Opens in new windowសមាគមការពារសិទ្ធិមនុស្សខេត្តបន្ទាយមានជ័យ បើកការស៊ើបអង្កេត ករណីមន្ត្រីប៉ូលិសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ជនសង្ស័យលួចម៉ូតូដោយបាញ់សម្លាប់នៅកន្លែងកើតហេតុ។ មន្ត្រីប៉ូលិសក្រុងប៉ោយប៉ែត ប្រមាណ ៥នាក់ កាលពីថ្ងៃទី២៤ សីហា កន្លងទៅ តាមចាប់ជនសង្ស័យម្នាក់ដែលគេចោទថាលួចម៉ូតូហុងដាសេរី២០១៥ ចំនួន ២គ្រឿង នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យម្នាក់នោះឈ្មោះ យិន ចាន់លាប អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) មានមន្ទិលសង្ស័យចំពោះការបាញ់សម្លាប់បុរសម្នាក់ក្នុងចំណោមជនសង្ស័យពីរនាក់នោះ ថាជារឿងចេតនាដែលសមត្ថកិច្ចមូលដ្ឋានជាអ្នកបាញ់សម្លាប់។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ប្រតិកម្មភ្លាមៗទៅនឹងសកម្មភាពរបស់សមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត ដែលចាប់ជនសង្ស័យលួចម៉ូតូដោយបាញ់សម្លាប់នេះ ថាជាទង្វើមួយចាប់ជនសង្ស័យខុសច្បាប់។
លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា សមត្ថកិច្ចមិនត្រូវបាញ់សម្លាប់ដើម្បីចាប់ជនសង្ស័យលួចម៉ូតូ ដោយពុំមានការតដៃនោះទេ។ លោកបញ្ជាក់ថា មូលហេតុដែលលោកធ្វើការស៊ើបអង្កេតជុំវិញករណីនេះ ដើម្បីស្វែងរកយុត្តិធម៌ឲ្យជនសង្ស័យ ដែលសមត្ថកិច្ចបានអនុវត្តផ្ទុយពីច្បាប់កំណត់ ពីព្រោះតាមការស៊ើបអង្កេតអស់ជាច្រើនថ្ងៃ លោកមានមន្ទិលសង្ស័យថា ការស្លាប់របស់ជនសង្ស័យដែលលួចម៉ូតូនោះ អាចជាចេតនារបស់សមត្ថកិច្ច៖ «ព្រោះពេលកើតហេតុសមត្ថកិច្ចដល់ទៅ ៥នាក់ ហើយជនសង្ស័យម្នាក់ឯង។ យើងត្រូវតែស៊ើបអង្កេតសំណុំរឿងនេះ តើសមត្ថកិច្ចពិតជាបាញ់ដើម្បីការពារខ្លួនមែន ឬយ៉ាងណា? ព្រោះយើងឃើញការបាញ់នោះចំបេះដូងខាងឆ្វេង គឺជាកន្លែងដែលត្រូវស្លាប់»។
លោកបន្តទៀតថា នៅក្នុងករណីនេះ ប្រសិនបើជនសង្ស័យពុំបានតដៃ និងពុំមានអាវុធជាប់នឹងខ្លួនទេ សមត្ថកិច្ចអាចចាប់ជនសង្ស័យបានដោយងាយស្រួល គឺមិនចាំបាច់ដល់ថ្នាក់ទៅបាញ់សម្លាប់នោះឡើយ។
ឆ្លើយតបនឹងបញ្ហានេះ អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល មានប្រសាសន៍ថា សមត្ថកិច្ចប៉ូលិសពុំមានចេតនាបាញ់សម្លាប់ជនសង្ស័យនោះទេ។ លោកអះអាងថា សមត្ថកិច្ចបានតាមចាប់ជនសង្ស័យដែលលួចម៉ូតូនោះតាំងពីចំណុចផ្សារអគ្គ ហៅផ្សារថ្មី សង្កាត់ប៉ោយប៉ែត តែជនសង្ស័យបានព្យាយាមរត់គេចពីសមត្ថកិច្ច ហើយបានប្រើអាវុធបាញ់តដៃ ទើបសមត្ថកិច្ចបាញ់ឡើងលើការពារខ្លួន ដើម្បីចាប់ជនសង្ស័យផ្ដន្ទាទោសតាមផ្លូវច្បាប់៖ «កម្លាំងសមត្ថកិច្ចយើងបាញ់ប្រហើរទេ តែអ្នកអង្គុយលើម៉ូតូធ្វើម៉េចបើវាត្រូវចំទៅ ដោយសារតែជនសង្ស័យនោះជាមនុស្សអស់លក្ខណ៍។ យើងមិនមែនចង់យកជីវិតគាត់ទេ តែជនសង្ស័យបាញ់មកលើយើង»។
ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋដែលឃើញហេតុការណ៍សុំមិនឲ្យបញ្ចេញឈ្មោះអះអាងថា ហេតុការណ៍ដែលកើតឡើងនោះ សមត្ថកិច្ចមានគ្នាប្រមាណ ៥នាក់ ស្លៀកពាក់ស៊ីវិល និងមានអាវុធគ្រប់ដៃ បានដេញជនសង្ស័យតាមផ្លូវជាតិលេខ៥ រហូតដល់ចំណុចមុខវត្តរតនារាម ហៅវត្តផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពលរដ្ឋរូបនោះអះអាងថា នៅពេលដែលសមត្ថកិច្ចដេញជនសង្ស័យមកដល់កន្លែងស្ងាត់នៅមុខវត្តផ្សារកណ្ដាល ហើយ ពេលនោះសមត្ថកិច្ចបានស្រែកឲ្យជនសង្ស័យឈប់ តែជនសង្ស័យបានដួលម៉ូតូ ហើយបម្រុងរត់គេច ស្រាប់តែសមត្ថកិច្ចម្នាក់ក្នុងចំណោម ៥នាក់ បានបញ្ជាឲ្យបាញ់ជនសង្ស័យតែម្ដង។ ពលរដ្ឋបន្តថា សមត្ថកិច្ចបានបាញ់ជនសង្ស័យពីក្រោយខ្នងចំនួនមួយគ្រាប់ តែជនសង្ស័យមិនទាន់ស្លាប់នោះទេ សមត្ថកិច្ចក៏នាំគ្នាស្ទុះទៅវាយថែមទៀត ព្រមទាំងដាក់ខ្នោះដៃ ហើយអូសទៅចិញ្ចើមផ្លូវរហូតដល់ជនសង្ស័យដាច់ខ្យល់ស្លាប់ ទើបដោះខ្នោះដៃចេញវិញ៖ «សមត្ថកិច្ចគាត់វាយទាត់ធាក់ ចំណែកឯជនសង្ស័យមិនបានបាញ់កាំភ្លើង ឬតដៃនោះទេ។ តែខ្លាចជនសង្ស័យតដៃ បានជាទៅវាយថែម និងដាក់ខ្នោះដៃប្រមាណ ១០នាទី រហូតដល់មនុស្សមកមើលច្រើន ទើបសមត្ថកិច្ចដោះខ្នោះដៃចេញវិញ»។
ស្រដៀងគ្នានេះដែរ ព្រះសង្ឃដែលឃើញហេតុការណ៍នោះមានព្រះថេរដីកាថា នៅថ្ងៃកើតហេតុនោះ ព្រះអង្គឮសំឡេងគ្រាប់កាំភ្លើងតែមួយគ្រាប់ទេ គឺពុំមានសំឡេងកាំភ្លើងបាញ់បែបតបតគ្នាជាច្រើនគ្រាប់នោះឡើយ ប៉ុន្តែព្រះអង្គពុំដឹងថា ភាគីណាជាអ្នកបាញ់នោះទេ។ ព្រះអង្គមានព្រះថេរដីកាបន្តថា បន្ទាប់ពីស្នូរកាំភ្លើងប្រមាណកន្លះម៉ោង ឃើញមានប្រជាពលរដ្ឋជាច្រើននាក់នៅខាងមុខវត្ត៖ «ពេលដែលអាត្មាឃើញនោះ គឺមានមនុស្សប្រមាណ ៤នាក់ និងមានម៉ូតូពីរទៅបីគ្រឿង និងមានរថយន្តមួយគ្រឿងនៅក្បែរនោះ។ មួយសន្ទុះក្រោយមក ក៏ឃើញគេសែងសាកសពយកមកដាក់ក្នុងវត្ត»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ថា សមត្ថកិច្ចមានសិទ្ធិបាញ់ការពារខ្លួនបានក្នុងករណីប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត គឺប្រសិនបើជនសង្ស័យមានអាវុធជាប់ខ្លួន ហើយបានចាញ់តបតសមត្ថកិច្ច ដើម្បីរត់គេចខ្លួននោះ។ ទោះយ៉ាងនេះក្ដី លោកបញ្ជាក់ថា បើទោះជាជនសង្ស័យលួចម៉ូតូក៏ដោយ ក៏សមត្ថកិច្ចមិនអាចទៅចាប់មនុស្សដោយការបាញ់សម្លាប់ ដែលជនសង្ស័យពុំបានតដៃនោះឡើយ។ លោកថា ប្រសិនបើសមត្ថកិច្ចចាប់ជនសង្ស័យដោយការបាញ់សម្លាប់ ដោយចេតនាដែលជនសង្ស័យពុំបានតដៃ ជារឿងខុសច្បាប់៖ «និយាយរួមការចាត់វិធានការទាំងឡាយណាដែលខុសនឹងផ្លូវច្បាប់ ត្រូវមានទោសព្រហ្មទណ្ឌដូចគ្នា។ អ៊ីចឹងទេឲ្យមានភស្តុតាងបង្ហាញអ្នកនោះបានប្រព្រឹត្តបទល្មើស បើទោះគាត់ជាសមត្ថកិច្ចស្ថិតនៅក្នុងបេសកកម្មក៏ដោយ ត្រូវមានទោសដូចគ្នា លើកលែងតែករណីនោះក្នុងន័យជាការការពារខ្លួន»។
យ៉ាងណា សមាគមការពារសិទ្ធិមនុស្សអាដហុក កំពុងធ្វើការស៊ើបអង្កេតជុំវិញករណីបាញ់សម្លាប់នេះ ដើម្បីកសាងសំណុំរឿងទៅតុលាការ រកយុត្តិធម៌ដល់អ្នកស្លាប់ ជៀសវាងកុំឲ្យសមត្ថកិច្ចចាប់ជនសង្ស័យដោយការសម្លាប់ទៅថ្ងៃក្រោយទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
