មន្ត្រី​សហជីព​២​រូប​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​បាវិត​កោះ​ហៅ​បំភ្លឺ​រឿង​ទំនាស់​កូដកម្ម

0:00 / 0:00

មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ២​រូប ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កោះ​ហៅ​ទៅ​បំភ្លឺ​រឿង​ដឹក​នាំ​កម្មករ​ធ្វើ​កូដកម្ម​​មាន​វិវាទ​ជាមួយ​មន្ត្រី​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេសា។ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​សាកសួរ​​អ្វី​មន្ត្រី​សហជីព​នៅ​ឡើយ​ទេ ដោយសារ​ក្រុម​កម្មករ​លើក​គ្នា​ប្រមាណ ១​ពាន់​នាក់​មក​គាំទ្រ​មន្ត្រី​សហជីព​នៅ​មុខ​សាលា​ក្រុង។

មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ចាត់​ទុក​ការ​កោះ​ហៅ​ទៅ​ស្រាយ​បំភ្លឺ​របស់​អាជ្ញាធរ​ប៉ូលិស​ក្រុង​បាវិត នេះ ថា​ជា​រឿង​អយុត្តិធម៌ បំភិតបំភ័យ​លើ​មន្ត្រី​សហជីព​ ដើម្បី​រារាំង​មិន​ឲ្យ​ចូល​រួម​ដឹក​នាំ​កម្មករ​ធ្វើ​កូដកម្ម តវ៉ា​អត្ថប្រយោជន៍​ការងារ​ក្នុង​​រោងចក្រ។

មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ទាំង ២​រូប​ ដែល​អាជ្ញាធរ​កោះហៅ រួម​មាន​ លោក ជា ឧត្ដម និង​លោក ស៊ិន ចិត្ត អ្នក​ទាំង​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ​​ក្នុង​រឿង​ទំនាស់​ជាមួយ​មន្ត្រី​រោងចក្រ​នា​ពេល​ធ្វើ​កូដកម្ម​ កាលពី​ថ្ងៃ​ទី​២៦ មេសា កន្លង​ទៅ។

មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ដែល​ចូល​ទៅ​​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អាជ្ញាធរ​ម្នាក់ គឺ ជា ឧត្ដម ថ្លែង​នៅ​ថ្ងៃ​ទី​២៨ មេសា ថា អាជ្ញាធរ​ប៉ូលិស​ក្រុង​បាវិត កោះ​ហៅ​រូប​លោក​ទៅ​បំភ្លឺ ដោយ​ពុំ​មាន​​កំហុស​អ្វី​ទាល់​តែ​សោះ។ លោក​ជា​ឧត្ដម​បញ្ជាក់​ថា ​លោក​បាន​ចូល​ខ្លួន​​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​អាជ្ញាធរ នៅ​សាលា​ក្រុង​បាវិត ប៉ុន្តែ​អាជ្ញាធរ​​បែរ​ជា​មិន​បាន​ចេញ​មក​សាក​សួរ​អ្វី​លើ​រូប​លោក​ទាំង ២​នាក់​ទេ​ គឺ​គ្រាន់​តែ​បញ្ជាក់​ថា​ ជាប់​រវល់​ហើយ​ពន្យារ​ពេល​ការ​សាក​សួរ​​ពេល​ក្រោយ​ទៅ​វិញ។

លោក​ថា​អាជ្ញាធរ​​ពន្យារ​សាកសួរ​នេះ ដោយសារ​ឃើញ​មាន​ក្រុម​ប្រមាណ ១​ពាន់​នាក់​ ប្រដាប់​ដោយ​គ្រឿង​បំពង​សំឡេង​ផង​ បាន​អម​ដំណើរ​​ធ្វើ​ជា​សាក្សី​លើ​រូប​លោក​ដល់​សាលា​ក្រុង។ លោក​ថា អាជ្ញាធរ​មាន​​គម្រោង​បញ្ជូន​សំណុំរឿង​​ក្នុង​ទំនាស់​របស់​លោក​ទាំង ២​នាក់ ទៅ​ដោះស្រាយ​នៅ​តុលាការ​នា​ពេល​ខាង​មុខ។

លោក ជា ឧត្ដម៖ «ខ្ញុំ​បន្តិច​កោះហៅ​ទៅ​ហើយ​ពុំ​មាន​ការ​ជជែក មាន​ការ​ដោះស្រាយ ប៉ុន្តែ​ទៅ​ជា​រុញ​សំណុំ​រឿង​ទៅ​តុលាការ​អី​អ៊ីចឹង។ អត់​មាន​បញ្ហា​ធំដុំ​ហ្នឹង​កោះ​ហៅ​ទៅ​ផង ព្រោះ​អី​គ្រាន់​តែ​ថា​ធម្មតា​ភាគី​ខាង​រោងចក្រ​និង​ភាគី​ខាង​សហជីព​តែង​ប្រឈម​មុខ​គ្នា។ ជាក់​ស្ដែង​ខាង​រោងចក្រ​ហ្នឹង​មាន​កាយវិការ​មិន​សម​មក​លើ​យើង​អ៊ីចឹង​ទៅ​ ដូច​ជា​សកម្មភាព​ខ្ញុំ​ជា​ដើម គាត់​ទាត់​ខ្ញុំ ហើយ​គាត់​ប្ដឹង​ខ្ញុំ​ទៀត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​ក្រុង​បាវិត លោក កែវ គង់ មាន​ប្រសាសន៍​​បញ្ជាក់​ថា ការ​កោះហៅ​មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ទាំង ២​រូប​មក​សាកសួរ​ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​​​ដែល​ប្ដឹង​មក​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​គឺ​ពុំ​មែន​ជា​រឿង​ទំនាស់​មិន​ឲ្យ​ធ្វើ​កូដកម្ម​ទេ។ លោក​ថា អាជ្ញាធរ​ក៏​ពុំ​មាន​​គម្រោង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​សហជីព​​ឡើយ។

លោក កែវ គង់៖ «បណ្ដឹង​បរិហារកេរ្តិ៍​ប្រជាពលរដ្ឋ​ដាក់​បណ្ដឹង​មក​ខ្ញុំ​ហ្នឹង​ណាស់! ដល់​ឥឡូវ​ខ្ញុំ​វា​រវល់​ពេក មិន​ទាន់​​បាន​កោះហៅ មិន​ទាន់​​បាន​ជួប​សួរ​នាំ​ទេ ហើយ​កម្មករ​រោងចក្រ​គ្រប់​រោងចក្រ​គេ​បាតុកម្ម អ៊ីចឹង​ពន្យារ​ពេល​សិន ហើយ​អ្នក​ណា​និយាយ​អ្នក​ហ្នឹង​ទទួល​ទៅ ខ្ញុំ​មិន​ទាន់​​បាន​ធ្វើ​ស្អី​បន្តិច​ទេ»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង ដែល​បាន​អង្កេត​រឿង​នេះ​ លោក នុត ប៊ូពិណារ័ត្ន បញ្ជាក់​ថា​ អាជ្ញាធរ​​កោះហៅ​មន្ត្រី​សហជីព ទាំង ២​រូប​ ទៅ​សាកសួរ ក្នុង​គោលបំណង​រារាំង​​មិន​ឲ្យ​ដឹក​នាំ​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ការងារ​ជា​មួយ​រោងចក្រ គឺ​ពុំ​មែន​​ជា​ការ​កោះហៅ​​ទៅ​សាកសួរ ក្នុង​រឿង​ទំនាស់​បរិហារកេរ្តិ៍ ដូច​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ប៉ូលិស​ឡើយ។

លោក នុត ប៊ូពិណារ័ត្ន៖ «ហេតុ​ផល​ដែលគេ​ថា​មាន​អ្នក​ប្ដឹង​ពាក់ព័ន្ធ​បរិហារកេរ្តិ៍​​បរ​អី​ហ្នឹង​ជា​អាជ្ញាធរ​ហេតុ​ផល​ដែល​អាជ្ញាធរ​អះអាង ប៉ុន្តែ​ការពិត​ដែល​យើង​ដឹង​គឺ​មិន​មែន​ទេ គឺ​ជា​រឿង​មួយ​គេ​អាច​ចោទ​សហជីព​ហ្នឹង​ថា ជា​អ្នក​​ញុះញង់ ឬ​ជា​អ្នក​ដឹក​នាំ​ឲ្យ​មាន​ការ​ធ្វើ​កូដកម្ម។ អ៊ីចឹង​រឿង​នេះ​ជា​រឿង​មួយ​ដែល​គេ​ដាក់​បន្ទុក​ទៅ​លើ​សហជីព​ហ្នឹង​តែ​ម្ដង តែង​តែ​ថា​សហជីព​ហ្នឹង​ជា​អ្នក​ញុះញង់​កម្មករ​អី​ហ្នឹង។អ៊ីចឹង​ក្នុង​នាម​​សង្គម​ស៊ីវិល​នេះ មិន​មែន​ជា​រឿង​ពិត​ទេ មិន​មែន​ជា​ថា​មាន​អ្នក​ប្ដឹង​ទេ ជា​រឿង​មួយ​គេ​ធ្វើ​ឲ្យ​មាន​ការ​ភិតភ័យ​ទៅ​ដល់​សហជីព​ហ្នឹង កុំ​ឲ្យ​ថ្ងៃ​ក្រោយ​ហ៊ាន​ធ្វើ​សកម្មភាព​អី​ផ្ដេសផ្ដាស​ទៀត»

មន្ត្រី​សម្ពន្ធ​សហជីព​ចលនា​កម្មករ​កាល​ពី​មុខ​បុណ្យ​​ចូល​ឆ្នាំ​កន្លង​ទៅ​ពួកគេ​​ធ្លាប់​​ធ្វើ​សកម្មភាព​ដើរ​ចែក​ខិត្តប័ណ្ណ​អំពាវនាវ​កម្មករ​ឲ្យ​ចូល​រួម​ធ្វើ​កូដកម្ម​សុំ​ឲ្យ​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ ២១​នាក់​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម និង​សុំ​​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​របស់​កម្មករ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ អាជ្ញាធរ​ក៏​បាន​ដាក់​​​កម្លាំង​តាម​ដាន​រំខាន​សកម្មភាព​របស់​ពួកគេ​ជា​បន្ត​បន្ទាប់​រហូត​មក៕​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។