ក្រសួងទេសចរណ៍ និងមន្ត្រីអាជ្ញាធរអប្សរា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ឲ្យទៅរង់ចាំមើលថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍កម្របានជួបប្រទះ ចាប់ពីថ្ងៃទី២១ ទៅដល់ថ្ងៃទី២៣ ខែកញ្ញា។ ប៉ុន្តែព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ នៅមិនទាន់ប្រាកដ និងលេចចេញជារូបរាងដើម្បីបំពេញបំណងរបស់ភ្ញៀវទេសចរនៅឡើយទេ ក្នុងរយៈពេលពីរថ្ងៃមកនេះ ដោយសារតែអាកាសធាតុអ័ព្ទអួរខ្លាំង។
ភ្ញៀវទេសចរបរទេស និងពលរដ្ឋខ្មែរច្រើនពាន់នាក់ បានខកចិត្តក្នុងពេលដែលពួកគេខំនាំគ្នាក្រោកទាំងយប់ ហើយទៅឈររង់ចាំជាច្រើនម៉ោង ដើម្បីមើលព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ប៉ុន្តែមិនបានឃើញព្រះអាទិត្យរះឡើងទាល់តែសោះ។
កាលពីទៀបភ្លឺថ្ងៃទី២២ ខែកញ្ញា ភ្ញៀវបរទេសចម្រុះជាតិសាសន៍ រួមទាំងប្រជាពលរដ្ឋខ្មែរច្រើនពាន់នាក់ បាននាំគ្នាក្រោកតាំងពីវេលាម៉ោង៣ និងម៉ោង៤ ហើយដើរចូលទៅក្នុងបរិវេណប្រាសាទអង្គរវត្តទាំងផ្ទៃមេឃនៅងងឹត ឈររង់ចាំមើលថ្ងៃរះអស់ជាច្រើនម៉ោង។ គ្រប់ៗគ្នា ខ្លះមានកាមេរ៉ាថតរូបធំៗ និងខ្លះទៀតមានទូរស័ព្ទដៃស្មាតហ្វូន (Smart Phone) ដោយប្រុងប្រៀបទុកជាស្រេចដើម្បីថតយករូបភាពដ៏អស្ចារ្យ ក៏ប៉ុន្តែផ្ទុយទៅវិញ ការរង់ចាំដ៏អន្ទះសា បានត្រឹមតែធ្វើឲ្យពួកគេខកចិត្ត ពីព្រោះតែអាកាសធាតុមិនអំណោយផល ពពកខ្មៅក្រាស់បាំងបាត់ពន្លឺព្រះអាទិត្យពេលព្រឹក ហើយមើលមិនឃើញព្រះអាទិត្យទាល់តែសោះ។
ទីបំផុត ទាំងភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋខ្មែរ បាននាំគ្នាដើរចេញដោយស្ងាត់ស្ងៀម។
អ្នកទេសចរជនជាតិអង់គ្លេសម្នាក់ក្នុងចំណោមភ្ញៀវទេសចរបរទេសជាច្រើនទៀត គឺកញ្ញា អេលាណ័រ រូបផ៍ (Eleanor Rupp)។ នាងមានប្រសាសន៍ក្នុងពេលធ្វើដំណើរចាកចេញពីបរិវេណអង្គរវត្តថា រូបនាងបានចំណាយពេល ៣ថ្ងៃស្នាក់នៅខេត្តសៀមរាប ព្រោះតែចង់ឃើញហេតុការណ៍ព្រះអាទិត្យរះចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត តើវាពិតជាអស្ចារ្យយ៉ាងណា? កាលពីទៀបភ្លឺថ្ងៃទី២២ ខែកញ្ញា រូបនាងខំក្រោកពីយប់ដើម្បីមកឈរចាំមើលថ្ងៃរះ ប៉ុន្តែវាមិនដូចបំណងឡើយ ពីព្រោះអាកាសធាតុអំណោយផលមិនល្អ៖ « ខ្ញុំមានការខកចិត្តតិចតួចដែរ ដោយសារតែមិនបានឃើញព្រះអាទិត្យរះ នៅចំកំពូលកណ្ដាលរបស់ ប្រាសាទអង្គរវត្ត ក៏ប៉ុន្តែ ទោះយ៉ា ងណា ក៏ខ្ញុំសប្បាយចិត្ត ដោយសារតែឃើញទេសភាពអង្គរវត្តនាពេលព្រឹកព្រលឹម។ ខ្ញុំតាំងចិត្តថាថ្ងៃនេះ ថ្វីត្បិតតែខ្ញុំមិនបានឃើញថ្ងៃរះ នៅ ចំកំពូល កណ្ដាលរបស់ប្រាសាទ អង្គរវត្ត ប៉ុន្តែខ្ញុំនឹងព្យាយាមនៅពេល ក្រោយទៀត »។

ស្របពេលគ្នានឹងព្រឹត្តិការណ៍ថ្ងៃរះនៅចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្តនោះ អ្នកស្រី ម៉ែន សំអន ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានទៅធ្វើពិធីបួងសួងនៅចំកណ្ដាលប្រាសាទអង្គរវត្តនោះដែរ។ អ្នកស្រី ម៉ែន សំអន មានប្រសាសន៍ថា ពិធីបួងសួងនៅកណ្ដាលប្រាសាទអង្គរវត្តស្របពេលគ្នានឹងព្រះអាទិត្យរះចំកំពូលកណ្ដាលរបស់អង្គរវត្តដែរនោះ គឺបំណងសុំសេចក្តីសុខ ព្រមទាំងរំឭកគុណចំពោះបុព្វបុរសខ្មែរដែលបានកសាងប្រាសាទអង្គរ ទុកឲ្យកូនខ្មែរជំនាន់ក្រោយ។
កញ្ញា ឈាវ គុណ គឺជាអ្នកខេត្តសៀមរាប ដែលខំនាំបងប្អូនជាច្រើននាក់ក្រោកពីយប់ដើរចូលទៅក្នុងបរិវេណអង្គរវត្ត ដើម្បីរង់ចាំមើលព្រឹត្តិការណ៍ថ្ងៃរះដ៏អស្ចារ្យដែរ មានប្រសាសន៍ថា នាងខំក្រោកតាំងពីវេលាម៉ោង៤ ហើយនាំបងមកពីសហរដ្ឋអាមេរិក និងប្អូនៗមកមើលថ្ងៃរះដ៏កម្រនេះ ក៏ប៉ុន្តែមិនបានឃើញដូចបំណងឡើយ។ ស្ត្រីវ័យក្មេងដដែលបញ្ជាក់ថា ថ្វីត្បិតតែនាងជាអ្នកសៀមរាប ក៏ប៉ុន្តែនាងពុំធ្លាប់បានឃើញព្រះអាទិត្យរះនៅចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្តនៅឡើយទេ៖ « ថ្ងៃរះចំកំពូលហ្នឹង ខ្ញុំអត់ដែលបានមកមើលទេ ឃើញតែ រូបថតដែល មិត្តភ័ក្ដិ របស់ខ្ញុំ Post នៅតាមហ្វេសប៊ុក (facebook) ឬក៏ផេក (Page) ផ្សេងៗ »។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប ឲ្យដឹងថា ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២២ ខែកញ្ញា គឺមានភ្ញៀវទេសចរបរទេសចំនួន ៨ពាន់នាក់បានទិញសំបុត្រចង់មើលថ្ងៃរះនៅចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា ក្នុងថ្ងៃទី២១ ខែកញ្ញា គឺមានអ្នកទេសចរចំនួនប្រមាណ ៤ពាន់នាក់បានចូលទៅឈររង់ចាំមើលថ្ងៃរះនៅចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត ហើយនៅថ្ងៃទី២២ ក៏មានចំនួនប្រហាក់ប្រហែលគ្នា ក៏ប៉ុន្តែអាកាសធាតុមិនល្អ ផ្ទៃមេឃគ្របដណ្ដប់ដោយពពកក្រាស់ពេក ធ្វើឲ្យភ្ញៀវទេសចរខកចិត្ត៖ « ភាគច្រើនភ្ញៀវបើ ខាងអា មេរិកាំង អី គាត់ទិញសំបុត្រទុកមួយអាទិត្យចាំថត ប៉ុន្តែ ឥឡូវវា អត់មានពន្លឺ។ ករណីអ៊ីចឹង ដោយសារតែអាកាសធាតុ មិនល្អ »។
មន្ត្រីអាជ្ញាធរអប្សរា និងមន្ត្រីមន្ទីរទេសចរណ៍ ឲ្យដឹងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្ដាលរបស់អង្គរវត្តនេះ អាចកើតមានពីរដងក្នុងមួយឆ្នាំ គឺនៅចន្លោះពីថ្ងៃទី២១ ទៅដល់ថ្ងៃទី២៣ ខែមីនា និងនៅចន្លោះថ្ងៃទី២១ ទៅថ្ងៃទី២៣ ខែកញ្ញា។
ទោះបីជាយ៉ាងណា មិនមានមន្ត្រីណាហ៊ានអះអាងថា តើនៅថ្ងៃទី២៣ ខែកញ្ញា ព្រះអាទិត្យដែលរះចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរ នឹងអាចមើលឃើញដែរ ឬក៏យ៉ាងណាទេ ពីព្រោះតែជារដូវវស្សា អាកាសធាតុ និងផ្ទៃមេឃអ័ព្ទអួរខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។