ប្រជាពលរដ្ឋសហគមន៍បុរីកីឡា ប្រមាណ ២០នាក់ នៅថ្ងៃទី៩ កក្កដា រៀបចំពិធីសាសនានៅសហគមន៍បុរីកីឡា រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីមួយឆ្នាំមុន។
ប្រជាពលរដ្ឋបាននិមន្តព្រះសង្ឃចំនួនបួនអង្គ ដើម្បីធ្វើបុណ្យជូនលោកបណ្ឌិត កែម ឡី។ ពួកគេបានអង្គុយសំពះស្តាប់ព្រះធម៌នៅលើតង់កៅស៊ូ ដែលក្រាលលើផ្លូវខាងក្រោយអគារបុរីកីឡា ដែលសាងសង់ថ្មី។ ព្រះសង្ឃគង់លើគ្រែដែលប្រក់តង់កៅស៊ូពណ៌បៃតង។
ជុំវិញគ្រែនេះ មានបិទរូបបណ្ឌិត កែម ឡី ដែលផុសចេញពីទង់ជាតិប្រទេសកម្ពុជា មានរូបបណ្ឌិត កែម ឡី ពាក់មួកស្លឹកត្នោត រូបលោកឈរសំពះ និងរូបលោក ឈុត វុទ្ធី ឈរពីមុខឡាននៅក្នុងព្រៃ ប៉េងប៉ោងពណ៌ផ្កាឈូក ទង់ជាតិ ទង់សាសនា។ តុដាក់បាយសីមួយគូ និងកូនចេកមួយដើម ថាសផ្លែឈើមួយ ទៀនមួយគូ និងថូដាក់ជើងធូបមួយ។ ព្រះពុទ្ធរូបត្រូវគេតម្កល់លើកៅអីពណ៌ឈាមជ្រូក ដាក់ពីលើធុងទឹកកកពណ៌ក្រហម។
អ្នកដែលចូលរួមមានចាស់ក្មេង ខ្លះពាក់អាវយឺតពណ៌ មានរូបបណ្ឌិត កែម ឡី ខ្លះពាក់អាវសារ៉ូស និងក្រមាពានាពណ៌ស។ ភាគច្រើនលើសលស់នៃអ្នកចូលរួម ជាស្ត្រី។ ក៏មានប្រជាពលរដ្ឋមួយចំនួនឈរមើលការរៀបចំពិធីសាសនានេះដែរ ហើយអ្នកខ្លះអើតមើលពីលើអគារពីជាន់ទីបី។

ទោះបីជាយ៉ាងណា មិនមានការប៉ះទង្គិចរវាងអាជ្ញាធរ និងសហគមន៍បុរីកីឡានោះឡើយ។
តំណាងពលរដ្ឋបុរីកីឡា ដែលនៅមានជម្លោះដីធ្លី លោកស្រី សរ ស៊ន បញ្ជាក់ប្រាប់អាស៊ីសេរីថា ការរៀបចំពិធីសាសនានេះ ដើម្បីតបស្នងគុណបណ្ឌិត កែម ឡី៖ « ជាអ្នកស្នេហាជាតិ ស្រឡាញ់ជាតិ គ្រាន់តែនិយាយដូចបណ្ឌិត កែម ឡី គ្រាន់តែគាត់រិះគន់ស្ថាបនាក៏សម្លាប់គាត់ ដូចលោក ជា វិជ្ជា គាត់ទាមទារប្រាក់ខែឲ្យកម្មករ ក៏សម្លាប់គាត់ ហើយលោក ឈុត វុទ្ធី ដែលការពារព្រៃឲ្យគង់វង្ស ក៏សម្លាប់គាត់។ ចឹងអត់ឃើញមានយុត្តិធម៌ណាមួយ មិនទាន់រកយុត្តិធម៌ពិតឃើញទេ » ។
ក្រោយពេលចប់កម្មវិធីសូត្រមន្ត អ្នកចូលរួមពិធីនេះម្នាក់ទៀត លោកស្រី អ៊ូ យឿន ថ្លែងរំឭកថា លោកស្រីបានរៀនសូត្រពីរឿងរ៉ាវសង្គមតាមរយៈការចែករំលែករបស់បណ្ឌិត កែម ឡី តាមប្រព័ន្ធផ្សព្វផ្សាយកន្លងទៅ៖ « ជួយពន្យល់ប្រជាជនយើងទាំងអស់ដែលមិនដឹងពីរឿងប្រទេសជាតិយ៉ាងម៉េចៗ ( គាត់ ) និយាយអស់ហើយ » ។
ចំណែកលោកស្រី សៅ ពៅ ជាអ្នកចូលរួមម្នាក់ទៀត សង្កេតឃើញថា មួយឆ្នាំក្រោយមក យុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី មិនទាន់រកឃើញនៅឡើយ៖ « គេបញ្ចេញមតិដោយការពិត ហេតុអីក៏ឃាតកនៅតែតាមធ្វើឃាត ម្យ៉ាងទៀតហេតុអីនៅប្រទេសខ្មែរយើងរកការពិត អ្នកធ្វើឃាតនីមួយៗមិនឃើញចឹង » ។
នៅថ្ងៃទី១០ កក្កដា សហគមន៍បុរីកីឡា នឹងនាំគ្នាទៅចូលរួមពិធីបុណ្យខួប ១ឆ្នាំនៃការសម្លាប់បណ្ឌិត កែម ឡី នៅខេត្តតាកែវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។