
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រកាត់ដេរស្បែកជើងមួយចំនួន ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ផ្លូវវ៉េងស្រេង បាននាំគ្នាធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលសមរម្យនៅថ្ងៃទី៧ តុលា។
ប្រធានសហព័ន្ធសហជីពដើម្បីកម្មករ លោក ពុធ សុវណ្ណ ថ្លែងថា ការធ្វើយុទ្ធនាការនេះជាការផ្ញើសារមួយទៅរដ្ឋាភិបាល សមាគមកាត់ដេរកម្ពុជា និងអ្នកបញ្ជាទិញទាំងឡាយ ដើម្បីឲ្យពួកគាត់បានដឹងថា ការចង់បានរបស់កម្មករ គឺការរស់នៅសមរម្យ និងថ្លៃថ្នូរក្នុងឋានៈជាមនុស្ស៖ «គោលបំណងដែលយើងធ្វើយុទ្ធនាការថ្ងៃនេះ គឺដោយសារយើងយល់ឃើញថា ការរស់នៅរបស់កម្មករនៅស្រុកខ្មែរ គឺមិនទាន់បានសមរម្យនៅឡើយទេ ហើយដោយឡែកមួយទៀត ការចរចាប្រាក់ឈ្នួលរបស់យើងក្នុងឆ្នាំនេះ គឺមានស្ថានភាពតឹងតែងមែនទែន ដោយខាងនិយោជកគាត់ពុំមានជំហរចរចាដោយភាពស្មោះត្រង់»។
ការជួបជុំរបស់កម្មករដើម្បីទាមទារប្រាក់ឈ្នួលសមរម្យនៅពេលនេះ ពុំមានទ្រង់ទ្រាយធំដែលមានកម្មករចូលរួមរាប់ពាន់រាប់ម៉ឺននាក់ដូចពេលមុនៗនោះទេ គឺពួកគេឈរលើកបដាទាមទារនៅខាងមុខរោងចក្ររបស់ពួកគេក្នុងម៉ោងសម្រាក ដោយកន្លែងខ្លះមានគ្នាពី ២០នាក់ ទៅ ៣០នាក់ ហើយកន្លែងខ្លះមានគ្នាប្រមាណ ១០០នាក់។
មេដឹកនាំសហជីពខ្លះពោលថា ក្រុមកម្មករអាចមានការខ្លាចរអាមិនសូវហ៊ានចូលរួមតវ៉ាដូចសព្វមួយដង ព្រោះផ្លូវវ៉េងស្រេង ជាតំបន់ដែលធ្លាប់មានការបង្ក្រាបដោយបង្ហូរឈាមលើកម្មករ ដែលតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលឲ្យបានដល់ ១៦០ដុល្លារកាលពីដើមខែមករា ឆ្នាំ២០១៤ ហើយដែលកម្មករ ៥នាក់ ត្រូវបានគេបាញ់សម្លាប់នៅពេលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។