ក្រសួង​ធម្មការ​នឹង​ឲ្យ​ណាហ្គា​វើល​បញ្ឈប់​សកម្មភាព​សង់​របង​មុខ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា​អះអាង​ថា ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​មួយ​នេះ នឹង​បញ្ឈប់​រាល់​សកម្មភាព​របស់​ម្ចាស់​វិនិយោគ ណាហ្គា​វើល (Naga World) ហើយ​ស្នើ​ឲ្យ​មាន​ការ​សាងសង់​ឲ្យ​ដូច​រចនាបថ​ដើម​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​ឡើង​វិញ​នៅ​ពេល​នេះ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ដេញ​ដោល​អស់​ពេល​ជាច្រើន​ម៉ោង​នៅ​វិមាន​រដ្ឋសភា ដោយ​ក្រុម​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​បន្ទាប់​ពី​មាន​ការ​តវ៉ា​ប្រឆាំង​ជាច្រើន​លើក​ច្រើន​សា​របស់​ប្រជាពលរដ្ឋ ព្រម​ទាំង​ព្រះសង្ឃ​ក្នុង​ពេល​កន្លង​ទៅ​នេះ។

លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ថា លោក​នឹង​ស្នើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន ណាហ្គា​វើល ផ្អាក​សកម្មភាព​គ្រប់​យ៉ាង និង​ស្នើ​ឲ្យ​សាងសង់​ឡើង​វិញ​ប៉ះប៉ូវ​ការ​ខូចខាត ដូចជា​របង​ជាដើម​នៅ​បរិវេណ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។ ទោះ​ជា​បែប​ណា លោក​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​ពេល​ពេលវេលា​សមស្រប​ណា​មួយ​ដែល​ថា​អាច​រុះរើ​បាន​នោះ ប៉ុន្តែ​លោក​អះអាង​ថា នឹង​ត្រូវ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​នេះ៖ «ចំពោះ​ពុទ្ធសាសនបណ្ឌិត្យ​នេះ យើង​ឥត​មាន​ជួល​ឥត​មាន​លក់​ដូរ ឬ​អភិវឌ្ឍ​អ្វី​ទេ ហើយ​ការ​រើ​នៅ​ពេល​ណា យើង​កំពុង​តែ​ទំនាក់ទំនង​នីតិវិធី​ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​គេ​រើ​ឲ្យ​បាន​ឆាប់​កាល​ណា​ល្អ​កាល​ហ្នឹង»

មូលហេតុ​ដែល​នាំ​ឲ្យ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ចាត់​វិធានការ​ដោយ​បន្ទាន់​នេះ នៅ​បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ រួម​ទាំង​ព្រះសង្ឃ​ផង​ជា​ហូរហែ​ក្នុង​ពេល​កន្លង​ទៅ។ ក៏ប៉ុន្តែ រឿង​សំខាន់​ដែល​នាំ​ឲ្យ​ស្ថាប័ន​រដ្ឋ​មួយ​នេះ​សម្រេច​ចិត្ត​ថា​នឹង​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើល​ផ្អាក​សកម្មភាព​ភ្លាមៗ​នៅ​ពេល​នេះ គឺ​ក្រោយ​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​មាន​ការ​បកស្រាយ​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ដី​នៅ​ពុទ្ធសាសនបណ្ឌិត្យ ស្ថិត​ក្រោម​ការ​ហ៊ុមព័ទ្ធ​ពី​បន​ល្បែង​ណាហ្គា​វើល​ទៅ​វិញ។

លោក ញ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា និយាយ​ក្រោយ​កិច្ច​ប្រជុំ​បាន​បិទ​បញ្ចប់​ថា លោក​នឹង​តាម​ឃ្លាំ​មើល​រឿង​នេះ​បន្ត​ទៀត ហើយ​នឹង​ជួយ​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង ដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​នេះ​មាន​ប្រសិទ្ធភាព៖ «យើង​មាន​គម្រោង​នឹង​ចុះ​ទៅ​លើ​ផ្ទាល់ ហើយ​នឹង​មាន​ស្នើសុំ​ជួយ​ទៅ​ខាង​ក្រសួង​ធម្មការ បន្ថែម​ទៀត ដើម្បី​ឲ្យ​មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ការ​រៀបចំ​ក្រសួង​ធម្មការ ជាពិសេស​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ហ្នឹង​ឲ្យ​មាន​ការ​រីក​ចម្រើន ហើយ​ថែរក្សា​គុណ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ»

ការ​ប្រើ​ពេល​ជាង ៤​ម៉ោង​នៅ​វិមាន​រដ្ឋសភា ដើម្បី​ដេញ​ដោល​ពាក់ព័ន្ធ​ថា​ដី​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ប្រគល់​ឲ្យ​បន​ល្បែង​ណាហ្គា​វើល អភិវឌ្ឍ​នោះ ត្រូវ​បាន លោក មិន ឃិន បដិសេធ។ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ រូប​នេះ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ស្ថាប័ន​របស់​រដ្ឋ​មិន​បាន​ជួល ឬ​ផ្ដល់​ការ​វិនិយោគ​ឲ្យ​ណាហ្គា​វើល​ទេ ក៏ប៉ុន្តែ​មាន​កិច្ច​សន្យា​ផ្ដល់​ទីកន្លែង​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​ហ៊ុមព័ទ្ធ​របង​នៅ​បរិវេណ​ពុទ្ធសាសនបណ្ឌិត្យ ដើម្បី​អាច​ឲ្យ​ណាហ្គា​វើល​ដំណើរ​ការ​ធ្វើ​ផ្សារ​ក្រោម​ដី​ប៉ុណ្ណោះ។

ទោះ​ជា​បែប​ណា ការ​សួរ​ដេញ​ដោល​កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​តុលា ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ និង​ហាក់​ប្រុងប្រយ័ត្ន​សម្បើម​ណាស់។ ក្រុម​អ្នក​កាសែត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្ដាប់​ឡើយ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​ម្ចាស់​ណាហ្គា​វើល​បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា។

បើ​ទោះ​ជា​បែប​ណា លោក មិន ឃិន មិន​បាន​ឆ្លើយ​តប​ទាល់​តែ​សោះ​ថា តើ​ការ​ចំណាយ​លុយ​ដើម្បី​ធ្វើ​របង​ឡើង​វិញ និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​បាន​ខូចខាត​នោះ ជា​បន្ទុក​របស់​រដ្ឋ ឬ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ណាហ្គា​វើល​ឡើយ ដោយ​លោក​ជំរុញ​អ្នក​កាសែត​ឲ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។