សង្គមស៊ីវិលដែលធ្វើការផ្នែកតម្លាភាព និងគណនេយ្យភាពនៅប្រទេសកម្ពុជា ទទូចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេតជាផ្លូវការពីព័ត៌មានស្ដីពីការជាប់ពាក់ព័ន្ធរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
ការស្នើសុំរបស់សង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីសមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (International Consortium of Investigative Journalists) បានផ្សព្វផ្សាយឈ្មោះក្រុមហ៊ុន និងជនដែលពាក់ព័ន្ធនៅពីក្រោយការបង្កើតក្រុមហ៊ុននៅបរទេស ដើម្បីបំភាន់ភ្នែកសាធារណជន ដែលត្រូវបានទម្លាយក្នុង «ឯកសារប៉ាណាម៉ា (Panama Papers)»។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ បានហៅការបង្ហាញទិន្នន័យលម្អិតបន្ថែមក្នុង «ឯកសារប៉ាណាម៉ា (Panama Papers)» នេះថាជាតម្រុយបន្ថែមសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ បង្កើតការស៊ើបអង្កេតលើជនដែលជាប់ពាក់ព័ន្ធ។ លោក សន ជ័យ ហៅការបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងផ្ដល់ភាពយុត្តិធម៌ដល់សង្គម និងជនដែលត្រូវគេចោទផ្ទាល់៖«អង្គភាពប្រឆាំងអំពើពុករលួយនឹងមិនគួរនៅស្ងៀមទេ នៅពេលដែលមានរឿងអាស្រូវបែបនេះ។ ការស៊ើបអង្កេតនាំមកនូវផលប្រយោជន៍ពីរដ៏សំខាន់។ មួយគឺទប់ស្កាត់រាល់បទល្មើសនានា ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ ទីពីរ បង្ហាញនូវភាពស្អាតស្អំដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិតជាមិនមានការជាប់ពាក់ព័ន្ធទៅនឹងអ្វីដែលហៅថា ជាពាណិជ្ជកម្មoffshore»។
សមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ ដែលជាស្ថាប័នរៀបចំ «ឯកសារប៉ាណាម៉ា (Panama Papers)» បានបោះផ្សាយប្រព័ន្ធទិន្នន័យពីឈ្មោះបណ្ដាក្រុមហ៊ុន និងបុគ្គលនានាដែលជាប់ទាក់ទងនឹងរឿងអាស្រូវលាងលុយកខ្វក់ និងគេចមិនបង់ពន្ធនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ ទិន្នន័យនេះ អាចស្វែងរកបាននៅលើអ៊ីនធឺណិតតាមអាសយដ្ឋាន https://offshoreleaks.icij.org។
ទិន្នន័យបង្ហាញថា ក្រៅពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា គឺនៅមានជនជាតិកម្ពុជា បីនាក់ ដែលពីរនាក់ធ្លាប់ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងឯកសារ ដែលមានភាគហ៊ុនក្នុងក្រុមហ៊ុន RCD International Ltd។ ក្រុមហ៊ុននេះ បានប្រើសេវារបស់ក្រុមហ៊ុនច្បាប់ម៉ូសាក់ ហ្វុនសេកា (MOSSACK FONOSECA) ដើម្បីបង្កើតក្រុមហ៊ុន ដោយបានចុះបញ្ជីនៅ British Virgin Islands ជាទីដែល Panama Papers អះអាងថា ជាប្រទេសដែលក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា បង្កើតក្រុមហ៊ុនបរទេសឲ្យឥស្សរជននយោបាយ ជនទុច្ចរិត ឬតារាល្បីៗ ដើម្បីព្យាយាមបំបាំងប្រភពប្រាក់ដែលរកបាន និងគេចមិនបង់ពន្ធជូនរដ្ឋ។
ឈ្មោះ ដាំ ច្ឆ័ត្ររីយ៍ (Ray Chhat Dam) សួស សារឿន (Soush Saroeun) និង ល័ក្ខ បុប្ជា សុទ្ធសឹងតែជាឈ្មោះដែល Panama Papers ទម្លាយឲ្យដឹងថា បានចូលហ៊ុនគ្នាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជនបរទេសម្នាក់ទៀតឈ្មោះ Arthur Chan Wai Kong ដើម្បីបង្កើតក្រុមហ៊ុន RCD International Ltd។
ឈ្មោះ ដាំ ច្ឆ័ត្ររីយ៍ (Ray Chhat Dam) និង សួស សារឿន (Soush Saroeun) ធ្លាប់ត្រូវក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១០ ពីបទក្លែងឯកសារឆបោកប្រាក់ ៥០០លានដុល្លារ។ ចំណែកឈ្មោះ ល័ក្ខ បុប្ជា ជាទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រី។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ក៏ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើសំណុំរឿងនេះផងដែរ។ លោកបន្តថា នៅប្រទេសកម្ពុជា ព័ត៌មានស្ដីពីការវិនិយោគ នៅមិនទាន់មានតម្លាភាពគ្រប់គ្រាន់ ហើយនេះវាអាចបង្កលក្ខណៈងាយស្រួលដល់ម្ចាស់ក្រុមហ៊ុនគេចមិនបង់ ឬយកប្រាក់ដែលបានដោយទុច្ចរិត មកលាងលុយនៅកម្ពុជា៖ «សំខាន់គឺកុំឲ្យមានទំនាស់ផលប្រយោជន៍ គេមិនឃាត់មន្ត្រីសាធារណៈទេ។ ក៏ប៉ុន្តែការវិនិយោគរបស់គាត់គឺជៀសវាងកុំឲ្យមានទំនាស់ផលប្រយោជន៍ មានន័យថា កុំឲ្យរកស៊ី ឬវិនិយោគនៅក្នុងមុខរបរ ឬជំនួញណា ឬឥទ្ធិពលរបស់គាត់ទៅបម្រើផលប្រយោជន៍នៃក្រុមហ៊ុនហ្នឹង ឬបង្កើតគោលនយោបាយ ការសម្រេចចិត្ត ដើម្បីផលចំណេញក្រុមហ៊ុនរបស់គាត់។ ត្រូវមានច្បាប់វិន័យ ទប់ស្កាត់បញ្ហាទំនាស់ផលប្រយោជន៍»។
អង្គភាពប្រឆាំងអំពើពុករលួយ កាលពីដើមខែមេសា បានប្រកាសថា នឹងផ្ទៀងផ្ទាត់ព័ត៌មានរបស់ Panama Papers ស្ដីពីការពាក់ព័ន្ធរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ក៏ប៉ុន្តែមកទល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ មិនទាន់មានព័ត៌មានណាមួយដែលអង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញឲ្យដឹងពីដំណើរការផ្ទៀងផ្ទាត់ព័ត៌មាននេះ។
ភ្លាមៗបន្ទាប់ពី Panama Papers បានចេញផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ លោក អង្គវង្ស វឌ្ឍានា បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធដូចដែលឯកសារនេះបានរកឃើញនោះទេ។
ទាក់ទងនឹងរឿងនេះដែរ ប្រធានធនាគារពិភពលោក (World Bank)លោក ជីម យ៉ុង គឹម (Jim Yong Kim) បានថ្លែងនៅសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំរវាងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្ទាប់ពី Panama Papers ត្រូវផ្សព្វផ្សាយថា តម្លាភាព គឺនឹងមិនត្រូវដាំក្បាលចុះក្រោមនោះទេ ហើយអ្នកដែលព្យាយាមគេចមិនបង់ពន្ធ ឬលួចលុយពីទ្រព្យសម្បត្តិសាធារណៈ គឺនៅទីបំផុតទៅ នឹងត្រូវគេចាប់បាន។
Panama Papers ជាទិន្នន័យដែលលេចធ្លាយទំហំជាង ៧តេរាប៉ៃ (7,2 Terabytes) ឬទម្ងន់ ៣ពាន់ ២០០តោននៃក្រដាសព្រីន បង្ហាញឯកសាររបស់ក្រុមហ៊ុនច្បាប់របស់ប្រទេសប៉ាណាម៉ា ឈ្មោះ ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca) រយៈពេលជិត ៤០ឆ្នាំ តាំងពីឆ្នាំ១៩៧៧ ដល់ចុងឆ្នាំ២០១៥។
ក្រោយពេល Panama Papers ទម្លាយចេញជាសាធារណៈ ប្រជាពលរដ្ឋនៃប្រទេសដែលមានក្នុងបញ្ជីរបស់ Panama Papers បានចេញតវ៉ានៅតាមដងផ្លូវ ទាមទារឲ្យប្រមុខដឹកនាំ ឬឥស្សរជនដែលត្រូវបាន Panama Papers ស៊ើបអង្កេតឃើញថា បានគេចមិនបង់ ឬលួចទ្រព្យសាធារណៈ ចេញមុខបកស្រាយ និងបង្ហាញការទទួលខុសត្រូវ។ ជាលទ្ធផល នាយករដ្ឋមន្ត្រីនៃអ៊ីស្លង់ (Iceland) ដែលជាប់ពាក់ព័ន្ធនឹងការកាន់កាប់ក្រុមហ៊ុននៅ Bristish Virgin Islands បានចុះចេញពីតំណែង។ នៅប្រទេសអេស្ប៉ាញ (Spain) រដ្ឋមន្ត្រីម្នាក់ ត្រូវអាជ្ញាធររកឃើញថា បានកុហកពីការមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនក្រៅស្រុក (offshore company)។ ចំណែកឯប៉ូលិសនៃប្រទេសអ៊ុយរ៉ាហ្គាយ (Uruguay) បានចាប់បុគ្គលប្រាំរូបដែលជាប់សង្ស័យថា បានលាងលុយកខ្វក់ឲ្យអ្នកជួញដូរគ្រឿងញៀនម្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។