មនុស្ស​២​នាក់​ត្រូវ​ចាប់​ខ្លួន​និង​ជាង​១០​នាក់​​របួស​ក្នុង​ពេល​តវ៉ា​នៅ​ក្រុមហ៊ុន​កាពីតូល

0:00 / 0:00

សមត្ថកិច្ច​ខណ្ឌ​៧​មករា ចាប់​ខ្លួន​មនុស្ស ២​នាក់ ក្នុង​ពេល​អតីត​អ្នក​បើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល តវ៉ា​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ចរចា និង​យក​ពួកគាត់​ចូល​ធ្វើ​ការ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។ ការ​ចាប់​ខ្លួន​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​ប៉ះទង្គិច​ជាមួយ​សមាគម​អ្នក​រត់​រ៉ឺម៉ក​កង់បី ដែល​ប្រើ​ដំបង​ឈើ បំពង់​ទីប និង​ដុំ​ថ្ម បណ្ដាល​ឲ្យ​មនុស្ស​ជាង ១០​នាក់​រង​របួស​ធ្ងន់​ស្រាល។

ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បី ដែល​គេ​ស្គាល់​ថា សមាគម​រួបរួម​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​ក្នុង​ដៃ​មាន​កាន់​ដំបង​ឈើ បំពង់​ទីប ម្នាក់ៗ​មាន​វិទ្យុ​ទាក់ទង និង​ពាក់​មួក​សុវត្ថិភាព​ផង បាន​វាយ​ប្រតប់​គ្នា និង​ដណ្ដើម​បដា​ជាមួយ​ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​កាពីតូល នៅ​ខាង​មុខ​ក្រុមហ៊ុន ជិត​ផ្សារ​អូរឫស្សី ក្នុង​សង្កាត់​បឹងព្រលិត ខណ្ឌ​៧​មករា។

បន្ទាប់​ពី​វាយ​តប់​គ្នា​មួយ​ប្រាវ កម្លាំង​សមត្ថកិច្ច​ដែល​មាន​ទាំង​ខែល និង​ដំបង​ឆក់ បាន​ព្យាយាម​រុញ​ច្រាន​ឲ្យ​អ្នក​តវ៉ា​ជា​អតីត​អ្នក​បើក​រថយន្ត​ក្រុង​អោយ​ដើរ​ចេញ​ពី​កន្លង​តវ៉ា។

អតីត​អ្នក​បើក​រថយន្ត​ក្រុង​មួយ​រូប លោក ថេត វុទ្ធី ដែល​មាន​របួស​ត្រង់​ក្បាល ចោទ​ថា ក្រុមហ៊ុន​កាពីតូល បាន​ជួល​ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បី​វាយ​បំបែក​ហ្វូង​អ្នក​តវ៉ា៖ «ទោះ​ត្រូវ​វាយដំច្រំធាក់​យ៉ាង​ម៉េច​ក៏​ដោយ ព្រោះ​នេះ​ជា​ឆន្ទៈ​របស់​ពួក​ខ្ញុំ​ដែល​ទទួល​រង​ការ​កៀបសង្កត់​ជិះជាន់​មក​លើ​ពួក​ខ្ញុំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថៅកែ​កាពីតូល នោះ​គាត់​ប្រើ​ពួក​ខ្ញុំ​ធ្វើ​ការ​ថ្ងៃ​អាទិត្យ ថ្ងៃ​បុណ្យ មិន​មាន​ពេល​ឈប់​សម្រាក មិន​មាន​បំណាច់​ឆ្នាំ​មិន​មាន​កាត​ ប.ស.ស ទៅ​ព្យាបាល​ជំងឺ»

អតីត​អ្នក​បើក​រថយន្ត​ក្រុង​មួយ​រូប​ទៀត គឺ​លោក ប៉ិល វឿន ថ្លែង​ថា ពួកគាត់​ទាំង ​៤៥​នាក់​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ស្នើ​ឲ្យ​ក្រុមហ៊ុន​យក​ចូល​ធ្វើការ​វិញ ទៅ​តាម​សេចក្ដី​បង្គាប់​របស់​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុន្តែ​ក្រុមហ៊ុន​មិន​អនុវត្ត​តាម ហើយ​បែរ​ជា​ដាក់​ពាក្យ​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ទៀត​ផង៖ «សូម្បី​សម្ដេច​គាត់​និយាយ​ថា ក្រុមហ៊ុន​មួយ​មាន​សហជីព​មួយ​ក៏​ក្រុមហ៊ុន​មិន​អនុវត្ត​តាម។ សូម្បី​តែ​សាលា​រាជធានី​ភ្នំពេញ ដាក់​បញ្ជា​ឲ្យ​ក្រុមហ៊ុន​យក​ពួក​ខ្ញុំ ៤៥​នាក់ ចូល​ធ្វើការ​វិញ ថៅកែ​ក្រុមហ៊ុន​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា គេ​មិន​យក​ទេ មនុស្ស​ទាស់​គ្នា ហើយ​យក​មក​ធ្វើការ​ម៉េច​កើត។ គាត់​ចោទ​ខ្ញុំ​គ្រប់​ច្រកល្ហក»

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ ជំនួយ​ការ​អគ្គនាយក​ក្រុមហ៊ុន​កាពីតូល លោក ភូ កុកវ៉ាន់ ថ្លែង​ថា អ្វី​ដែល​អតីត​អ្នក​បើក​រថយន្ត​លើក​ឡើង​គឺ​ជា​ការ​មួលបង្កាច់​ទាំង​ស្រុង។ លោក​ថា ក្រុមហ៊ុន​បាន​ប្ដឹង​ពួកគាត់​ពី​បទ​រំលោភ​កិច្ច​សន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន រំលោភ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ដែល​បាន​លួច​កិបកេង​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន និង​រំលោភ​ច្បាប់​ការងារ។

លោក​ថា ការ​តវ៉ា​គឺ​ជា​ការ​រៀបចំ​ទុក​ដោយ​មាន​ពី​សហភាព​ការងារ​កម្ពុជា៖ «ពួកគាត់​បាន​យក​ជន​ពាល​នៅ​ខាង​ក្រៅ​ ដែល​មិន​មែន​ជា​អតីត​អ្នក​បើកបរ​ក្រុមហ៊ុន។ ម្សិលមិញ​ក៏​ដូច​គ្នា គឺ​មក​ពី​រោងចក្រ​ផ្សេងៗ​មាន​ទាំង​ស្រី​ទាំង​ប្រុស ថ្ងៃ​នេះ​ក៏​ដូច​គ្នា គឺ​គាត់​បាន​កាក់​ឡាន​របស់​ក្រុមហ៊ុន។ យើង​មាន​ភស្តុតាង​យើង​មាន​វីដេអូ​ច្បាស់លាស់។ ពួកគាត់​បាន​ប្រើ​ដុំ​ថ្ម​គប់​មក​លើ​សមត្ថកិច្ច​ទៀត។ យើង​បាន​ប្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​រំលាយ​កិច្ច​សន្យា​ជាមួយ​គាត់ និង​ប្ដឹង​ទាមទារ​សំណង​ពី​ពួកគាត់​ដែល​ពួកគាត់​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទ្រព្យ​ សម្បត្តិ​របស់​ក្រុមហ៊ុន និង​សេវា​កម្ម​ដែល​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​ភ្ញៀវ​កន្លង​មក»

ក្នុង​ពេល​តវ៉ា​នោះ អតីត​អ្នក​បើក​រថយន្ត​ក្រុង​ម្នាក់ ឈ្មោះ ណន វណ្ណា និង​សមាជិក​សមាគម​កម្មករ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក រស់ ស៊ីថៃ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការ​ខណ្ឌ​៧​មករា។ ក្នុង​ពេល​ប៉ះទង្គិច​បង្ក​ឲ្យ​អតីត​អ្នក​បើក​រថយន្ត​ក្រុង ១៣​នាក់​រង​របួស ក្នុង​នោះ ២​នាក់​របួស​ធ្ងន់​ដោយ​បែក​ក្បាល និង​បែក​ភ្នែក និង​សមត្ថកិច្ច​ម្នាក់​ក៏​រង​របួស​ដែរ។

អតីត​អ្នក​បើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល ជាង ៤០​នាក់ និង​មន្ត្រី​សហជីព​ស៊ីខៅឌូ រួម​ទាំង​មន្ត្រី​សមាគម​កម្មករ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ បាន​នាំ​គ្នា​បន្ត​ការ​តវ៉ា​របស់​ខ្លួន​ខាង​មុខ​ក្រុមហ៊ុន ជិត​ផ្សារ​អូរឫស្សី ដោយ​ឈរ​កាន់​បដា រារាំង​រថយន្ត​ដឹក​ភ្ញៀវ​និង​ស្រែក​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ផ្អាក​ប្រើប្រាស់​សេវា ឬ​ជិះ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កាពីតូល។

ទាក់ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​មនុស្ស មន្ត្រី​អធិការ​ខណ្ឌ​៧​មករា លោក នេត ស៊ីថេត បដិសេធ​មិន​អត្ថាធិប្បាយ​ដោយ​ថា ជាប់​រវល់។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា នេះ​មិន​មែន​ជា​លើក​ទី​១​នៅ​ពេល​អតីត​អ្នក​បើក​ឡាន​ក្រុង​តវ៉ា ហើយ​មាន​ភាគី​ទី​៣ បង្ក​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា។ លោក​ថា នេះ​ជា​ទិដ្ឋភាព​មួយ​ដែល​កងកម្លាំង​បណ្ដោយ​ឲ្យ​កើត​អំពើ​ហិង្សា​ដើម្បី​យក​លេស​បង្ក្រាប និង​ចាប់​ខ្លួន​ក្រុម​អតីត​អ្នក​បើក​រថយន្ត​ក្រុង៕

សូម​ស្ដាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី អ្នកស្រី ខែ សុណង ជាមួយ​នឹង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ទាក់ទង​នឹង​បាតុកម្ម​​នេះ​បន្ថែម​ដូច​ត​ទៅ៖

0:00 / 0:00

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។