ជាងជួសជុលរថយន្តមួយរូបនៅខេត្តព្រៃវែង បានបង្កើតភាពល្បីល្បាញដោយសារតែគាត់ចេះកែច្នៃយន្តហោះដោយគ្រាន់តែរៀនធ្វើតាមវីដេអូនៅក្នុងប្រព័ន្ធយូធូប (YouTube)។ អ្នកកែច្នៃយន្តហោះរូបនេះ នឹងទៅរៀនបច្ចេកទេសបន្ថែមទៀតនៅទឹកដីសហរដ្ឋអាមេរិក ដោយប្រើប្រាស់ធនធានផ្ទាល់ខ្លួន ដើម្បីសម្រេចក្តីប្រាថ្នារបស់គាត់ក្នុងការផលិតយន្តហោះ។
ដោយសារតែស្រឡាញ់យន្តហោះតាំងពីក្មេង និងតែងស្រមៃចង់ផលិតយន្តហោះមួយដោយខ្លួនឯងនោះ លោក ប៉ែន ឡុង ជាម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែងស្ថិតក្នុងឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរៀនកែច្នៃយន្តហោះជាច្រើនគ្រឿងជាបន្តបន្ទាប់ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកចាប់ផ្តើមល្បីរន្ទឺក្នុងពេលបច្ចុប្បន្ន។
ស្ថិតក្នុងសម្លៀកបំពាក់ប្រឡាក់ប្រេងម៉ាស៊ីនដោយកន្លែង លោក ប៉ែន ឡុង ម្តងដើរទៅមើលកូនជាងជួសជុលឡានដែលគេយកមកឲ្យធ្វើ និងម្តងវិលមកអង្គុយផ្សារដែក ហើយងើបកាន់កូនសោច្នៃប្រឌិតយន្តហោះផ្ទាល់ដៃនោះ រាប់រៀបថា លោកមិនធ្លាប់ឆ្លងកាត់ការសិក្សាបច្ចេកទេសដំឡើងយន្តហោះ ហើយក៏មិនធ្លាប់ធ្វើដំណើរផ្លូវអាកាសដែរ សូម្បីតែមើលឃើញយន្តហោះផ្ទាល់នឹងភ្នែកក៏មិនធ្លាប់ផង៖ « ការផលិត យន្តហោះនេះ ដោយសារខ្ញុំ ចូលចិត្ត វា ហើយដោយ សារពីក្មេងធ្លាប់ ឃើញយន្តហោះ ធ្លាក់ ក៏មាន ចិត្តមួយដិតដាមថា ចង់ផលិតយន្តហោះដោយខ្លួនឯងតែម្តង ព្រោះ យន្តហោះនេះ ខ្ញុំ គិតថា ជារបស់ម្យ៉ាងដែលអស្ចារ្យ សូម្បីតែ ចាស់ៗ មួយចំនួនមិនទាន់ បានឃើញ ផង ដូច្នេះហើយ ទើបខ្ញុំខំផលិតវា ដើម្បីឲ្យ វា មាននៅ ស្រុកខ្មែរយើង។ ខ្ញុំ មិនដែល ឃើញផ្ទាល់ឡើយ គឺឃើញតែពីចម្ងាយ ហើយក៏ មិនដែល ជិះដែរ។ ដំបូងឡើយ ខ្ញុំតាម យូធូប ហើយខ្ញុំ ធ្វើតាម តែវា ពិបាកខ្លាំងណាស់ គឺមិនងាយធ្វើទេ ព្រោះត្រូវការគិតវាច្រើន ។ ពីមុន ប្រសិនបើដល់ចំណុចណាដែលធ្វើមិនចេញ ខ្ញុំអង្គុយគិត អង្គុយរកវិធី សព្វបែបយ៉ាង ដើម្បីធ្វើវា »។
លោក ប៉ែន ឡុង បានរៀនកែច្នៃធ្វើយន្តហោះជាច្រើនលើកច្រើនសា ដោយលើកទីមួយលោកបានច្នៃកូនយន្តហោះប្រើឧបករណ៍បញ្ជាមួយគ្រឿង។ លើកទីពីរ លោកបានធ្វើយន្តហោះមួយទៀត ប៉ុន្តែធ្វើមិនបានល្អ លោកក៏មិនបានសាកល្បងវាទេ គឺទុកវាចោល។
បន្ទាប់មកនៅលើកទីបី លោកបានដំឡើងយន្តហោះមួយទៀតដែលបើកបរដោយមនុស្សប្រើរយៈពេល ៣ឆ្នាំ និងចំណាយជាង ២ម៉ឺនដុល្លារ ប៉ុន្តែក្នុងពេលសាកល្បងកាលពីដើមឆ្នាំនេះ គឺហោះបានបន្តិច ក៏ធ្លាក់មកវិញ បែកកង់ និងខូចស្លាប។ កាលណោះ លោកមិនមានរបួសអ្វីទេ។ ទោះបីជាលើកទី៣ មិនជោគជ័យក្តី តែវាបានធ្វើឲ្យលោកល្បីល្បាញខ្លាំង និងមានអ្នកគាំទ្រច្រើន។

លើកទីបួននេះ គឺលោកកំពុងដំឡើងយន្តហោះមួយគ្រឿងទៀតសម្រាប់ហោះហើរលើទឹក។ លោកថាយន្តហោះនេះ គឺត្រូវបានអតិថិជនកុម្ម៉ង់ទិញរួចហើយក្នុងតម្លៃ ៥ពាន់ដុល្លារ សម្រាប់យកទៅតាំងបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប នៅឆ្នាំក្រោយ និងបន្ទាប់មក គេនឹងយកវាទៅតាំងនៅសណ្ឋាគារ ដោយចង់បង្អួតភ្ញៀវថាជាស្នាដៃកូនខ្មែរផង៖ « តាមពិត ដំបូង ឡើយខ្ញុំ ធ្វើ សម្រាប់ខ្លួនឯង ទេ ប៉ុន្តែមានខាងគេនោះបានមកកុម្ម៉ង់ទិញយកទៅតាំងនៅមុខសណ្ឋាគាររបស់គេ ហើយ ខ្ញុំគិតថា វាល្អដែរ បើគេយកទៅអ៊ីចឹង ដូច្នេះ នៅពេល ខ្ញុំធ្វើហើយ និងសាកល្បងអី រួចរាល់ ខ្ញុំនឹងប្រគល់ជូនឲ្យគេ ។ គេដាក់ កំណត់ឲ្យ ហើយ រួចរាល់ នៅមុន ពិធីបុណ្យ ចូលឆ្នាំ ខ្មែរ »។
ម្ចាស់យានដ្ឋានវ័យ ៣១ឆ្នាំរូបនេះបញ្ជាក់ថា យន្តហោះកំពុងកែច្នៃនេះ គឺធ្វើតាមម៉ូដែលយន្តហោះស៊េរីទំនើបថ្មីមួយដែលជាប្រភេទយន្តហោះស្ព័រ ហោះចេញពីលើទឹក និងចុះនៅលើទឹកដែរ។ វាមានទម្ងន់ ១០០គីឡូក្រាម បណ្តោយប្រវែង ៤ម៉ែត្រ មានស្លាបប្រវែង ៦ម៉ែត្រ និងប្រើកម្លាំងម៉ាស៊ីន ៨សេស។
ទន្ទឹមនឹងភាពជោគជ័យនេះ លោកបានត្អូញត្អែរថា ការរៀនកែច្នៃយន្តហោះតាមរយៈមើលវីដេអូក្នុងប្រព័ន្ធយូធូប គឺពិតជាមានការលំបាក និងស្មុគស្មាញខ្លាំង តែដោយសារក្តីស្រឡាញ់ គឺលោកមិនរាថយឡើយ៖ « ខ្ញុំត្រូវតែធ្វើឲ្យកើតឲ្យសម្រេចតែម្តង ហើយបើធ្វើ ខ្លួនឯង មិនកើត ក៏ទៅរៀនពីគេ មកធ្វើ ទាល់តែ កើតដែរ ហើយបើ មួយជីវិត របស់ខ្ញុំ នៅតែ ធ្វើ មិនកើត ទៀត ខ្ញុំនឹងបន្តដល់កូនប្រុសទាំងពីរនាក់របស់ខ្ញុំទៀត ដែលម្នាក់អាយុ ១០ឆ្នាំ និង ម្នាក់ទៀត ទើបបាន ៨ខែ។ ខ្ញុំបានបង្ហាត់បង្ហាញកូនពីការងារអស់ហ្នឹងដែរ និងបានអូសទាញកូនឲ្យចូលចិត្តធ្វើអាខាងហ្នឹងដូចខ្ញុំអ៊ីចឹងដែរ ។ មហិច្ឆតា នេះដោយសារខ្ញុំឃើញស្រុកខ្មែរយើង ខ្វះខាតរឿងបច្ចេកវិទ្យា ហើយទិញតែរបស់គេប្រើប្រាស់ដែលមានតម្លៃថ្លៃ ខ្ញុំសោកស្តាយណាស់ ! ដូច្នេះបើយើងខ្លួនឯង គឺវា ធូរថ្លៃ »។
បើទោះបីជាគំនិតច្នៃប្រឌិតរបស់បុរសនៅជនបទម្នាក់នេះមិនត្រូវបានរដ្ឋាភិបាល ឬអាជ្ញាធរខ្មែរជួយលើកទឹកចិត្តគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងធនធានក្តី ប៉ុន្តែលោកមិនតូចចិត្តឡើយ ដោយគ្រាន់តែសុំកុំឲ្យរារាំងសកម្មភាពរបស់លោកតែប៉ុណ្ណោះ។ លោក ប៉ែន ឡុង អះអាងថា កន្លងទៅមានខាងក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសថៃ បានទាក់ទងលោក ដោយធានាឲ្យទៅរៀន និងធ្វើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍របស់គេ ប៉ុន្តែលោកបានបដិសេធ ដោយមិនចង់ទៅរៀននៅប្រទេសជិតខាងឡើយ។
ទីបំផុត ដោយចង់ឲ្យសុបិនធ្វើយន្តហោះឲ្យក្លាយជាការពិត លោក ប៉ែន ឡុង សម្រេចចិត្តនឹងទៅរៀនបច្ចេកទេសបន្ថែមទៀតនៅទឹកដីសហរដ្ឋអាមេរិក ដែលយ៉ាងយូរនៅឆ្នាំក្រោយ តាមរយៈការធានារបស់មិត្តភ័ក្ដិរបស់លោកម្នាក់នៅទីនោះ៖ « បាទ ! ខាងប្រទេសថៃ គេ បានស្នើ ឲ្យខ្ញុំទៅរៀន នៅទីនោះ ប៉ុន្តែខ្ញុំអត់បានទៅទេ។ ដោយឡែក ការសម្រេច ទៅអាមេរិកនេះ អត់មានអ្នកណាចេញលុយយកទៅទេ គឺចេញលុយខ្លួនឯងដើម្បីបានទៅរៀនទីនោះ ។ ការដែល ទៅអាមេរិកនេះ គឺធ្វើប៉ាសស្ព័រ និងសំបុត្រយន្តហោះត្រូវចេញលុយ ខ្លួនឯង ប៉ុន្តែខ្ញុំមានស្គាល់មិត្តភ័ក្ដិ ម្នាក់នៅ អាមេរិក ដែលគាត់ ចេះធ្វើ យន្តហោះ និងជា អ្នកបើក យន្តហោះ ហើយគាត់ ប្រាប់ថា បើ ចង់ទៅ រៀន គឺគាត់អាច បង្រៀនដោយ មិន គិតថ្លៃ ឡើយ »។
ងាកមកមើលភរិយាលោក ប៉ែន ឡុង វិញ គឺលោកស្រី អ៊ីង មួយហេង ដែលកំពុងបញ្ចុកអាហារឲ្យកូន និយាយថា លោកស្រីចូលចិត្ត និងលើកទឹកចិត្តប្តីដែលមានគំនិតច្នៃប្រឌិតធ្វើអ្វីថ្មីៗ ហើយលោកស្រីមិនខកចិត្តឡើយដែលគាត់យកលុយជាច្រើនទៅចំណាយលើការកែច្នៃយន្តហោះនោះ៖ « ប្តី របស់ខ្ញុំ ចូលចិត្ត ច្នៃប្រឌិតច្រើន ឬ ការកែច្នៃ ច្រើន។ [ សើច ..! ] ក្រៅពីការធ្វើឡាន គឺគាត់ស្រឡាញ់យន្តហោះខ្លាំងណាស់ ដោយធ្វើ ទាំងយប់ ទាំងថ្ងៃ »។
ក្នុងពេលកន្លងទៅ ការផលិតយន្តហោះធុនតូចរបស់លោក ប៉ែន ឡុង ត្រូវបានគេផ្សព្វផ្សាយព្រោងព្រាតនៅតាមបណ្ដាញព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុក (facebook) ហើយអភិបាលខេត្តព្រៃវែង លោក ជា សុមេធី ក៏បានចុះទៅជួបគាត់ម្តងដែរ។
ថ្វីត្បិតតែការផលិតយន្តហោះនោះមិនទាន់បានជោគជ័យមួយរយភាគរយក្តី តែលោក ប៉ែន ឡុង បានផ្តាំផ្ញើ និងលើកទឹកចិត្តឲ្យយុវជនខ្មែរ ត្រូវមានគំនិតច្នៃប្រឌិត និងប្រឹងប្រែងសិក្សាលើជំនាញបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ព្រោះកម្ពុជា កំពុងខ្វះខាតធនធានមនុស្សខាងវិស័យទាំងនេះ៖ « ចង់ ផ្តែផ្តាំកូន ខ្មែរ ទាំងអស់ដែលមាន គំនិតកែច្នៃរបស់អ្វីៗ គឺត្រូវខំប្រឹងឲ្យកើតឲ្យបាន។ មានន័យថា យើងធ្វើ អ្វីមួយ ដោយ ខ្លួនឯង ទៅ ទើបបានល្បីប្រទេសរបស់យើង ហើយបើយើង ចាំតែ ពឹងពាក់ ប្រើតែរបស់គេ គឺវាអត់ រីកចម្រើន ទៅមុខ ទេ។ មូលហេតុអី ? ព្រោះខ្ញុំមានបទពិសោធន៍ដូចជាធ្វើជាងឡានស្រាប់នេះ ខ្ញុំ គិតថា សម្ភារៈដូចជាគ្រឿងឡានដែលយើងទិញពីគេ គឺ ចំណាយលុយ ច្រើនណាស់។ អ៊ីចឹងគេ អាចចិញ្ចឹមប្រជាជនស្រុកគេរស់យ៉ាងស្រួល ដោយឡែកខាងយើង វិញ គឺយើងអត់មានការងារ ធ្វើអ៊ីចឹង ហ្អា ...! ដោយសាររបស់ទាំងអស់នេះ គឺទិញតែពីគេ ដូច្នេះយើង មានតែ អស់លុយ ហើយគ្មានចំណេញអ្វីនោះទេ »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។