អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ប៉ះ​ពាក្យ​សម្ដី​គ្នា​ក្នុង​វេទិកា​សាធារណៈ

មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​រវាង​មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​មន្ត្រី​រៀបចំ​វេទិកា​សាធារណៈ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១១។

ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​បាន​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​វេទិកា​សាធារណៈ​ស្ដី​ពី​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ដោយ​មាន​កិច្ច​សហការ​ពី​សំណាក់​អង្គការ​ការពារ​ធនធាន​ធម្មជាតិ នៅ​ភូមិ​ប៉ាលហាល ឃុំ​រីករាយ ស្រុក​រវាង ខេត្ត​ព្រះវិហារ ខណៈ​ដែល​មន្ត្រី​សម្របសម្រួល​វេទិកា​ស្នើ​សុំ​ឲ្យ​អភិបាល​រង​ខេត្ត​ព្រះ​វិហារ លោកស្រី ខូយ ប៊ុនថាន បូក​សរុប​ខ្លឹមសារ​នៃ​ការ​ជជែក​ពិភាក្សា​ឲ្យ​ចំ​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​លោក​ស្រី​មាន​ប្រតិកម្ម​ដោយ​ចោទ​ប្រកាន់​ថា មន្ត្រី​សម្របសម្រួល​បើក​ឱកាស​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ដទៃ​និយាយ​ច្រើន​ជាង​រូប​គាត់។

មន្ត្រី​សម្របសម្រួល​គម្រោង​ពង្រឹង​អំណាច​សហគមន៍​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ឈឹម សាវុធ មាន​ប្រសាសន៍​ពន្យល់​ថា វេទិកា​បាន​ផ្ដល់​ឱកាស​ស្មើៗ​គ្នា​ដល់​គ្រប់​វាគ្មិន​ដែល​បាន​ចូលរួម។

វេទិកា​សាធារណៈ​នៅ​ស្រុក​រវៀង បាន​បើក​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​រវាង​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ព្រៃឡង់ ជាមួយ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​មួយ​ចំនួន មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ស្ដី​ពី​ការ​ប៉ះពាល់​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ​ជា​ចម្ការ​កៅស៊ូ​នៅ​តំបន់​ព្រៃឡង់។

ប្រជាពលរដ្ឋ​បាន​លើក​នូវ​សំណួរ​ជា​ច្រើន​ទៅ​កាន់​វាគ្មិន។ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ តំណាងរាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​លើក​យក​ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​ការ​ពារ​ធនធាន​ធម្មជាតិ​ដើម្បី​ធ្វើ​ការ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល ហើយ​លោកស្រី ខូយ ប៊ុនថាន ដែល​ជា​មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​ក៏​បាន​ធ្វើ​ការ​វាយ​បក​តប​វិញ​ដែរ។

លោក ឈឹម សាវុធ ថ្លែង​បន្ត​ថា ចម្លើយ​របស់​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ភាគ​ច្រើន​មិន​តប​ទៅ​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

ទោះ​យ៉ាងណា លោក ឈឹម សាវុធ អះអាង​ថា វេទិកា​នេះ​ទទួល​បាន​ជោគជ័យ​ដោយ​មាន​ប្រជាពលរដ្ឋ​ចូល​រួម​ប្រមាណ ៦០០​នាក់ លើស​ពី​ការ​រំពឹង​ទុក​ដែល​លោក​ត្រៀម​កៅអី​សម្រាប់​មនុស្ស​តែ ៣០០​នាក់​ប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​បាន​លើក​ជា​សំនួរ​ល្អៗ​ដែល​បញ្ជាក់​ពួក​គាត់​មាន​ការ​យល់ដឹង​ខ្ពស់​អំពី​ការ​ការ​ពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ៕