Opens in new windowក្រុមហ៊ុនចិន ដែលជំនាញខាងផលិតផលល្ហុងប្រេង បានសម្លឹងឃើញផ្ទៃដីជាច្រើនពាន់ហិកតារនៅជាប់ជើងភ្នំគូលែន នៃខេត្តសៀមរាប ថាវាមានជីជាតិសម្រាប់ដំណាំល្ហុងប្រេងឲ្យទទួលបានផលច្រើន និងគុណភាពល្អ។ ដោយសារការសម្លឹងឃើញកន្លែងអំណោយផលសម្រាប់ដំណាំល្ហុងប្រេងនេះ ក្រុមហ៊ុនចិន មានគម្រោងជំរុញកសិករខ្មែរឲ្យពង្រីកផ្ទៃដីដាំដុះ ១ម៉ឺនហិកតារ នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត។
ក្រុមហ៊ុនចិន ឈ្មោះ លឹម ប៊ុន គ្រុប (Lim Bun Group) បានចំណាយដើមទុនប្រមាណ ១លាន និង ៥សែនដុល្លារសហរដ្ឋអាមេរិក សម្រាប់ឲ្យយោធិនពិការដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ នៃខេត្តសៀមរាប ខ្ចីសម្រាប់ដាំដុះដំណាំល្ហុងប្រេងរយៈពេល ៥ឆ្នាំ ដោយមិនគិតការប្រាក់។
ការបោះទុនឲ្យខ្ចីនេះ គឺក្រុមហ៊ុនមានគោលបំណងបំផុសឲ្យក្រុមយោធិនពិការ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍៣១៧ ទាំងអស់ ព្រមទាំងប្រជាកសិករដែលរស់នៅជុំវិញជាច្រើនទៀត ចាប់អារម្មណ៍ទៅលើការដាំល្ហុងប្រេង ហើយក្រុមហ៊ុននឹងប្រមូលទិញយកទៅលក់នៅលើទីផ្សារអន្តរជាតិ។
ប្រធានក្រុមហ៊ុនចិន លឹម ប៊ុន គ្រុប គឺលោក លឹម ជុង ប៊ុន (Lim Jung Bun) លោកមានប្រសាសន៍ក្នុងពេលចុះពិនិត្យមើលដំណាំល្ហុងប្រេងចំនួន ១២០ហិកតារ ដែលដាំសាកល្បងជំហានទី១ នៅមជ្ឈមណ្ឌលយោធិនពិការ៣១៧ កាលពីថ្ងៃទី២៣ ខែកញ្ញា ថា អ្នកជំនាញរបស់ក្រុមហ៊ុនបានមើលឃើញថា ជីជាតិដីត្រង់តំបន់មជ្ឈមណ្ឌលយោធិនពិការ៣១៧ នៅជិតជើងភ្នំគូលែន ខេត្តសៀមរាប គឺមានអំណោយផលសម្រាប់ដំណាំល្ហុងប្រេងបានល្អ។ ដោយសារមើលឃើញសក្ដានុពលបែបនេះ ព្រមទាំងចង់ឲ្យយោធិនពិការក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍៣១៧ មានប្រាក់ចំណូលផងនោះ ទើបក្រុមហ៊ុន លឹម ប៊ុន គ្រុប សម្រេចផ្ដល់ទុនឲ្យយោធិនពិការខ្ចី ដោយមិនគិតការប្រាក់ និងយកទៅដាំដំណាំល្ហុងប្រេងលើផ្ទៃដីទំហំ ៣.០០០ហិកតារ សម្រាប់ជំហានដំបូងក្នុងរយៈពេល ៥ឆ្នាំ។ ប្រធានក្រុមហ៊ុន លឹម ប៊ុន គ្រុប បានអះអាងទៀតថា ក្នុងការផ្ដល់កម្ចីឲ្យយោធិនពិការដាំល្ហុងប្រេងនេះ ប្រសិនបើមានហានិភ័យកើតឡើងដោយសារតែគ្រោះធម្មជាតិ គឺក្រុមហ៊ុននឹងមិនទាមទារយកប្រាក់បំណុលវិញឡើយ៖ «យើងបានមកដល់កម្ពុជា តាំងពី ៤ឆ្នាំមុន ដោយក្រុមហ៊ុនរបស់យើងបានដើរមើលស្ថានភាពដីជាច្រើនកន្លែងនៅជុំវិញប្រទេសកម្ពុជា។ យើងបានយកដីជាច្រើនប្រភេទទៅធ្វើការពិសោធ ហើយនៅទីបំផុត យើងសម្រេចជ្រើសយកដីនៅតំបន់ជើងភ្នំគូលែន ព្រមទាំងជ្រើសរើសយកកិច្ចសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ធ្វើជាដៃគូអនុវត្តន៍ដំណាំល្ហុងប្រេងនេះ»។
ក្រុមហ៊ុនចិន លឹម ប៊ុន គ្រុប ដែលមានជំនាញផ្នែកផលិតផលល្ហុងប្រេង បានសហការជាមួយក្រុមហ៊ុនវិនិយោគមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ ជាដើម ដើម្បីនាំផលិតផលល្ហុងប្រេងនេះទៅកាន់ទីផ្សារអន្តរជាតិ។ ក្រុមហ៊ុន លឹម ប៊ុន គ្រុប រំពឹងទុកថា ប្រសិនបើដីនៅតំបន់ជើងភ្នំគូលែន មានអំណោយផលល្អសម្រាប់ដំណាំល្ហុងប្រេង គឺគេមានគម្រោងនឹងជំរុញកសិករខ្មែរនៅខេត្តសៀមរាប ឲ្យដាំល្ហុងប្រេងលើផ្ទៃដីរហូតដល់ ១ម៉ឺនហិកតារក្នុងរយៈពេល ៥ឆ្នាំទៅមុខ។
នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ លោក អ៊ូច នីរ័ត្ន ថ្លែងថា រយៈពេល ៥ខែមកហើយ ក្រុមហ៊ុន និងគ្រួសារយោធិនពិការប្រមាណ ១០០នាក់ បានដាំល្ហុងប្រេងសាកល្បងលើផ្ទៃដី ១២០ហិកតារ ដោយវាបានចាប់ផ្តើមមានផ្លែផ្កាខ្លះៗហើយ។ នាយករងមជ្ឈមណ្ឌលយោធិនពិការដដែលបញ្ជាក់ថា ដំណាំល្ហុងប្រេងនេះវាក៏ជួយដល់យោធិនពិការ ឲ្យរកចំណូលបានដែរ ពីព្រោះក្រុមហ៊ុនបានសន្យាទិញយកភោគផលតម្លៃពី ៣០០ដុល្លារទៅ ៣៥០ដុល្លារក្នុង ១តោន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយលើកទឹកចិត្តឲ្យកសិករដែលរស់នៅស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ជុំវិញមជ្ឈមណ្ឌលយោធិនពិការ បែរមកដាំដុះដំណាំល្ហុងប្រេង ដោយរកបានចំណូលបានសមរម្យ ព្រមទាំងអាចកាត់បន្ថយការចំណាកស្រុកទៀតផង៖ «នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍នេះ គឺយើងមានដីទំហំ ៨០០ហិកតារ តំបន់ជុំវិញប្រមាណ ៨.០០០ហិកតារ ទៅ ១ម៉ឺនហិកតារ ដែលអាចផលិត និងដាំល្ហុងប្រេងបាន គឺជាដីដែលមានជីជាតិល្អ»។
នេះជាការវិនិយោគផ្នែកកសិកម្មរបស់ក្រុមហ៊ុនចិន មួយក្នុងចំណោមក្រុមហ៊ុនចិន ជាច្រើនទៀត ដែលកំពុងបោះទុនវិនិយោគលើវិស័យផ្សេងៗទៀត ដូចជាវិស័យធនធានរ៉ែ និងដីសម្បទានសេដ្ឋកិច្ច ជាដើម។
គេហទំព័រជាភាសាអង់គ្លេសមួយឲ្យដឹងថា ចាប់តាំងពីអំឡុងឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន ចិន បានពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា នូវទឹកប្រាក់ប្រមាណជាង ៩ពាន់លានដុល្លារអាមេរិក។
ទោះយ៉ាងណា អ្នកវិភាគបញ្ហាសង្គម នៅតែមិនទាន់ត្រេកអរចំពោះការវិនិយោគរបស់ក្រុមហ៊ុនចិន មួយចំនួនក្នុងប្រទេសកម្ពុជា នៅឡើយទេ ដោយគេចាត់ទុកថា ការវិនិយោគខ្លះមិនមែនជារូបភាពនៃការរីកចម្រើនខាងទីផ្សារសេរីទេ គឺមានលក្ខណៈនយោបាយច្រើនជាង។
អ្នកវិភាគសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ពេលបច្ចុប្បន្ន លោកបានសម្គាល់ឃើញក្រុមហ៊ុនចិន ជាច្រើន បានមកវិនិយោគផ្នែករ៉ែ ផ្នែកដីសម្បទានសេដ្ឋកិច្ច និងផ្នែកកម្មន្តសាល ជាដើម ក៏ប៉ុន្តែក្រុមហ៊ុនចិន ទាំងនោះ ភាគច្រើនគឺជារបស់រដ្ឋ ហើយការមកវិនិយោគភាគច្រើន គឺនៅមិនទាន់ស្អាតស្អំ ដូចជាក្រុមហ៊ុនមកពីអាមេរិក ឬក៏សហគមន៍អឺរ៉ុប ឡើយ៖ «មានច្រើនតែមកបន្លំជាមួយរដ្ឋាភិបាល លាយឡំគ្នាជាមួយនយោបាយ ជាមួយសប្បុរសធម៌ ជាមួយនឹងការគាំទ្រនយោបាយចិន តែមួយជាដើម»។
លោក កែម ឡី បញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នគេមើលឃើញរូបភាពក្រុមហ៊ុន និងរដ្ឋាភិបាលចិន មកវិនិយោគ ព្រមទាំងផ្ដល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ជាហូរហែក៏ដោយ តែបើគិតចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១២ គឺជំនួយពីប្រទេសចិន មានតែ ៤% ទេ បើប្រៀបធៀបទៅនឹងទឹកប្រាក់ជំនួយសរុប ១២ពាន់លានដុល្លារ ដែលប្រទេសជប៉ុន សហរដ្ឋអាមេរិក និងបណ្ដាប្រទេសសហគមន៍អឺរ៉ុប ផ្ដល់មកឲ្យកម្ពុជា នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
