រា និងចុះហត្ថលេខាលើឯកសារ។ យុវជនថា ពួកគេចង់បានឱកាសបន្តវេនពីមនុស្សដែលមានគំរូល្អ និងចង់ឃើញពលរដ្ឋចូលរួមក្នុងសកម្មភាពឃុំ-សង្កាត់ឲ្យបានច្រើន កុំឲ្យរាល់ការសម្រេចចិត្តក្នុងឃុំ-សង្កាត់ មានតែការសម្រេចចិត្តរបស់មេឃុំតែម្នាក់ ឬមួយក្រុម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។