អង្គការសមាគមមួយចំនួនផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំមួយឈ្មោះថា អ៊ីនធឺណិត បើកទូលាយ ឬហៅជាភាសាអង់គ្លេសថា អូផិន សាយប៊ឺថក (Open Cyber Talk)។ យុវជនប្រមាណ ២០០នាក់ មកពីសាកលវិទ្យាល័យនានា និងបណ្ដាញយុវជនបានចូលរួមកម្មវិធីនេះ ហើយគេរំពឹងថា អាចចូលរួមសកម្មភាពនានានៅរដូវបោះឆ្នោត។
យុវជនជាច្រើនដែលបានចូលរួមព្រឹត្តិការណ៍អ៊ីនធឺណិត បើកទូលាយថា នឹងប្រើប្រាស់បណ្ដាញសង្គមហ៊្វេសប៊ុក ដើម្បីតាមដានស្ថានការណ៍ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងមកដល់នៅថ្ងៃអាទិត្យ ទី៤ មិថុនា។
យុវជនមកពីតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង លោក ជិន នឿន តាំងចិត្តថា ខ្លួននឹងប្ដេជ្ញាចិត្តថតរូបភាព និងប្រព្រឹត្តិការណ៍នានានៅថ្ងៃបោះឆ្នោតបង្ហោះនៅលើហ៊្វេសប៊ុក របស់ខ្លួនតាមដែលអាចធ្វើទៅបាន។ លោកថា ជាការពិបាកដែរ ពីព្រោះនៅតំបន់លោកពុំសូវមានអ្នកចេះកាត់តរូបភាព និងប្រើប្រាស់ទូរស័ព្ទទំនើបច្រើននោះទេ៖ «ខ្ញុំនឹងយកបណ្ដាញហ្វេសប៊ុក ដើម្បីជាប្រយោជន៍ការបោះឆ្នោតដើម្បីឲ្យជួយផ្សព្វផ្សាយព័ត៌មានការបោះឆ្នោត។ ថតជាវីដេអូខ្លីៗមួយចំនួនយកមកកាត់តចូលគ្នាមក ហើយឡើងមកថ្មបាំង ដើម្បីបង្ហោះលើហ្វេសប៊ុក»។
ចំណែកនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិញ កញ្ញា ហួន សានី មានមតិថា នេះជាសកម្មភាពចូលរួមមួយដែលជាប្រយោជន៍សង្គមទាក់ទងនឹងការបោះឆ្នោត។ កញ្ញាយល់ថា មិនមែនតែយុវជនទេ គួរតែចូលរួមសកម្មភាពបែបនេះក្នុងគ្រាដែលសេរីភាព អ៊ីនធឺណិត កំពុងបើកទូលាយ៖ «ជាសេរីភាពរបស់យើងម្នាក់ៗ ក្នុងការផ្ដល់ព័ត៌មានទៅកាន់អ្នកដែលគាត់អត់បានដឹង។ សំខាន់បំផុតគឺយើងចែកចាយព័ត៌មានទៅតាមអ៊ីនធឺណិត ព្រោះអីអ៊ីនធឺណិត សព្វថ្ងៃមានលក្ខណៈរីកចម្រើន សម្បូរអ្នកប្រើប្រាស់បើសិនផ្ដល់ព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត អ៊ីចឹងធ្វើឲ្យអ្នកដែលគាត់អត់បានដឹងគាត់ទទួលព័ត៌មានច្រើន»។
ការប្ដេជ្ញាចិត្តនេះ នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ អ៊ីនធឺណិត បើកទូលាយ ក្រោមប្រធានបទ យុគសម័យអ៊ីនធឺណិត និងការចូលរួមរបស់ពលរដ្ឋ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា។ កម្មវិធីនេះរៀបចំដោយបណ្ដាញយុវជនកម្ពុជា មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល (Central) អង្គការសមាគមធាងត្នោត និងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។
នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា គាំទ្រគំនិត និងការលើកឡើងរបស់ក្រុមយុវជន។ លោកថា នេះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ជាពិសេសយុវជនដែលជាម្ចាស់ឆ្នោត ដែលអាចផ្ដិតយកទិដ្ឋភាពថ្ងៃបោះឆ្នោត ឬភាពមិនប្រក្រតីនានានៅថ្ងៃបោះឆ្នោតផ្សព្វផ្សាយលើបណ្ដាញសង្គម៖ «ត្រង់ថា ព័ត៌មានដែលគាត់ផ្ដល់ទៅនេះ វាមានឥទ្ធិពលប៉ុណ្ណាទៅលើមហាជន វាអាស្រ័យទៅលើគុណភាពនៃព័ត៌មានហ្នឹង ហើយវាអាស្រ័យទៅលើបណ្ដាញដែលគាត់គ្រប់គ្នា ប្រើប្រាស់បណ្ដាញសង្គមហ្នឹង វាអាស្រ័យទៅលើគេកំណត់គោលដៅបែបម៉េច បើសិនជាកំណត់គោលដៅមួយដែលទាក់ទាញមហាជនឲ្យមានទំនុកចិត្ត ពេលនោះព័ត៌មានដែលគាត់ទទួលទៅនឹងមានប្រសិទ្ធភាព និងមានឥទ្ធិពលទៅលើមហាជនដែរ។ ប៉ុន្តែវាមិនអាចបញ្ជាក់អំពីលទ្ធផលជាផ្លូវការទេ ព្រោះប្រជាពលរដ្ឋម្នាក់ៗ ឬក៏ទាំងបន្ទប់ស្ថានការណ៍មិនមែនជាតួអង្គផ្លូវការក្នុងការប្រកាសលទ្ធផលទេ ប៉ុន្តែយើងអាចបង្ហាញទិន្នន័យដែលមើលឃើញជាក់ស្ដែង»។
កាលពីឆ្នាំ២០១៦ ក្រុម Open Cyber Talk បានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ អ៊ីនធឺណិត បើកទូលាយនេះម្ដងរួចមកហើយ។ កាលនោះមានយុវជនប្រមាណ ៤០០នាក់ ចូលរួមគឺពួកគេជាអ្នកប្រើប្រាស់អ៊ីនធឺណិត និស្សិត សកម្មជនបណ្ដាញទំនាក់ទំនងសង្គម និងអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។