ឃុំត្រពាំងធំ នៃស្រុកប្រាសាទបាគង ស្ថិតនៅចម្ងាយជាង ២៥គីឡូម៉ែត្រ ភាគខាងកើតពីទីរួមខេត្តសៀមរាប។ បច្ចុប្បន្នឃុំនោះ ថ្វីដ្បិតតែមានសាលាឃុំនៅជាប់នឹងផ្លូវជាតិលេខ៦ ក៏ពិតមែន ប៉ុន្តែបណ្ដាញផ្លូវលំជាច្រើនដែលចូលទៅភូមិនានា មានជង្ហុក និងផ្លូវខ្លះដាច់ដោយសារទឹកហូរច្រោះ ធ្វើឱ្យពលរដ្ឋខ្លះត្អូញត្អែរអំពីការពិបាកធ្វើដំណើរ។
ពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅភូមិភ្នំដី និងភូមិល្វា នៃឃុំត្រពាំងធំ កំពុងទទូចឱ្យអាជ្ញាធរឃុំ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ជួយកែលំអផ្លូវលំ១ខ្សែ ដែលខូចខាតធ្ងន់ធ្ងរ ពិបាកធ្វើដំណើរនៅក្នុងភូមិរបស់ពួកគេ។
ក្រុមអ្នកភូមិនិយាយថា ផ្លូវលំ១ខ្សែប្រវែងជាង ៣គីឡូម៉ែត្រដែលតភ្ជាប់ពីភូមិភ្នំដី មកភូមិល្វា បច្ចុប្បន្នមិនអាចឱ្យរថយន្តធ្វើដំណើរឆ្លងកាត់បានទេ ដោយសារតែផ្លូវដាច់ជាច្រើនកន្លែង ហើយគ្មានស្ពាន។ចំណែកឯអ្នកភូមិខ្លួនឯង ក៏ពិបាកធ្វើដំណើរនៅរដូវវស្សាដោយសារតែលិចទឹក ព្រមទាំងដីស្អិត។
ស្ត្រីអ្នកភូមិល្វា ម្នាក់ក្នុងចំណោមអ្នកភូមិជាច្រើនទៀត គឺអ្នកស្រី ឃុត នីម។ អ្នកស្រីមានប្រសាសន៍ក្នុងពេលអង្គុយនៅលើកាំជណ្ដើរមុខផ្ទះថា រាល់ថ្ងៃឱ្យតែមានភ្លៀងធ្លាក់ម្ដងៗ គឺគាត់ពិបាកចិត្តជាខ្លាំងចំពោះបញ្ហាផ្លូវ ដែលកូនៗពិបាកដើរទៅសាលារៀន ឯរូបគាត់ក៏ពិបាកចេញចូលទៅផ្សារដើម្បីទិញម្ហូបចំណីប្រចាំថ្ងៃ។
អ្នកស្រី ឃុត នីម បញ្ជាក់ថា ផ្លូវលំ១ខ្សែ ដែលឆ្លងកាត់ភូមិនេះ នៅពេលដែលមានភ្លៀងធ្លាក់ហើយដក់ទឹកច្រើន គឺមិនអាចជិះកង់ ឬក៏ម៉ូតូបានទេ មានតែដើរតាមភ្លឺស្រែដោយថ្មើជើងប៉ុណ្ណោះ៖ «ខែភ្លៀងម្ដងៗ ឱ្យតែទឹកជោកជាំគឺជាប់ភក់។ គ្រាន់តែខ្ញុំដើរក៏ជាប់ភក់ដែរ ចំណែកអ្នកជិះកង់ ម៉ូតូគឺមកមិនរួចទេ ពិបាកផ្ញើទុកនៅតាមផ្ទះគេ ហើយដើរដោយថ្មើរជើងដដែល»។
អ្នកភូមិល្វា ម្នាក់ទៀត អ្នកស្រី ឃុត ណៃ មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ផ្លូវលំ១ខ្សែនេះ តែដល់រដូវទឹកច្រើន គឺជន់លិចភូមិខ្លះ និងវាលស្រែខ្លះ ដោយសារតែពុំមានប្រព័ន្ធលូរំដោះទឹក។ ស្ត្រីដដែលបញ្ជាក់ថា ដោយសារតែស្ថានភាពផ្លូវពិបាកធ្វើដំណើរ ពេលបច្ចុប្បន្ននេះអ្នកស្រីបានឱ្យកូនតូចៗ ឈប់ទៅរៀនភាសាអង់គ្លេស ពីព្រោះតែគ្មានអ្នកជួយពរឆ្លងទឹកនៅពេលភ្លៀងម្ដងៗ៖ «ពិបាកខ្លាំងណាស់ បច្ចុប្បន្នមានផ្លូវហើយតែកូនចៅដើរទៅរៀនក៏មិនកើត។ ពេលមានទឹកគឺឪពុកវាជញ្ជូនកូនៗយកទៅដាក់នៅថ្នល់ជាតិឱ្យទៅសាលា»។
បច្ចុប្បន្ននេះ ផ្លូវលំ១ខ្សែដែលតភ្ជាប់ពីភូមិភ្នំដី ទៅភូមិល្វា បានដាច់ជាច្រើន កំណាត់ដោយគ្មានស្ពានសម្រាប់ឱ្យរថយន្តគ្រប់ប្រភេទ អាចចេញចូលបានទេ មានតែកំណាត់ឈើតូចៗ ដែលអ្នកភូមិបានយកទៅដាក់សម្រាប់ជិះកង់ និងម៉ូតូឆ្លងប៉ុណ្ណោះ៖ «រថយន្តមួយចំនួនអាចបើកឆ្លងកាត់ភូមិនេះ បាននៅពេលដែលគ្មានភ្លៀង ក៏ប៉ុន្តែត្រូវបើកចុះតាមវាលស្រែ នៅពេលណាទៅដល់កន្លែងផ្លូវដាច់ ហើយពុំមានស្ពានឆ្លងម្ដងៗ»។
អាជ្ញាធរឃុំត្រពាំងធំ ឱ្យដឹងថា ផ្លូវលំជនបទ១ខ្សែនេះ បានដាច់ជាច្រើនកំណាត់រយៈពេល ២ឆ្នាំមកហើយ ដោយសារតែប្រជាពលរដ្ឋកាប់ដីឱ្យទឹកហូរ ពីព្រោះតែកំណាត់ផ្លូវនោះ សាងសង់ឡើងមិនមានដាក់ប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ។

មេឃុំត្រពាំងធំ ដែលទើបតែឡើងកាន់តំណែងថ្មីរយៈពេលជាង ២ខែ លោក សយ សីហា មានប្រសាសន៍ថា ដោយសារស្ថានភាពផ្លូវនោះ ខូចខាតគឺមិនមែនតែពលរដ្ឋទេ ដែលពិបាកធ្វើដំណើរសូម្បីតែរូបលោក ពេលខ្លះក៏ត្រូវលាត់ជើងខោចុះដើរកាត់ទឹកដែរ។ មេឃុំដដែលបញ្ជាក់ថា បច្ចុប្បន្នដោយសារតែផ្លូវនេះខូចខាត មិនត្រឹមតែធ្វើឱ្យប៉ះពាល់ពលរដ្ឋនៅភូមិភ្នំដី និងភូមិល្វា ចំនួនជាង ៥០០គ្រួសារប៉ុណ្ណោះទេ គឺវាធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋនៅភូមិជាច្រើនទៀតដែលត្រូវការធ្វើដំណើរឆ្លងកាត់៖ «ប្រជាពលរដ្ឋហ្នឹងមិនមែនត្រឹមតែប៉ះពាល់ ២ភូមិនៅក្នុងឃុំត្រពាំងធំទេ គឺពលរដ្ឋនៅឃុំដទៃទៀតដែលត្រូវការឆ្លងកាត់ក៏ប៉ះពាល់ដែរ»។
ក្រុមប្រឹក្សាឃុំត្រពាំងធំ ឱ្យដឹងថា ក្នុង១ឆ្នាំៗ ឃុំនេះបានទទួលកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍប្រហែល ៦៨-៦៩លានរៀល ស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិកនោះ គឺមិនគ្រប់គ្រាន់ទៅតាមតម្រូវការអភិវឌ្ឍន៍វិស័យជាច្រើនឡើយ។
លោក សយ សីហា អំពាវនាវដល់សប្បុរសជននានា ប្រសិនបើមានបំណងចង់ជួយអភិវឌ្ឍន៍ឃុំរបស់លោក គឺលោកនឹងស្វាគមន៍ដោយរីករាយ៖ «កញ្ចប់ថវិការបស់ឃុំសម្រាប់ការអភិវឌ្ឍមិនគ្រប់គ្រាន់ ដូច្នេះខ្ញុំអំពាវនាវទៅសប្បុរសជនមេត្តាជួយជាថវិកាជាសម្ភារៈ ឬក៏បច្ចេកទេសក្ដី»។
អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ លោក សុខ ជឿន មានប្រសាសន៍ថា កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០១៧ គឺបានផ្ដល់ជូនទៅតាមឃុំ-សង្កាត់ ជាជំហានទី៣ រួចហើយ នៅសល់តែជំហានចុងក្រោយដែលនឹងគ្រោងបើកឱ្យនៅខែកញ្ញា ខាងមុខនេះទេ៖ «ដល់ខែ៩នេះ យើងចាប់ផ្ដើមទម្លាក់ថវិកាជំហានទី៤ហើយ។ ហ្នឹងជំហានចុងក្រោយនៃមូលនិធិ ១០០% សម្រាប់ឆ្នាំ២០១៧»។
មន្ត្រីដដែលបញ្ជាក់ថា ក្រសួងមហាផ្ទៃ កំពុងឱ្យឃុំ-សង្កាត់ រៀបចំគម្រោងសម្រាប់អភិវឌ្ឍន៍មូលដ្ឋានឆ្នាំថ្មីឆ្នាំ២០១៨ ហើយក្រសួងក៏បានជូនដំណឹងទៅដល់ឃុំ-សង្កាត់ នៅទូទាំងប្រទេសរួចហើយដែរថា តើឃុំ-សង្កាត់ណា ត្រូវទទួលបានកញ្ចប់ថវិកាអភិវឌ្ឍន៍ចំនួនប៉ុន្មានលានរៀល គឺអាស្រ័យទៅលើចំនួនពលរដ្ឋ និងកម្រិតនៃភាពក្រីក្ររបស់ឃុំ-សង្កាត់ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។