ពលករខ្មែរធ្វើការងារនៅប្រទេសថៃ ដែលវិលត្រឡប់មកស្រុកកំណើតតាមច្រកព្រំដែនអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន ភាគច្រើនពួកគាត់ត្អូញត្អែរថា ត្រូវបានគេបង្ខំឲ្យបង់ប្រាក់ក្រៅសេវាបន្ថែមចំនួន ៣០០បាតពីលើឈ្នួលឡានធ្វើដំណើរពីទីក្រុងបាងកក មកដល់ព្រំដែនកម្ពុជា-ថៃ។ ពលករ និងអ្នករត់ម៉ូតូឌុបនៅខាងទឹកដីថៃ ជាប់ព្រំដែននេះអះអាងទៀតថា ប្រសិនបើពលករណាមិនបង់ប្រាក់គ្រប់ចំនួនទេ គឺពួកគេមិនអោយឆ្លងដែនទៅស្រុកកំណើតបានឡើយ។
ទាំងពលករ និងអ្នករស់នៅក្នុងផ្សារថៃ ជាប់ព្រំដែនអន្តរជាតិព្រំ ភាគច្រើនសម្ដែងការអាណិតអាសូរដល់ក្រុមពលករខ្មែរដែលត្រឡប់ពីធ្វើការនៅប្រទេសថៃ ដោយថា មានការគាបសង្កត់ជំរិតយកប្រាក់មកលើពលករខ្មែរដោយអយុត្តិធម៌។
កំពុងអង្គុយចាំឡាននៅផ្សារផាក់កាត ក្នុងទឹកដីថៃ ជាប់ព្រំដែនច្រកអន្តរជាតិព្រំ លោក មាស កម្សត់ ថ្លែងកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ថា លោកធ្វើការជាកម្មករសំណង់នៅទីក្រុងបាងកក ប្រទេសថៃ ជាងមួយឆ្នាំហើយ។ បុរសសម្បុរសណ្ដែកបាយ វ័យ ៣០ឆ្នាំប្លាយរូបនេះបន្ថែមក្នុងអារម្មណ៍ភ័យផងអរផងថា អំឡុងពេលធ្វើការនៅទីនោះ គឺនៅពេលថ្ងៃបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរម្ដងៗ លោកតែងតែត្រឡប់មកស្រុកកំណើតជាប្រចាំ។ លោកអះអាងថា នៅពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ ពួកគាត់ធ្វើដំណើរតាមរថយន្តឈ្នួលចំណុះ ១២កៅអី គឺពីទីក្រុងបាងកក មកដល់ព្រំដែនខេត្តចាន់ថាក់បូរី ជាប់ផ្សារព្រំ ខេត្តប៉ៃលិន ថ្លៃសំបុត្រប្រមាណ ៤ម៉ឺនរៀលក្នុងម្នាក់។ លោកអះអាងថា ពេលធ្វើដំណើរតាមផ្លូវពុំមានបញ្ហានោះទេ គឺមានបញ្ហានៅពេលចុះពីលើរថយន្ត មានមនុស្សមួយក្រុមប្រចាំនៅចំណតរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនរបស់ក្រុមហ៊ុនឈ្មោះ អេស.ឌី (SD) មានទីតាំងនៅផ្សារផាក់កាត ក្បែរព្រំដែនកម្ពុជា-ថៃ បានបង្ខំពួកគេឲ្យបង់ប្រាក់ម្នាក់ ៣០០បាត ឬស្មើប្រមាណ ៣ម៉ឺន ៧ពាន់រៀលជាថ្នូរបានបានត្រឡប់ទៅច្រកព្រំដែនខ្មែរ៖ «»។
នៅចំណតរថយន្តឈ្នួលនោះ រយៈពេលប្រមាណពី ២០នាទីទៅកន្លះម៉ោងគេឃើញមានឡានដឹកពលករមកទម្លាក់ចោលម្ដង។ ចំណែកអ្នកធ្វើដំណើរមានទាំងពលករចេញពីប្រទេសកម្ពុជា និងពលករដែលត្រឡប់ពីទីក្រុងបាងកក។
ទាក់ទងនឹងបញ្ហានេះ តំណាងក្រុមហ៊ុនដឹកជញ្ជូន អេស.ឌី របស់ជនជាតិថៃ នៅផ្សារផាក់កាត ខេត្តចាន់ថាក់បូរី ថ្លែងថា ខាងក្រុមហ៊ុនរបស់លោកពុំមានពាក់ព័ន្ធនឹងការយកប្រាក់ពីពលករទាំងនោះឡើយ។ តំណាងក្រុមហ៊ុនរូបនេះអះអាងថា ក្រុមហ៊ុនលោកទើបបើកដំណើរការច្រកព្រំដែនមួយនេះប្រមាណ ៤ខែប៉ុណ្ណោះ៖ «»។
ទោះជាយ៉ាងណា នៅពេលអាស៊ីសេរី កំពុងសម្ភាសតំណាងក្រុមហ៊ុនរថយន្តថៃ ដឹកពលករខ្មែរនោះ យើងឃើញមានបុរសសម្បុរស្រអែមម្នាក់ អាយុប្រហែល ៤០ឆ្នាំ ដែលអះអាងថា ខ្លួនជាអ្នកកាសែតរកស៊ីក្នុងស្រុកនោះ តាមដានស្ដាប់ហើយមានសកម្មភាពឆ្លាចុះឆ្លាឡើង ព្រមទាំងបានទូរស័ព្ទឆ្លងឆ្លើយនិយាយជាភាសាខ្មែរជាមួយអ្នកខាងក្រៅ ហាក់បីដូចកំពុងរាយការណ៍ទៅអោយបុគ្គលណាម្នាក់។ ទោះជាយ៉ាងណា នៅពេលអាស៊ីសេរី សួរថា តើពិតជាមានការទារលុយពីពលករចំនួន ៣០០បាតមែន ឬអត់? បុរសរូបនេះមានឥរិយាបថអេះអុញ ប៉ុន្តែឆ្លើយថា ពិតជាមានមែន ប៉ុន្តែមិនដឹងប្រាកដថា គេយកទៅអោយខាងណាខ្លះទេ។
យ៉ាងណាក៏ដោយចុះ ក្រុមអ្នកចាប់ម៉ូយម៉ូតូឌុបនៅខាងទឹកដីថៃ ព្រំដែនអន្តរជាតិព្រំ អះអាងថា ការយកលុយពីពលករនេះប្រហែលជាមានមនុស្សមានឥទ្ធិពល ដោយសហការគ្នារកស៊ីក្នុងទឹកដីថៃ មកជាយូរមកហើយ។ ពួកគាត់បន្ថែមថា ពលករខ្លះដែលគ្មានលុយបង់អោយមនុស្សមួយក្រុមដែលប្រចាំនៅចំណតរថយន្តនោះ ត្រូវពួកគេគំរាមថា បើមិនឲ្យលុយនឹងត្រូវសមត្ថកិច្ចច្រកព្រំដែនចាប់ ហើយអាចអស់លុយច្រើនជាងនេះជាពុំខាន៖ «»។
នៅពេលព្រឹកចន្លោះពី ៩ ដល់ម៉ោង ១២ថ្ងៃត្រង់ នៅក្នុងទឹកដីថៃ ជាប់ច្រកព្រំដែនផ្សារព្រំ មិនសូវមានមនុស្សច្រើនទេ គឺយូរៗឃើញរថយន្តដឹកអ្នកដំណើរទៅច្រកព្រំដែនមួយគ្រឿង។
អ្នករត់ម៉ូតូឌុបជនជាតិថៃ នៅផ្សារផាក់កាត ដែលនិយាយភាសាខ្មែរមិនសូវច្បាស់ថ្លែងថា លោកធ្លាប់ដឹកពលករពីច្រកនេះទៅច្រកអន្តរជាតិដូង ឬហៅថា ច្រកឡែម ជាច្រើនលើកមកហើយ។ អ្នករត់ម៉ូតូឌុបរូបនេះអះអាងថា លោកអាណិតពលករខ្មែរណាស់ ព្រោះពួកគាត់ចាញ់បោកក្រុមហ៊ុនដែលគេដឹកពីទីក្រុងបាងកក មកទម្លាក់ចោលនៅព្រំដែននេះ ដែលសាច់ញាតិរបស់ពួកគាត់រង់ចាំច្រកឡែម ហើយគ្មានប្រាក់ត្រឡប់ទៅផ្ទះនោះទេ។ អ្នករត់ម៉ូតូរូបនេះបន្ថែមទៀតថា ករណីនេះប្រហែលមានការប្រទាក់ក្រឡាគ្នារកស៊ីជាប្រព័ន្ធដើម្បីស្វែងរកកម្រៃពីក្រុមពលករ៖ «»។
ទាំងប្រជាពលរដ្ឋខ្មែរស្នាក់ច្រកព្រំដែនផ្សារផាក់កាត និងអ្នករត់ម៉ូតូឌុបជនជាតិថៃ អះអាងថា ក្នុងមួយឡានដឹកពលករពីទីក្រុងបាងកក មកចុះនៅផ្សារផាក់កាត ខាងទឹកដីថៃ គឺថ្ងៃធម្មតា ប្រមាណ ១០០ ទៅ ៣០០នាក់ ចំណែកនៅថ្ងៃបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ប្រមាណពី ៣០០ ទៅ ៦០០នាក់ក្នុងមួយថ្ងៃ។
អ្នកអ្នករត់ម៉ូតូឌុបជនជាតិថៃ ប្រចាំនៅផ្សារថៃ ច្រកព្រំដែនមួយនេះ លើកឡើងថា ដើម្បីកុំឲ្យចាញ់បោកគេទៀត ក្រុមពលករត្រូវពិនិត្យមើលរថយន្តនៅទីក្រុងបាងកក ឲ្យបានច្បាស់មុននឹងទិញសំបុត្រធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ព្រោះប្រសិនបើមិនដូច្នោះទេ ពួកគេអាចនឹងត្រូវគេដឹកយកមកទម្លាក់ចោលនៅច្រកមួយនេះ ហើយខាតបង់ប្រាក់កាសចំណាយលើថ្លៃរថយន្ត ហើយត្រូវគេជំរិតទារប្រាក់ទៀត ព្រមទាំងខាតពេលវេលាត្រឡប់ទៅផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។