កម្មករ​រោងចក្រ​ជីន​យី​រារាំង​សមត្ថកិច្ច​មិន​ឲ្យ​ចាប់​តំណាង​សហជីព

កម្មករ​កម្មការិនី​រោងចក្រ ជីន យី ហ្គាមេន (Cin Yi Garment) ប្រមាណ​ជា ១​ពាន់​នាក់ នាំ​គ្នា​ដើរ​ហែ​ក្បួន​ការពារ​តំណាង​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​ចំនួន ៦​នាក់ ឲ្យ​គេច​ផុត​ពី​ការ​តាម​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា។

ហេតុការណ៍​នោះ បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​កម្មករ​បាន​ស្រែក​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ដោយ​មាន​កាន់​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក ស្រាប់​តែ​មាន​សមត្ថកិច្ច​ព្យាយាម​ចាប់​តំណាង​សហជីព​ម្នាក់​ក្នុង​ចំណោម ៦​នាក់​ដាក់​ឡាន ទើប​ជំរុញ​ឲ្យ​ពួក​គាត់​ដើរ​អម​ដំណើរ​តំណាង​សហជីព​ទាំង ៦​នាក់ ឲ្យ​ឡើង​ឡាន​ទៅ​ភ្នំពេញ​វិញ។

ក្រុម​កម្មករ​អះអាង​ថា មិន​សុខ​ចិត្ត​ចូល​ធ្វើ​ការ​ឡើយ ប្រសិន​បើ​ភាគី​រោងចក្រ​មិន​ព្រម​រក្សា​អត្ថប្រយោជន៍​ការងារ​នៅ​អំឡុង​ពេល​នៃ​ការ​ធ្វើ​កូដកម្ម និង​ចាប់​ផ្ដើម​គិតគូរ​ប្រាក់​បុង​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ជាដើម។ កម្មករ​ក៏​បាន​រិះគន់​សហជីព​ប្រចាំ​រោងចក្រ​របស់ លោក ជា មុនី ថា​បាន​បំផុស​បំផុល​ឲ្យ​ពួក​គាត់​ធ្វើ​កូដកម្ម ប៉ុន្តែ​ក្រោយ​មក​បាន​ពុក​រលួយ​ស៊ី​លុយ​ពី​រោងចក្រ ហើយ​ទុក​កម្មករ​ចោល ដោយ​ទុក​ឲ្យ​នៅ​តវ៉ា​ជាមួយ​តំណាង​សហជីព​ផ្សេង​ទៅ​វិញ៖ «សំឡេង»។

សមត្ថកិច្ច​បាន​ព្យាយាម​តាម​ចាប់​តំណាង​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ បន្ទាប់​ពី​ក្រុម​កម្មករ​វាយ​បំបែក​កញ្ចក់​នៅ​ខាង​មុខ​រោងចក្រ​ជា​ច្រើន​ផ្ទាំង។

កម្មករ​រោងចក្រ ជីន យី ស្ថិត​នៅ​ភូមិ​ចម្ការស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង បាន​បិទ​ផ្លូវ​ជាតិ និង​ស្រែក​តវ៉ា​នៅ​ខាង​រោងចក្រ​ជាង ១០​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ចំនួន ១៧​ចំណុច ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មិន​ទាន់​មាន​ដំណោះស្រាយ​សមស្រប​ដែល​កម្មករ​ទទួល​យក​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។