ពិធីបុណ្យសមុទ្រលើកទី៣ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ នាទីប្រជុំជនខេត្តកោះកុង ប៉ុន្តែមិនទាន់ឃើញមនុស្សចូលរួមច្រើនកុះករទេ។ កម្លាំងសមត្ថកិច្ចមកពីគ្រប់ស្ថាប័ន ក៏បានដាក់ពង្រាយរង់ចាំការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវ ដែលមកចូលរួមកម្មវិធីបុណ្យសមុទ្រទាំងនៅតាមផ្លូវជាតិ តាមផ្លូវទឹក និងនៅតាមគោលដៅនានាចូលមកទីរួមខេត្តកោះកុង។
ពិធីបុណ្យសមុទ្រលើកទី៣ ឆ្នាំនេះ រៀបចំដោយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានលើកយកវិស័យកីឡាជាអាទិភាពសំខាន់ ក្នុងការរៀបចំដឹកនាំកម្មវិធីនេះ។ ក្នុងនោះ បានបង្កើតឲ្យមានកម្មវិធីប្រកួតកីឡាចំនួន ១៣ប្រភេទកីឡាផ្សេងគ្នា ព្រមទាំងមានសម្ដែងសិល្បៈចម្រៀងសម័យ និងការដើរបង្ហាញម៉ូត ជាដើម ទំនងថាអាចធ្វើអោយរញ្ជួយរង្គើឆ្នេរសមុទ្រខេត្តកោះកុង។
វេទិកាសម្រាប់ថ្នាក់ដឹកនាំអង្គុយ ឬទីតាំងប្រកួតកីឡា និងឆាកប្រគំតន្ត្រី ជាដើម គឺបានរៀបចំនៅជាប់មាត់សមុទ្រ ដែលមានខ្យល់បក់បោកជាប់មិនដាច់ និងលំអដោយភ្លើងចម្រុះពណ៌។ ជាងនេះ កម្លាំងចម្រុះមកពីគ្រប់ស្ថាប័ន មានដូចជា កម្លាំងកងរាជអាវុធហត្ថ នគរបាលគ្រប់ជំនាញ និងកងទ័ពជើងទឹកជើងគោក ជាដើម ត្រូវបានដាក់ពង្រាយ ឬត្រៀមការពារនៅគ្រប់គោលដៅនៃច្រកចូលមកខេត្តកោះកុង ឬជិតទីកន្លែងរៀបចំកម្មវិធីបុណ្យ ដើម្បីការពារសន្តិសុខជូនភ្ញៀវ និងបញ្ចៀសការកកស្ទះ ជាដើម។
បុណ្យសមុទ្រឆ្នាំនេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤។ បុណ្យសមុទ្រលើកទី១ ធ្វើនៅឆ្នាំ២០១១ នាខេត្តព្រះសីហនុ និងលើកទី២ នៅឆ្នាំ២០១៣ នាខេត្តកែប។ ការរៀបចំពិធីបុណ្យសមុទ្ររបស់ប្រទេសកម្ពុជា បានរៀបចំឡើងបន្ទាប់ពីឆ្នេរសមុទ្រកម្ពុជា បានប្រកាសជាផ្លូវការដាក់បញ្ចូលចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតនៅលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)។
ស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន ថ្លែងថា បុណ្យសមុទ្រឆ្នាំនេះ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ បានត្រៀមលក្ខណៈប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសលើបញ្ហាការពារសុវត្ថិភាពជូនភ្ញៀវទាំងយប់ថ្ងៃ ដោយបានពង្រាយកម្លាំងប្រចាំការនៅគ្រប់គោលដៅ ឬផ្លូវជាតិ ឬតាមផ្លូវស្ងាត់ចេញ ឬចូលមកទីរួមខេត្តកោះកុង។ ជាងនេះ ដើម្បីផ្តល់ការងាយស្រួលដល់ភ្ញៀវស្នើកិច្ចអន្តរាគមន៍ជួយសង្គ្រោះលើបញ្ហាផ្សេងៗ ក្រសួងមហាផ្ទៃ ក៏បានចែកជូនលេខទូរស័ព្ទរបស់លោកស្នងការនគរបាល និងមន្ត្រីនគរបាលក្រោមឱវាទទូទាំងខេត្តកោះកុង នៅតាមស្រុកនីមួយៗ តាមរយៈការចែកជូនប័ណ្ណព័ត៌មានជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្ត ឬម៉ូតូ ជាដើម មកចូលរួមបុណ្យសមុទ្រ ដើម្បីទាក់ទងពេលជួបបញ្ហាអ្វីមួយ។
បន្ថែមលើនេះ អាជ្ញាធរជំនាញពាក់ព័ន្ធនៅតាមខេត្តនានាមានព្រំប្រទល់ជាប់ខេត្តកោះកុង ក៏បានចូលរួមចំណែកក្នុងកិច្ចការពារសន្តិសុខ ដោយការទទួលខុសត្រូវដែរ។ ក្រៅពីនេះ ក៏បាននាំយករថយន្តពន្លត់អគ្គីភ័យ និងរថយន្តពេទ្យ ដាក់ពង្រាយនៅតាមផ្លូវជាតិចូលមកខេត្តកោះកុង ជាហូរហែ ដើម្បីរង់ចាំជួយសង្គ្រោះនៅពេលប្រជាពលរដ្ឋ ឬភ្ញៀវជួបគ្រោះថ្នាក់អ្វីមួយជាយថាហេតុថែមទៀត។
ទាក់ទិនបញ្ហានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នៅថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រឆ្នាំនេះ គឺក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទ គឺបានលើកយកកីឡាប្រណាំងកង់ និងប្រដាល់ជាលក្ខណៈមិត្តភាពកម្ពុជា-ថៃ មកប្រកួត និងសម្ដែងជូនភ្ញៀវទស្សនា។ ហើយថា ប្រភេទកីឡាផ្សេងៗទៀត នឹងត្រូវលើកយកមកប្រកួត ឬសម្ដែងជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាទាំងអស់ នៅថ្ងៃទី១៣ ខែធ្នូ។ ប្រភេទកីឡាទាំងនោះមានដូចជា លោតឆត្រពីលើអាកាស ហែលទឹកចម្ងាយឆ្ងាយ ប្រណាំងទូក និងរត់ប្រណាំង ជាដើម៖ «យើងមានកីឡាល្បុក្កតោ កីឡាហោះហើរ មានប៊ូល ប៉េតង់ រត់ប្រណាំង ប្រណាំងកង់ បាល់ទះលើឆ្នេរខ្សាច់ និងកីឡាហែលទឹកចម្ងាយឆ្ងាយនៅក្នុងសមុទ្រ»។
ទោះជាបែបនេះក្តី ប្រជាពលរដ្ឋមួយចំនួនដែលបានមកចូលរួមអបអរសាទរពិធីបុណ្យសមុទ្រឆ្នាំនេះ បានរអ៊ូរទាំថា តម្លៃផ្ទះសំណាក់ ឬសណ្ឋាគារ ជាដើម ត្រូវម្ចាស់ធ្វើអាជីវកម្មភាគច្រើន បានដំឡើងតម្លៃជួលកើនខ្ពស់ទ្វេគុណ គឺ ១គុណនឹង៣ ឬ ៥ជាដើម។ មានន័យថា ផ្ទះសំណាក់ធ្លាប់ជួលបានក្នុងតម្លៃមិនដល់ ១០ដុល្លារសហរដ្ឋអាមេរិកផង ប៉ុន្តែពេលនេះ បានដំឡើងតម្លៃដល់ ៣០ ឬ ៤០ដុល្លារក្នុងមួយយប់។ រីឯបន្ទប់សណ្ឋាគារវិញ ដែលពីមុនអាចជួលត្រឹម ១៥ដុល្លារក្នុងមួយយប់ ប៉ុន្តែពេលនេះ គឺបានដំឡើងតម្លៃដល់ពី ៥០ ទៅ ៦០ដុល្លារ ឬក៏ច្រើនជាងនេះក៏មាន។
ទោះជាបែបនេះក្តី ក៏នៅមានម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារមួយចំនួន ក៏មិនបានកាប់តម្លៃជួលផ្ទះស្នាក់នៅពីភ្ញៀវច្រើនពេកទេ មានដូចជា ផ្ទះសំណាក់កុលាបជាយដែន ជាដើម។ ប៉ុន្តែអ្នកទទួលខុសត្រូវក្នុងការជួលបន្ទប់ផ្ទះសំណាក់នេះ បានទទួលស្គាល់ថា ថៅកែពិតជាបានដំឡើងតម្លៃបន្ទប់ជួលនៅក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៣ នៅខេត្តកោះកុង ពិតមែន ដោយពោលពាក្យថា យូរៗមានឱកាសកើបលុយនេះម្តង។
ត្រង់ចំណុចនេះ ដើម្បីជួយសម្រួលដល់អ្នកចូលរួមបុណ្យសមុទ្រឆ្នាំនេះ អ្នករៀបចំកម្មវិធីបុណ្យបានឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធរៀបចំកម្មវិធីបុណ្យសមុទ្រ បានសង់រោង ឬស្តង់សម្រាប់ផ្តល់ជូនភ្ញៀវដែលរកផ្ទះសំណាក់ ឬសណ្ឋាគារសម្រាប់ស្នាក់នៅ និងសម្រាកពុំបានរាប់រយកន្លែង មានទីតាំងជាប់ជាប់មាត់សមុទ្រ និងមានខ្យល់អាកាសត្រជាក់ជាប់ចិត្តថែមទៀត។
យ៉ាងណាក៏ដោយ នៅថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ ព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ មិនសូវឃើញមានប្រជាពលរដ្ឋមកចូលរួមច្រើនទេ ប៉ុន្តែឃើញមានវត្តមានច្រើននៅពេលល្ងាច។ ហើយភាគច្រើនអ្នកចូលរួម គឺពួកគេបានស្វែងរកទិញទំនិញ ឬសម្ភារៈប្រើប្រាស់មានដូចជា គ្រឿងក្រអូប សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។ មានស្តង់លក់ដូរសម្ភារៈប្រើប្រាស់ និងអាហារហូបចុកជាង ៣០០កន្លែង ហើយម្ចាស់ធ្វើអាជីវកម្ម និងទំនិញទាំងនោះ គឺភាគច្រើននាំមកពីប្រទេសថៃ ឬជាអាជីវករជនជាតិថៃ ជាអ្នកលក់ដូរ។ ជាងនេះ ប្រជាពលរដ្ឋថៃ ត្រូវមន្ត្រីរៀបចំបុណ្យសមុទ្រព្យាករថា អាចមានចំនួនរាប់ពាន់នាក់ បានចូលមកអបអរសាទរពិធីបុណ្យសមុទ្រក្នុងរយៈពេល ៣ថ្ងៃនេះ ព្រោះអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរ បានជួយសម្រួលដល់ការធ្វើដំណើរចេញចូលតាមព្រំដែនរវាងប្រទេសទាំងពីរ មានលក្ខណៈងាយស្រួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។