បណ្ដាញព្រះសង្ឃបានរិះគន់ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើល (Naga World) ថាមិនបានគោរពកិច្ចសន្យាក្នុងការជួសជុលរបង និងខ្លោងទ្វារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យឱ្យមានសភាពដូចដើមវិញ។ ការរិះគន់ចំៗ បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី២៥ ខែមីនា ដែលរៀបចំឡើងដោយបណ្ដាញព្រះសង្ឃនៅខាងមុខអគារពុទ្ធសាសនបណ្ឌិត្យ។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានទាមទារឲ្យក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើល បញ្ឈប់ ឬផ្អាកសាងសង់របង និងខ្លោងទ្វារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដ្បិតក្រុមហ៊ុននេះមិនគោរពតាមការសន្យា។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះភិក្ខុ ប៊ុត ប៊ុនតិញ មានថេរដីកាថា ព្រះតេជព្រះគុណចង់បានរបងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដូចអ្វីដែលក្រុមហ៊ុនណាហ្គាល វើល បានសន្យាមុនពេលធ្វើការរុះរើ ជាជាងការយករបស់ចាស់មកផ្គុំ និងដាក់បន្តុប ហើយចាត់ទុកថា រក្សាតាមលំនាំដើមនោះ។ ព្រះតេជព្រះគុណសង្ឃឹមទៅលើរដ្ឋមន្ត្រីធម្មការ និងសាសនាថ្មី ដែលនឹងចូលមកកាន់តំណែងជំនួសរដ្ឋមន្ត្រីចាស់ ក្នុងពេលឆាប់ៗ ខាងមុខនេះថា នឹងធ្វើការដោះស្រាយជាមួយក្រុមហ៊ុនណាហ្គា វើល ចំពោះបញ្ហានេះ។
ព្រះតេជព្រះគុណបញ្ជាក់ថា របងចាស់មានសភាពរឹងមាំ ដែលគណៈកម្មការក្រសួងគួរត្រួតពិនិត្យឲ្យបានជាក់ចំពោះបញ្ហានេះ៖ «ដែកធំៗហើយមិនមែនវាយនឹងមនុស្សទេ តែអាត្រាក់អ្នកវាយ យកអាអ៊ិចមកចោះ មួយអាទិត្យទើបរបើករបងនេះបាន។ ដូច្នេះពេលយកអាត្រាក់មកចោះមួយអាទិត្យរបើក វាប៉ះពាល់ដល់របងខាងណោះ វាកក្រើករហូតបែកប៉ុនមេដៃ។ អាត្មាមើលឃើញគ្រឹះធំឡើងវិញ បានអាត្មាតវ៉ាធ្វើថ្មីបានវិញទេ? គេថាធ្វើថ្មីឲ្យ រចនាបថដើម នេះការសន្យារបស់គេ។ ប៉ុន្តែដល់ពេលគេប្រើពាក្យរចនាបថដើម ប្រហែលមិនយករចនាបថចាស់មកដាក់ ក្រែងវាមិនឃើញឲ្យដូចដើម។ តាមមើលពួកនេះបោកបានល្អមែន»។
អ្នកយកព័ត៌មានអាស៊ីសេរី បានព្យាយាមសុំជួបសម្ភាសន៍ពីភាគីក្រុមហ៊ុន ណាហ្គា វើល នៅថ្ងៃទី២៥ ខែមីនា ប៉ុន្តែត្រូវបានក្រុមហ៊ុនបដិសេធ ដោយថា មិនមានការសុំណាត់ជួបជាមុន។
ប្រតិកម្មរបស់ព្រះសង្ឃពេលនេះ បន្ទាប់ពីដីមួយផ្នែកក្នុងបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងរបង ខ្លោងទ្វារផ្នែកខាងជើងត្រូវមន្ត្រីរដ្ឋាភិបាលជួល ឬអនុញ្ញាតឲ្យបនល្បែង ឬក្រុមហ៊ុនណាហ្គា វើល សង់សំណង់ផ្សេងៗ មានស្ថាបនាផ្លូវ សង់ផ្សារក្រោមដី និងសង់បណ្ដាញចែកចាយអគ្គិសនីជាដើម។
ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើល បានស្នើសុំក្រសួងធម្មការ និងសាសនា សាងសង់ផ្លូវក្រោមដីចូលទៅកាន់ក្រុមហ៊ុន។ របងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបានកម្មករនៃការដ្ឋានសំណង់ក្រុមហ៊ុនវាយកម្ទេច កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ដើម្បីចៀសវាងការបាក់ធ្លាក់កំឡុងពេលក្រុមកម្មករកំពុងសាងសង់។
ថ្វីត្បិតបណ្ដាញព្រះសង្ឃបារម្ភចំពោះបញ្ហានេះក្ដី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី អះអាងថា គណៈកម្មការត្រួតពិនិត្យ និងគណៈសង្ឃបានត្រួតពិនិត្យដំណើរការសាងសង់នេះយ៉ាងយកចិត្តទុកដាក់។
លិខិតចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ មានចុះហត្ថលេខា លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនណាហ្គា វើល រុះរើរបង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យផ្នែកខាងជើង ដើម្បីសម្រួលដល់ការសាងសង់ផ្លូវក្រោមដីប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុននេះ ត្រូវសាងសង់របង និងខ្លោងទ្វារថ្មីឡើងវិញ តាមរចនាប័ទ្មដើម ក្រោយបញ្ចប់ការដ្ឋានរបស់ខ្លួន។ ក្នុងពេលដំណើរការរុះរើរបង-ខ្លោងទ្វារ និងការសាងសង់ថ្មីឡើងវិញ ក្រុមហ៊ុនណាហ្គា វើល ត្រូវប្រតិបត្តិការងារតាមការសម្របសម្រួលរបស់មន្ត្រីពុទ្ធសាសនបណ្ឌិត្យ ជាតំណាងឲ្យក្រសួងធម្មការ។ ជាងនេះ បើក្នុងករណីក្រុមហ៊ុនណាហ្គា វើល អនុវត្តផ្ទុយពីការសម្រេចនេះ ក្រសួងធម្មការនឹងមានវិធានការជាថ្មី។
ទាក់ទងបញ្ហានេះ បណ្ដាញព្រះសង្ឃឯករាជ្យព្រមានថា នឹងសុំអន្តរាគមន៍ដល់នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ ប្រសិនបើរដ្ឋមន្ត្រីដែលនឹងចូលកាន់តំណែងថ្មីជំនួសលោក មិន ឃិន មិនអាចទាមទារឱ្យក្រុមហ៊ុននេះ កសាងរបងថ្មីបាននោះទេ។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា គោលបំណងមានគោលដៅតែមួយគត់ គឺស្នើឲ្យរដ្ឋាភិបាលរក្សាដីបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលជាព្រះរាជទ្រព្យរបស់អតីតព្រះមហាក្សត្រ សម្ដេច នរោត្តម សីហនុ កុំឲ្យបាត់បង់។
កាលពីខែឧសភា ឆ្នាំ២០១៤ បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងប្រជាពលរដ្ឋរាប់រយនាក់ បានដើរហែក្បួនដាក់ញត្តិជូនលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ ស្នើឲ្យបញ្ឈប់រុះរើរបងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ និងបញ្ឈប់ជួលដីទៅឲ្យក្រុមហ៊ុនណាហ្គា វើល ម្ដងរួចមកហើយ។ ប៉ុន្តែមិនមានលទ្ធផលទេ ហើយត្រូវកម្លាំងចម្រុះរដ្ឋាភិបាលដាក់ពង្រាយរារាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។