អាជ្ញាធរអប្សរាប្រកាសជាសាធារណៈអំពីចំណូលនៃការលក់សំបុត្រជូនភ្ញៀវទេសចរណ៍ដែលចូលទស្សនាប្រាសាទអង្គរ ប្រចាំខែមករា ឆ្នាំ២០១៥ មានទឹកប្រាក់ជាង ៧លានដុល្លារសហរដ្ឋអាមេរិក។ តើចំណូលនេះមានកើនឡើង ឬថយចុះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ កន្លងទៅ?
អ្នកនាំពាក្យអាជ្ញាធរអប្សរា អ្នកស្រី ចៅស៊ុន កិរិយា អះអាងថា ទឹកប្រាក់ជាង ៧លានដុល្លារអាមេរិកនេះ គឺបានមកពីការលក់សំបុត្រជូនភ្ញៀវចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ កាលពីខែមករា។
អ្នកស្រីថា សំបុត្រលក់ជូនភ្ញៀវភាគច្រើនគេចូលមើលប្រាសាទតែ ១ថ្ងៃ គឺតម្លៃ ២០ដុល្លារក្នុងម្នាក់ ហើយកម្រមានភ្ញៀវទិញសំបុត្រតម្លៃ ៤០ដុល្លារ ដែលអាចទស្សនាប្រាសាទ ៣ថ្ងៃ ទៅ ១អាទិត្យ ឬតម្លៃ ៦០ដុល្លារ អាចដើរលេងក្នុងប្រទេសកម្ពុជា ១ខែ គឺមិនសូវមានច្រើនទេ៖ «ប៉ុន្មានខែនេះយើងឃើញដូចជាវាចុះតិចតួច ប៉ុន្តែខែក្រោយវាអាចឡើងជាងឆ្នាំមុន យើងអត់ទាន់ដឹងទេ ហើយសំបុត្រដែលយើងលក់ច្រើនជាងគេ ច្រើនតែ ២០ដុល្លារ ដោយសារភ្ញៀវមកស្រុកខ្មែរ គឺសុទ្ធតែចេញហើយជាមនុស្សដែលមកច្រើនជាងគេ គឺជនជាតិចិន។ ជនជាតិចិន គាត់មកធ្វើដំណើរមកស្រុកយើង គាត់ នៅតែមួយថ្ងៃទេ ដោយសារគាត់ជិះមក១ថ្ងៃ គាត់មើល១ថ្ងៃ គាត់ទៅផ្សារអីហើយគាត់ទៅវិញ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដើម្បីផ្ទៀងផ្ទាត់ ចំនួនភ្ញៀវភ្ជាប់ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនោះត្រឹមត្រូវ ឬយ៉ាងណាបានទេ នៅថ្ងៃ១១ ខែកុម្ភៈ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលធ្លាប់រិះគន់ និងសួរដេញដោលរឿងនេះយ៉ាងស្វិតស្វាញ បានថ្លែងស្វាគមន៍ចំពោះរបាយការណ៍របស់អាជ្ញាធរអប្សរាប្រកាសពីចំណូល និងចំនួនភ្ញៀវចូលទស្សនាប្រាសាទអង្គរនោះ។ លោកថា អាចជាការកែប្រែទម្លាប់កិបកេងបំបាត់ថវិកាជាតិ។ ប៉ុន្តែមិនទាន់ច្បាស់ថា តួលេខភ្ញៀវអន្តរជាតិ និងចំនួនទឹកប្រាក់ប្រកាសជាសាធារណៈនោះ ប្រាកដជាត្រឹមត្រូវនោះទេ ដរាបណាមិនទាន់មានការត្រួតពិនិត្យគល់បញ្ជី និងរូបថតភ្ញៀវថតជាប់សំបុត្រទេនោះ៖ «ប៉ុន្តែខ្ញុំមិនទាន់ជឿថា ជាតួលេខពិតប្រាកដនៅឡើយ ទាល់តែមានឯកសារបញ្ជាក់ ព្រោះការលក់សំបុត្រចូលអង្គរវត្តនេះ វាមានការថតរូបទេសចរណ៍ វាមានក្បាលបញ្ជីក្នុងការលក់ តម្លៃចូលទៅប្រាសាទ មានតម្លៃ ២០ដុល្លារ ៤០ដុល្លារ ៦០ដុល្លារ ត្រូវមានការបែងចែកតួលេខច្បាស់លាស់ដើម្បីធានា នៅពេលដែលមានការចុះអង្កេតពិតប្រាកដ ព្រោះបន្តិចទៀត យើងនឹងស្នើឲ្យរាជរដ្ឋាភិបាលបង្កើតឲ្យមានគណៈកម្មការចម្រុះ ហើយមានអ្នកឯកទេសដែលមានជំនាញ ដើម្បីចុះទៅធ្វើការអង្កេតក្នុងការដែលស្ថាប័នមួយនេះគ្រប់គ្រងក្នុងការរកចំណូលជូនជាតិ»។
សេចក្ដីប្រកាសព័ត៌មានស្ដីពីចំណូលលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ខែមករា ឆ្នាំ២០១៥ របស់អាជ្ញាធរអប្សរា កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០១៥ ភ្ញៀវទេសចរបានទិញប័ណ្ណមានជាង ២៥ម៉ឺននាក់ គឺថយចុះជាង ១% បើធៀបនឹងខែមករា ឆ្នាំ២០១៤ កន្លងមក។ ចំណែកប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ មានជាង ៧លានដុល្លារ គឺថយចុះជាង ៥% ធៀបនឹងខែមករា ឆ្នាំ២០១៤។
ការចេញសេចក្ដីប្រកាសជាសាធារណៈនេះ បានធ្វើឡើងក្រោយពីមានការទិតៀនពីសំណាក់គណបក្សប្រឆាំង និងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) រិះគន់ថា អាជ្ញាធរអប្សរាបំបាត់ថវិកាជាតិច្រើនលានដុល្លារក្នុង១ឆ្នាំៗ លើប្រាក់ចំណូលលក់ប័ណ្ណជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។