យុវជនមើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ បានល្អទេ។ ពួកគេស្ដាយដែលរដ្ឋាភិបាលមិនឲ្យតម្លៃទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ យុវជនយល់ថា កិច្ចព្រមព្រៀង២៣ តុលា គឺជាឫសគល់ ដែលនាំឲ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។
និស្សិតនៃសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ ថ្លែងសុំមិនបញ្ចេញឈ្មោះ ស្នើឲ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបាននិស្សិតរូបនេះ មើលឃើញថា ដោយសាររដ្ឋាភិបាលមិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ការលើកឡើងរបស់ក្រុមយុវជន និងនិស្សិតធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ស្ដីពីខួបទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ក្រោមប្រធានបទ ការចូលរួមរបស់យុវជន ដើម្បីប្រជាធិបតេយ្យ និងសន្តិភាព ដែលធ្វើឡើងនៅចំថ្ងៃខួប២៣តុលានេះ នៅរាជធានីភ្នំពេញ។
កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ឆ្នាំ១៩៩១ ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងបង្រួបបង្រួម និងផ្សះផ្សាជាតិឡើងវិញ ដោយមានការចូលពីក្រុមខ្មែរ ៤ភាគី។ កិច្ចព្រមព្រៀងសន្តិភាពនេះ ត្រូវបានអ្នកនយោបាយកម្ពុជា យកមកធ្វើជាសំអាងរៀងៗខ្លួន ដើម្បីវាយប្រហារគ្នា។
គណបក្សសង្គ្រោះជាតិបានចោទរដ្ឋាភិបាលថា ការចាប់ខ្លួនមេបក្សប្រឆាំង ឬចេតនានៃការរំលាយបក្សប្រឆាំង គឺជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឯលោកនាយករដ្ឋមន្ត្រីហ៊ុន សែន វិញ បានសំអាងថា ការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា និងគម្រោងរំលាយបក្សប្រឆាំងរបស់លោក គឺជាការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
យុវតីម្នាក់ទៀត គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសន្ធរម៉ុក មើលឃើញថា រដ្ឋាភិបាលមិនទាន់គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ។ កញ្ញា យល់ថា បើសិនជារដ្ឋាភិបាលគោរពបានល្អមែន នឹងមិនធ្វើឲ្យខ្មែរ បែកបាក់គ្នាជាពីរបក្សពួកដូចសព្វថ្ងៃនេះទេ។
បើទោះជា មានការមើលឃើញផ្ទុយគ្នា ចំពោះអត្ថន័យនៃការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងណាក្ដី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសហើយថា កុំស្រមៃពីការប្រជុំប្រទេសហត្ថលេខីឲ្យសោះ។ លោកបានថ្លែងកាលពីថ្ងៃទី១១ តុលា បែបចំអកឲ្យអ្នកដែលមានបំណងចង់សើរើ ឲ្យម្ចាស់ហត្ថលេខីជួបប្រជុំគ្នាឡើងវិញ ថា ជាការស្រមើលស្រមៃ។ មូលហេតុដែលមិនអាច លោក ហ៊ុន សែន ប្រាប់កុំឲ្យគ្រប់គ្នាស្រមើស្រមៃថា មាន ការកោះប្រជុំសន្និសីទអន្តរជាតិប៉ារីសឡើងវិញនោះ ព្រោះ ប្រទេសសូវៀតមួយក្លាយទៅជាប្រទេសរដ្ឋជាច្រើន ហើយ សូម្បីតែប្រទេសហត្ថលេខីក៏ប្រែប្រួលអស់ទៅដែរ។ លោក ហ៊ុន សែន ក៏បានចំអកបែបឆ្ងល់ថា មានភាគីជម្លោះ ខ្មែរក្រហមមកពីណា ទាល់តែបង្កើតខ្មែរក្រហមមកវិញ។
នាយកប្រតិបត្តិអង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក ប៉ូ ពៅ កំពុងរង់ចាំមើលចំណាត់ការពីសហគមន៍អន្តរជាតិ។ លោក ប៉ូ ពៅ ស្នើអន្តរជាតិជួយមើលពីការអនុវត្តរបស់រដ្ឋាភិបាលកម្ពុជា ដែលមិនគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
យុវជនយល់ថា មានតែការគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា តែប៉ុណ្ណោះ ទើបធ្វើឲ្យស្ថានការណ៍នយោបាយកម្ពុជាមានភាពធូរស្រាល និងមានការអភិវឌ្ឍទៅមុខបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។