លោក ជា វិជ្ជា ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់កាលពីឆ្នាំ២០០៤ ហើយគិតមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ មានរយៈពេល ១០ឆ្នាំគត់ ប៉ុន្តែគ្រួសារជនរងគ្រោះអះអាងថា សមត្ថកិច្ចមិនទាន់ចាប់ខ្លួនឃាតកពិតទៅផ្ដន្ទាទោសនៅឡើយទេ។
នៅក្នុងឱកាសពិធីបុណ្យគម្រប់ខួប ១០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២២ ខែមករា មេដឹកនាំគណបក្សប្រឆាំងបានប្ដេជ្ញាថា នឹងបន្តជំរុញឲ្យសមត្ថកិច្ច ឬរដ្ឋាភិបាលស្វែងរកមុខឃាតកពិតយកមកផ្ដន្ទាទោស។
លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន-អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងពិធីអុជធូបគោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា នៅទីតម្កល់រូបសំណាកនាសួនច្បារវិមានឯករាជ្យ មុខវត្តលង្កា ដោយបានអំពាវនាវដល់សាធារណជនត្រូវរួមគ្នាស្វែងរកយុត្តិធម៌ជូនសង្គមជាតិនៅថ្ងៃអនាគត។
លោក សម រង្ស៊ី ថ្លែងរិះគន់សកម្មភាពដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងបានជំរុញឲ្យសមត្ថកិច្ចស្វែងរកមុខឃាតកពិតបាញ់សម្លាប់លោក ជា វិជ្ជា យកទៅផ្ដន្ទាទោសផ្តល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ៖ «យើងត្រូវតែបញ្ចប់វប្បធម៌ហិង្សា និងត្រូវតែបញ្ចប់វប្បធម៌និទណ្ឌភាព គឺអ្នកសម្លាប់គេ សម្លាប់លោក ជា វិជ្ជា រកមុខអត់ឃើញ។ សម្លាប់លោក ហ៊ី វុទ្ធី សម្លាប់លោក រស់ សុវណ្ណរ៉េត រកមុខអត់ឃើញ និងសម្លាប់លោក ឈុត វទ្ធី រកមុខអត់ឃើញ គឺសម្លាប់គេច្រើនណាស់។ ល្មមដល់ពេលបញ្ចប់វប្បធម៌ហិង្សា និងវប្បធម៌និទណ្ឌភាព ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ សន្តិភាពផ្លូវកាយ ផ្លូវចិត្តដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស»។
លោក ជា វិជ្ជា ត្រូវឃាតកបាញ់សម្លាប់នៅក្បែររបងវត្តលង្កា ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្នុងពេលកំពុងអានកាសែត។ មកដល់នេះ មានរយៈពេល ១០ឆ្នាំហើយ ប៉ុន្តែសាច់ញាតិជនរងគ្រោះបានអះអាងថា មិនទាន់ទទួលបានយុត្តិធម៌ទេ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនដឹកនាំសហជីពពីបងប្រុសថ្លែងថា នឹងបន្តដាក់ពាក្យប្ដឹងទៅស្ថាប័នពាក់ព័ន្ធមានតុលាការជាដើម ដើម្បីឲ្យបន្តវែករកឃាតកពិត បាញ់សម្លាប់លោក ជា វិជ្ជា យកទៅផ្ដន្ទាទោស៖ «យើងអត់និយាយវែងឆ្ងាយទេ ដោយសារតែ សុខ សំអឿន និង ប៊ន សំណាង ដែលគេបានចាប់ថាជាឃាតកបាញ់សម្លាប់លោក ជា វិជ្ជា នោះ គឺត្រូវបានគេដោះលែងហើយ ជាពិសេសនោះ គឺតុលាការសាលាកំពូល បានដោះលែងជាស្ថាពរហើយ ហើយកាលពីម្សិលមិញនេះ គឺយើងបានទទួលដីកាពីតុលាការកំពូល រុញឲ្យតុលាការសាលាដំបូង ដើម្បីស៊ើបអង្កេតឡើងវិញក្នុងករណីសំណុំរឿងលោក ជា វិជ្ជា»។
ចំណែកលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងអ្នកស្រី សេង ធារី ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរដែលត្រូវជាមិត្តជិតស្និទ្ធសពលោក ជា វិជ្ជា ក៏បានរិះគន់ចំណាត់ការរបស់សមត្ថកិច្ចដែលមិនទាន់អាចចាប់ខ្លួនឃាតកពិតសម្លាប់ លោក ជា វិជ្ជា និងអតីតមេដឹកនាំសមាជិករបស់ផ្សេងទៀតបាននៅឡើយ។
កញ្ញា សេង ធារី បានថ្លែងថា រយៈពេល ១០ឆ្នាំមកនេះ សពលោក ជា វិជ្ជា មិនទាន់ទទួលបានយុត្តិធម៌ទេ៖ «ជាក់ស្ដែងហើយរដ្ឋាភិបាលមានតួនាទីកំពូល ពីព្រោះនេះជាតួនាទីផ្លូវការ ជាតួនាទីរបស់គាត់។ ប៉ុន្តែយើងក៏អត់សង្ឃឹមទៅលើរដ្ឋាភិបាលទាំងស្រុងដែរ ពីព្រោះយើងឃើញថា រដ្ឋាភិបាលគាត់អត់បានយកចិត្តទុកដាក់ ហើយក៏មានភាពសង្ស័យថា រដ្ឋាភិបាលក៏អាចមានដៃចូលរួមក្នុងការធ្វើឃាតគាត់ដែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺតាមទូរស័ព្ទបានទេ នៅថ្ងៃពុធ ទី២២ ខែមករា។ ប៉ុន្តែកន្លងមក លោកបានបញ្ជាក់ថា សំណុំរឿងឃាតកម្មសពលោក ជា វិជ្ជា សមត្ថកិច្ចមិនទាន់បិទសំណុំរឿងទេ។
ទាក់ទិនបញ្ហានេះ កន្លងមកសមត្ថកិច្ចបានចាប់ខ្លួនបុរសចំនួន ២នាក់ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន បញ្ជូនទៅតុលាការផ្ដន្ទាទោស ហើយជនសង្ស័យទាំងពីរនោះ ត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារជាច្រើនឆ្នាំ។ ប៉ុន្តែក្រោយមកត្រូវបានដោះលែងដោយសាររកឃើញគ្មានកំហុសឆ្គង។ សម្រាប់មន្ត្រីសង្គមស៊ីវិលជាតិនិងអន្តរជាតិ បានចាត់ទុកការចាប់ខ្លួនលោក ប៊ន សំណាង និងលោក សុខ សំអឿន ថាជាឃាតកសប្បនិម្មិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។