អ្នកវិភាគសង្គមបានចាត់ទុកការផ្ដល់អាវុធមកអោយកម្ពុជា ពីសំណាក់ប្រទេសចិន ភ្លាមៗនៅក្រោយការបោះឆ្នោត ថាជារូបភាពដែលធ្វើអោយប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋ ជាជាងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ស្របពេលដែលស្ថានភាពនៅក្រោយបោះឆ្នោតនៅមិនទាន់នឹងននៅឡើយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ការរក្សាសន្តិសុខជាករណីចាំបាច់ ដែលប្រទេសនីមួយៗត្រូវការជាចាំបាច់ដើម្បីការពារបូរណភាពទឹកដី។ ប៉ុន្តែ លោកពុំគាំទ្រចំពោះការប្រគល់កាំភ្លើងនៅក្នុងស្ថានភាពដែលកម្ពុជា កំពុងប្រឈមនឹងបញ្ហាប្រទាំងប្រទើសនៅក្រោយការបោះឆ្នោតនោះទេ។
គេហទំព័រនៃអគ្គស្នងការនគរបាលជាតិ បានផ្សព្វផ្សាយនៅរសៀលថ្ងៃទី៣០ ខែកក្កដា ថា អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ នេត សាវឿន បានជួបជាមួយមន្ត្រីសមត្ថកិច្ចជាន់ខ្ពស់នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ប្រទេសចិន លោក លី ជូឈុន (Li Zhuqun)។ ក្នុងជំនួបនោះ ចិន បានប្រគល់អោយភាគីកម្ពុជា នូវសម្ភារៈជាច្រើន ដើម្បីបង្កើនការពង្រឹងសន្តិសុខ ក្នុងនោះមានអាវុធខ្លី ១ពាន់ដើម គ្រាប់ចំនួន ៥ម៉ឺនគ្រាប់ និងសម្ភារៈសម្រាប់រក្សាសន្តិសុខមួយចំនួនទៀត។
យ៉ាងណា សេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ ពុំបានបញ្ជាក់ទេថា សម្ភារៈដែលប្រទេសចិន ប្រគល់អោយនៅពេលនេះ គឺជាជំនួយប្រភេទណានោះទេ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការអធិប្បាយពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឡើយ នៅរសៀលថ្ងៃទី៣១ ខែកក្កដា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះការរក្សាសុវត្ថិភាព ពុំគួរអីត្រូវប្រគល់អោយយ៉ាងតក់ក្រហល់នៅក្រោយពេលបោះឆ្នោតបែបនេះឡើយ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានអោយដឹងថា សម្ភារៈដែលប្រទេសចិន ប្រគល់អោយកម្ពុជា ពុំមែនជាគម្រោងថ្មីថ្មោងទើបចាប់ផ្ដើមនៅក្រោយការបោះឆ្នោតនោះឡើយ គឺបានធ្វើតាមគម្រោងនៃការរក្សាសន្តិសុខដ៏ត្រឹមត្រូវមួយ។ លោក ផៃ ស៊ីផាន បានហៅការលើកឡើងពីការព្រួយបារម្ភចំពោះការបំភិតបំភ័យណាមួយនោះ គ្រាន់តែជាការការបំភ្លៃស្ថានការណ៍ពិតប៉ុណ្ណោះ។
ចាប់តាំងពីមួយថ្ងៃមុនថ្ងៃបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា កម្លាំងសមត្ថកិច្ចចម្រុះមានទាំងកងនគរបាល និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវដាក់ពង្រាយនៅក្នុងរាជធានីភ្នំពេញ ដោយសម្អាងហេតុផលថា ដើម្បីរក្សាសន្តិសុខ និងសម្រួលចរាចរណ៍ក្នុងក្រុង។ ហើយការរឹតបន្តឹងសន្តិសុខ ក៏បានបង្កើនបន្ថែមទៀតនៅថ្ងៃបោះឆ្នោត នៅក្រោយការផ្ទុះហិង្សារវាងអ្នកបោះឆ្នោត និងកម្លាំងសមត្ថកិច្ចនៅមណ្ឌលបោះឆ្នោតបឋមសិក្សាស្ទឹងមានជ័យ។ ប្រជាពលរដ្ឋជាច្រើនចាប់ផ្ដើមភ័យខ្លាចចំពោះស្ថានភាពនៃការរឹតបន្តឹងសន្តិសុខទាំងនេះ។
ទាក់ទិននឹងជំនួយផ្នែកសព្វាវុធ ប្រទេសចិន ដែលជាមហាអំណាចដែលឈានមុខទាំងសេដ្ឋកិច្ច និងសព្វាវុធ ជារឿយៗបានផ្ដល់ការគាំទ្រមកអោយកម្ពុជា ជាអាទិ៍កាលពីឆ្នាំ២០១០ ប្រទេសនេះបានប្រគល់រថយន្តយោធាចំនួន ២៥៧គ្រឿង និងឯកសណ្ឋានយោធា ៥០.០០០សម្រាប់។
សម្រាប់អ្នកវិភាគសង្គម លោក កែម ឡី បានបន្តថា រដ្ឋាភិបាលត្រូវមានតម្លាភាពរាល់ការផ្ដល់សម្ភារៈទាំងនោះ។ លោកបន្តទៀតថា ការបន្លែបន្លំណាមួយរវាងជំនួយ និងប្រាក់កម្ចី នឹងក្លាយជាបញ្ហាសម្រាប់សង្គមទាំងមូលនៅថ្ងៃអនាគត។
នៅក្នុងគម្រោងថវិកាជាតិឆ្នាំ២០១៣ ចំណាយនៅក្នុងផ្នែកសន្តិសុខ គឺមានចំនួន ៣.១០០លានដុល្លារ គឺច្រើនជាងឆ្នាំ២០១២ ប្រមាណជាង ១៤% ដែលចំនួននេះត្រូវអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី ចាត់ទុកថា ច្រើនលើសលប់ក្នុងការអភិវឌ្ឍវិស័យនេះ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឆ្លើយតបថា ការទាមទារព័ត៌មានពីពាក់ព័ន្ធនឹងសព្វាវុធ គឺជាផ្នែកដែលហាមឃាត់ ដ្បិតត្រូវចាត់ទុកថា ជាព័ត៌មានប៉ះពាល់សន្តិសុខជាតិ។
ចំពោះអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច បានលើកឡើងថា ជាបទពិសោធន៍ ប្រទេសចិន តែងតែបានចំណេញពីការលក់សព្វាវុធទៅអោយប្រទេសតូចតាច ដែលពុំអាចគេចផុតពីជម្លោះផ្ទៃក្នុង ឬជម្លោះដែលឈានដល់សង្គ្រាមស៊ីវិល។
ករណីដដែលនេះ ទាំងអ្នកវិភាគសង្គម ទាំងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយជំរុញអោយរដ្ឋាភិបាលជ្រើសរើសយកមធ្យោបាយសន្តិវិធីក្នុងការដោះស្រាយបញ្ហា ជាពិសេសបញ្ហាដែលបានចោទឡើងនៅក្រោយការបោះឆ្នោត ដែលអាចអោយកម្ពុជា បានបន្តស្ថិតក្នុងសន្តិភាព និងមានការរួបរួមដើម្បីប្រយោជន៍ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
