សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ស្នើឲ្យអភិបាលខេត្តកំពង់ស្ពឺ អន្តរាគមន៍ឲ្យមានការដោះលែងមន្ត្រីសហជីព ២រូប ដែលតុលាការចោទប្រកាន់ក្រោមបទចោទញុះញង់។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានដាក់លិខិតទៅអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា លោក អ៊ូ សំអួន ឲ្យជួយសម្របសម្រួលដោះលែងកញ្ញា យ៉ុង លាភ មន្ត្រីសហជីពសេរីកម្មករ និងលោក ទូច ស្រ៊ុន ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសេរី (Cerie) ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ដែលចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនដាក់ពន្ធនាគារវិញ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់ខ្លួនមន្ត្រីសហជីពសេរីកម្មករទាំង ២នាក់ បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ក្រោមបទចោទញុះញង់។ ការចាប់ខ្លួនធ្វើឡើងបន្ទាប់ពីពួកគេរំសាយបាតុកម្មដុតកង់ឡានមុខរោងចក្រសេរី ទាមទារឲ្យថៅកែចេញមកដោះស្រាយបញ្ហាជូនពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។