ការប្រកាសជំហរនេះ គឺបន្ទាប់ពីតុលាការសម្រេចដោះលែងយុវជន ៤នាក់ ស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ ដែលជាប់ចោទពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះ។ ការចោទប្រកាន់យុវជនទាំង ៤នាក់នោះ ក្នុងគ្រាពួកគេគ្រោងចែកផ្កាទៅដល់ទាហាន មន្ត្រីប៉េអិម ដើម្បីសុំសន្តិភាព ខណៈមានការចល័តទ័ព និងរថក្រោះជាច្រើនចូលមកក្រុងភ្នំពេញ។
ក្រុមយុវជនដើម្បីសន្តិភាព បានប្រមូលស្នាមមេដៃគាំទ្រញត្តិ ដែលនឹងដាក់ជូនតុលាការនៅដើមសប្ដាហ៍ក្រោយ ដើម្បីទាមទារឲ្យតុលាការរាជធានីភ្នំពេញ លើកលែងការចោទប្រកាន់យុវជន ៤នាក់ ដែលជាប់ចោទពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។
អ្នកសម្របសម្រួលក្រុមយុវជនសន្តិភាព លោក អឿ ណារិត បានថ្លែងនៅក្នុងសន្និសីទកាសែត ដែលរៀបចំដោយបណ្ដាញយុវជនសន្តិភាព នៅថ្ងៃទី៣០ ខែសីហា បានអំពាវនាវយ៉ាងទទូចសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងស្រុងចំពោះយុវជន ៤នាក់ ដែលក្នុងនោះមានយុវជន ២នាក់ ជាយុវជនសន្តិភាព។ លោកថា ពួកគេគ្រាន់តែមានបំណងចែកផ្កា និងទឹកសុទ្ធ ឬស្បៀងអាហារផ្សេងៗទៅដល់កម្លាំងប្រដាប់អាវុធ មិនមែនជាការញុះញង់ឲ្យមានបទឧក្រិដ្ឋនោះឡើយ៖ «យើងបានរៀបចំរួចហើយ យើងនឹងធ្វើនៅថ្ងៃច័ន្ទ។ យើងមានផ្ដិតមេដៃយុវជនរបស់យើងប្រហែលជាអាចហាសិបនាក់ ទៅមួយរយនាក់ លើកលែងការចោទប្រកាន់នោះ»។
គម្រោងចែកផ្កាកូឡាបពណ៌លឿងរបស់ក្រុមយុវជន ដោយមានភ្ជាប់នូវពាក្យថា ប៉ូលិស ប៉េអិម ទាហាន និងប្រជាពលរដ្ឋខ្មែរ ជាគ្រួសារតែមួយ រួមឈាមតែមួយ មិនទាន់ចាប់ផ្ដើមនៅឡើយផង គម្រោងនេះបានផ្អាកយ៉ាងតក់ក្រហល់ នៅគ្រាដែលរដ្ឋាភិបាលបានចាត់វិធានការបង្ក្រាបភ្លាមៗ។
កាលពីថ្ងៃទី១៥ ខែសីហា នៅគ្រាដែលក្រុមយុវជន ៤នាក់ មានឈ្មោះ លោក ទត់ ចាន់បញ្ញា កញ្ញា សុខ ដាលីស លោក ហ៊ើយ បូរិន និងកញ្ញា ឡុង លីផេង ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួន ក្រោមបទចោទប្រកាន់ថាបានញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។ អាជ្ញាធរបានភ្ជាប់សាច់រឿងរបស់យុវជនទាំងនោះ ទៅនឹងលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ដែលតុលាការបានចេញដីកាចាប់ខ្លួនពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋពាក់ព័ន្ធនឹងការកសាងកម្លាំងប្រដាប់អាវុធខុសច្បាប់ប្រឆាំងរដ្ឋាភិបាល។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស បានរិះគន់ចំពោះការចាប់ខ្លួនយុវជននោះថា ជាការប៉ុនប៉ងយ៉ាងច្បាស់មួយ ដើម្បីបង្អាក់យុវជនកុំឲ្យចូលធ្វើសកម្មភាពក្នុងនយោបាយ។
បើទោះជាយ៉ាងនេះក្ដី ក្រុមយុវជនសន្តិភាពមិនបានភ័យតក់ស្លុតនោះទេ។ គម្រោងជូនផ្កាដល់កម្លាំងប៉ូលិស ប៉េអិម សុំសន្តិភាពនៅតែបន្តដដែល។
យុវជន ហេង សំណាង បានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១ ខែកញ្ញា ពួកគេនឹងរៀបចំពិធីបួងសួងសុំសន្តិភាពនៅរមណីយដ្ឋានវត្តភ្នំ រួចហើយបន្តកម្មវិធីជូនផ្កាដល់កងកម្លាំង ក្នុងគោលបំណងបង្កើនភាពជិតស្និទ្ធរវាងប្រជាពលរដ្ឋ និងមន្ត្រីយោធា។
គម្រោងចែកផ្កា និងទឹកសុទ្ធដល់កងទ័ពជាច្រើនលើក នៅពុំទាន់បានលេចចេញជារូបរាងនៅឡើយ។ គំនិតនេះបានផុសចេញពីក្ដីព្រួយបារម្ភ បន្ទាប់ពីរដ្ឋាភិបាលបានចល័តទ័ព និងរថក្រោះ រថពាសដែក និងដាក់បន្លាលួសក្នុងទីតាំងមួយចំនួនចូលមកក្រុងភ្នំពេញ ដែលគេជឿថាដើម្បីត្រៀមបង្ក្រាបក្រុមបាតុករ ពលរដ្ឋដែលបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
បញ្ហានេះ បណ្ដាញសន្តិភាព និងប្រជាពលរដ្ឋ បានជួបជុំគ្នាចំនួន ៣លើករួចមកហើយ ដើម្បីធ្វើពិធីបួងសួងសុំសន្តិភាពនៅរមណីយដ្ឋានវត្តភ្នំ។
ដៃកាន់ផ្កាឈូក និងធូប ៣សរសៃ យុវតី នា សុខធាវី ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ដែលបានទៅចូលរួមក្នុងពិធីបួងសួងនៅរមណីយដ្ឋានវត្តភ្នំ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា បានបង្ហាញទស្សនៈថា នាងស្រឡាញ់យុត្តិធម៌ ចង់ឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព រីកចម្រើនរុងរឿង។
ចំណែកយុវជន សួង ចាន់ត្រា ជានិស្សិតសាកលវិទ្យាល័យវ៉េស្ទើន ផ្នែកភាសាអង់គ្លេស ថ្លែងថា ជាសកម្មភាពមួយដែលអាចដាស់តឿនគំនិតរបស់ពលរដ្ឋខ្មែរ ជាពិសេសថ្នាក់ដឹកនាំ និងអ្នកនយោបាយ ឲ្យងាកមកដោះស្រាយបញ្ហាពីភាពអសកម្មនានាពីការបោះឆ្នោតនោះ ដោយសន្តិវិធី សន្តិភាព គិតពីសុខទុក្ខប្រជាពលរដ្ឋជាធំគ្មានអំពើហិង្សា។
យ៉ាងណាក៏ដោយ ក្រុមយុវជនសន្តិភាព បានអំពាវនាវថា បើសិនជាមានបាតុកម្មកើតឡើងមែន សូមឲ្យយុវជនកាន់ខ្ជាប់នូវអំពើអហិង្សា ទាមទារតស៊ូមតិដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។