កម្មករ​រោងចក្រ​ផលិត​ស្បែក​ជើង​នៅ​ខេត្ត​បាត់ដំបង​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​១០​ចំណុច

0:00 / 0:00

កម្មករ​កម្មការិនី​ធ្វើ​ការ​រោងចក្រ​ផលិត​ស្បែក​ជើង​ឈ្មោះ អ៊ែរ៉ូសហ្វ សាំមីត ហ្វូតវែរ (Aerosoft Summit Foot Wear) នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ប្រមាណ ២៥០​នាក់ មិន​បាន​ចូល​ធ្វើ​ការងារ​ចំនួន ១៩​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១៩ កក្កដា បន្ទាប់​ពី​ពួក​គេ​តវ៉ា​ឲ្យ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ​ចំនួន ១០​ចំណុច។

លក្ខខណ្ឌ​ការងារ​សំខាន់​ដែល​កម្មករ​កម្មការិនី​ទាមទារ​មាន​ដូចជា ទាមទារ​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ ៧​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ប្រាក់​បន្ថែម​ធ្វើ​ការងារ​ទៀងទាត់​មួយ​ខែ ១០​ដុល្លារ ប្រាក់​បន្ថែម​ធ្វើ​ការងារ​ឈប់​សម្រាក​ថៃ​បុណ្យ។ កម្មករ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សិទ្ធិ​សុំ​ច្បាប់​ឈប់​សម្រាក​នៅ​ពេល​មាន​ធុរៈ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ចូល​កម្មករ​ពេញ​សិទ្ធិ បន្ទាប់​ពី​ពួក​គេ​ធ្វើ​ការងារ​បាន ៣​ខែ ជាដើម។

តំណាង​កម្មការិនី​រោងចក្រ​ផលិត​ស្បែក​ជើង អ៊ែរ៉ូសហ្វ សាំមីត ហ្វូតវែរ លោកស្រី សេង សុធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ កក្កដា ថា ថៅកែ​រោងចក្រ​នេះ​មិន​គោរព​លក្ខខណ្ឌ​ការងារ​តាម​ច្បាប់​ទេ។ លោកស្រី​អះអាង​ថា ពួក​គាត់​ទទួល​បាន​ប្រាក់​ខែ​តិចតួច ហើយ​ខំ​ប្រឹង​ធ្វើ​ការងារ​ទៀងទាត់​រាល់​ថ្ងៃ មិន​ហ៊ាន​ឈប់​សម្រាក​ឡើយ ក៏ប៉ុន្តែ​ខាង​ក្រុមហ៊ុន​នេះ​ពុំ​បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​នោះ​ទេ។ ជាង​នេះ​ទៀត ខាង​ក្រុមហ៊ុន​ក៏​ពុំ​បាន​ផ្ដល់​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ប្រចាំ​ខែ​ជូន​កម្មករ​ម្នាក់ ១០​ដុល្លារ​ដែរ។

លោកស្រី​បញ្ជាក់​ថា ពួក​គាត់​បាន​តវ៉ា​ឲ្យ​ថៅកែ​រោងចក្រ​នេះ​ដោះស្រាយ​ជា​បន្តបន្ទាប់ ដោយ​ពុំ​បាន​ចូល​ធ្វើ​ការងារ​តាំង​ពី​ថ្ងៃ​ទី​១ កក្កដា មក៖ « ដល់​ពេល​យើង​ចេញ​មក​តវ៉ា ក្រុមហ៊ុន​អត់​ព្រម​ទទួល​ស្គាល់​ឲ្យ​ពួក​ខ្ញុំ​ធ្វើ​ការ ៣​ខែ​ពេញ​សិទ្ធិ​ទេ ដោយ​ឲ្យ​ពួក​ខ្ញុំ​ធ្វើ​កិច្ចសន្យា​ធ្វើ​ការងារ ៣​ខែ​ទៀត​ទើប​បាន​ពេញ​សិទ្ធិ »

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​រោងចក្រ​ផលិត​ស្បែក​ជើង អ៊ែរ៉ូសហ្វ សាំមីត ហ្វូតវែរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ កក្កដា។

ប៉ុន្តែ​មន្ត្រី​នៃ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បាត់ដំបង លោក ឡឹក ផល្លា មាន​ប្រសាសន៍​ថា គណៈកម្មការ​អាជ្ញា​កណ្ដាល​កំពុង​ដំណើរ​នីតិវិធី​ផ្លូវ​ច្បាប់ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​លើ​ការងារ​នេះ ក៏ប៉ុន្តែ​លោក​ពុំ​ដឹង​ថា លទ្ធផល​នៃ​ការ​សម្រេច​របស់​គណៈកម្មការ​អាជ្ញា​កណ្ដាល នឹង​ចេញ​ពេល​ណា​នៅ​ឡើយ៖ « ប្រហែល​មិន​យូរ​ទេ ព្រោះ​អី​រឿង​នេះ​បាន​កើត​ឡើង​យូរ​ដែរ​ហើយ។ ម្យ៉ាង​ទៀត​សំណុំ​រឿង​ទើប​មក​ដល់​ដៃ​គណៈកម្មការ​អាជ្ញា​កណ្ដាល​នៅ​ថ្ងៃ​ទី​៨ ទេ។ អ៊ីចឹង​រឿង​នេះ​គេ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ឲ្យ​វា​ចេញ​ក្នុង​ពេល​ឆាប់ៗ »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ស្ដីទី​សហព័ន្ធ​សហជីព​សំឡេង​កម្មករ​កម្ពុជា លោក ហុង ណាំហោ បញ្ជាក់​ថា ថៅកែ​រោងចក្រ​នេះ​តែង​កេង​ចំណេញ​កម្លាំង​ពលកម្ម​ពី​ក្រុម​កម្មករ ធ្វើ​ឲ្យ​ពួក​គេ​ជួប​ការ​លំបាក​មិន​អាច​ទ្រាំ​បាន ក៏​នាំ​គ្នា​តវ៉ា​តែ​ម្ដង។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បន្ទាប់​ពី​កម្មករ​តវ៉ា​ហើយ កន្លង​មក​បាន​ត្រឹម​តែ​កោះ​ប្រជុំ​ជាមួយ​ភាគី​រោងចក្រ ដោយ​មិន​មាន​ដំណោះស្រាយ​ជូន​កម្មករ​នោះ​ឡើយ៖ « ឃើញ​ថា​ក្រុមហ៊ុន​នេះ​អត់​គោរព​ច្បាប់​នៅ​កម្ពុជា ហើយ​គាត់​ក៏​មិន​ខ្វល់​ពី​ការ​រស់នៅ​របស់​កម្មករ​ដែរ ព្រោះ​បើ​គាត់​ចេះ​គិតគូរ គាត់​នឹង​ដោះស្រាយ​ឲ្យ​ក្រុម​កម្មករ​បាត់​ទៅ​ហើយ »

រោងចក្រ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​តាស្ដា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង និង​មាន​កម្មករ​ធ្វើ​ការ​សរុប​ប្រមាណ ៣០០​នាក់ ក្នុង​នោះ​កម្មករ​មិន​ទាន់​ពេញ​សិទ្ធិ​ប្រហែល ១៥០​នាក់ ក្នុង​ចំណោម​នោះ មាន​កម្មករ​ខ្លះ​ធ្វើ​ការ​បាន ៣​ខែ និង​ខ្លះ​ទៀត​ចូល​ធ្វើ​ការ​ចាប់​ពី ៤​ខែ​ឡើង​ទៅ។ ក្រុម​កម្មករ​បញ្ជាក់​ថា ប្រសិន​បើ​ភាគី​ក្រុមហ៊ុន​ពុំ​បាន​ដោះស្រាយ​តាម​ការ​ទាមទារ​ពួក​គាត់​ទេ នោះ​ពួក​គាត់​នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។