កម្មករ​រោងចក្រ​៦១​នាក់​រង​របួស​ដោយសារ​ក្រឡាប់​រថយន្ត

កម្មករ​រោងចក្រ​តម្បាញ ជុង ហ្វៃ ស្ថិត​នៅ​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ចំនួន ៦១​នាក់ រង​របួស​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កញ្ញា។

​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ ជុង ហ្វៃ លោក ទិត្យ ផាត ឲ្យ​ដឹង​ថា ក្នុង​ចំណោម​កម្មករ​របួស ៦១​នាក់​នោះ មាន ៥​នាក់​របួសធ្ងន់ គឺ​ស្ត្រី​មាន​ផ្ទៃពោះ ៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ និង​ស្ត្រី​ម្នាក់​ទៀត​របួស​បាក់​ដៃ​ម្ខាង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

លោក​បញ្ជាក់​ថា ក្រៅ​ពី​នោះ កម្មករ​ភាគ​ច្រើន​របួសស្រាល រលាត់​ដៃជើង ជាំ​ខ្មៅ​ដោយ​កន្លែង។ ក្រោយ​ពី​គ្រូពេទ្យ​ពិនិត្យ​រួច​បាន​សរសេរ​វេជ្ជបញ្ជា​ឲ្យ​ទិញ​ថ្នាំ​យក​ទៅ​លេប​នៅ​ផ្ទះ។

តាម​ការ​អះអាង​របស់​លោក​រថយន្ត​នោះ​បាន​ក្រឡាប់​នៅ​តាម​ផ្លូវលំ​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ប្រជុំអង្គ ឃុំ​ជើងកើប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ខណៈ​ដែល​ទៅ​ដឹក​កម្មករ​នៅ​តាម​ភូមិ យក​ទៅ​ធ្វើ​ការ​តាម​ទម្លាប់៖ «តាម​ព័ត៌មាន​ដែល​ខ្ញុំ​សួរ​អ្នក​ជិះ​ឡាន​នោះ ឡាន​នោះ​បើក​មក​លើ​ផ្លូវថ្នល់​លំ គាត់​បើក​ជៀស​គំហុក​ដែល​មាន​ដក​ទឹក ហើយ​វា​ផ្អៀង​មក​ម្ខាង ដល់​រអិល​ទៅ​ផ្អៀង​ក្រឡាប់​តែម្ដង»

រថយន្ត​ដែល​ក្រឡាប់​នោះ​ចំណុះ ២​តោន​កន្លះ និង​ផ្ទុក​កម្មករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ប្រមាណ ៧០​នាក់។

​លោក ទិត្យ ផាត បន្ត​ថា អ្នក​របួស​ទាំង​អស់​ត្រូវ​បាន​បេឡា​សន្តិសុខ​សង្គម​ជា​អ្នក​ធានា​រ៉ាប់រង​លើ​ការ​ចំណាយ​ព្យាបាល។ រីឯ​តៃកុង​ឡាន​និង​រថយន្ត​ដែល​បង្កហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កណ្ដាល ឃាត់​និង​រក្សាទុក​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។