មន្ត្រីអង្គការសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យ ព្រួយបារម្ភយ៉ាងខ្លាំងអំពីពលកររាប់ពាន់នាក់នាំគ្នាសម្រុកចេញទៅធ្វើការងារស្របច្បាប់នៅប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីអង្គការសង្គមស៊ីវិលបញ្ជាក់ថា ពលករធ្វើចំណាកស្រុកនៅកៀកថ្ងៃបុណ្យចូលឆ្នាំនេះ ពួកគេនឹងមិនអាចវិលមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទាន់ពេលឡើយ។
ពលករធ្វើចំណាកស្រុកស្របច្បាប់តាមរយៈក្រុមហ៊ុននានា ដែលធ្វើអាជីវកម្មនាំពលករទៅធ្វើការនៅប្រទេសថៃ នៅព្រឹកថ្ងៃទី២៨ ខែមីនា បាននាំពលករប្រមាណ ១ពាន់នាក់ ឆ្លងដែនតាមច្រកព្រំដែនប៉ោយប៉ែត ដើម្បីទៅដល់គោលដៅរៀងៗខ្លួន។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា កាលពីឆ្នាំកន្លងទៅនៅពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរជិតចូលមកដល់ពុំសូវមានពលករសម្រុកចេញទៅធ្វើការនៅប្រទេសថៃ មួយថ្ងៃ រាប់ពាន់នាក់ដូចពេលនេះឡើយ។
លោក ស៊ុំ ច័ន្ទគា សង្កត់ធ្ងន់ថា ពលករធ្វើចំណាកស្រុកជាច្រើននាក់នៅពេលនេះ គឺខុសប្រក្រតីដែលពួកគេប្រហែលមិនអាចវិលត្រឡប់មកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បាននោះទេ៖ «បើសិនគាត់មកបោះឆ្នោតមិនទាន់ គឺគាត់នឹងបាត់បង់សិទ្ធិបោះឆ្នោតជ្រើសរើសមនុស្សល្អសម្រាប់ដឹកនាំឃុំសង្កាត់របស់ពួកគាត់។ ខ្ញុំអំពាវនាវសុំឲ្យមន្ត្រីពាក់ព័ន្ធទាំងឡាយត្រូវពិនិត្យមើលបញ្ហានេះផង ដើម្បីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ»។
ទាក់ទងនឹងបញ្ហានេះបុគ្គលិកនាំពលករឲ្យក្រុមហ៊ុន ប៊ី.អេស.អា.អូ ប៊ែស មេនផៅវរ៍ (B.S.R.O Best Manpower Co., Ltd) លោក សួន សាម៉េន ឲ្យដឹងនៅថ្ងៃទី២៨ ខែមីនា ថា លោកនាំពលករទៅប្រទេសថៃ នៅព្រឹកថ្ងៃទី២៨ ខែមីនា ចំនួនជាង ៣០០នាក់ គឺទៅដោយស្របច្បាប់ ហើយអ្នកទាំងអស់នោះភាគច្រើនជាពលករដែលធ្លាប់ធ្វើការងារខុសច្បាប់នៅប្រទេសថៃ ពីមុនមក៖ «អ្វីដែលខ្ញុំដឹងគឺការព្រមព្រៀងរវាងក្រុមហ៊ុនខាងថៃ។ ក្រុមហ៊ុនខាងថៃ គេទទួលធ្វើឯកសារឲ្យពលករទាំងអស់ ដោយគេចង់បានពលករទៅធ្វើឲ្យក្រុមហ៊ុនរបស់គេ បើទោះបីជិតចូលឆ្នាំខ្មែរក៏ដោយ។ ព្រោះពេលសម្រាកថ្ងៃបុណ្យចូលឆ្នាំ គឺខាងថៃ ក៏គេឲ្យប្រាក់ឈ្នួលដល់ពលករដែរ»។
ទោះជាយ៉ាងណា ប្រធានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លោក វិច អូន មានប្រសាសន៍ថា នៅខែមីនា នេះ ពុំទាន់មានតួលេខពលករទៅធ្វើការនៅប្រទេសថៃ ចំនួនប៉ុន្មាននាក់ពិតប្រាកដនៅឡើយ។ ប៉ុន្តែលោកអះអាងថា កន្លងទៅពលករឆ្លងដែនធ្វើចំណាកស្រុកតាមច្រកមួយនេះប្រមាណពី ៧ពាន់ ទៅ ៨ពាន់នាក់ក្នុងមួយខែ៖ «បាទ! វាដោយថ្ងៃទេ ជួលកាលបើក្រុមហ៊ុនគេត្រូវការច្រើន ហើយគេប្រមូលមនុស្សបានក៏គេនាំចេញទៅថៃ អ៊ីចឹងទៅ។ តែបើឲ្យជាក់លាក់ពិតប្រាកដវាអត់មានទេ ជួល កាលថ្ងៃខ្លះសឹងតែគ្មានពលករក៏មានដែរ»។
លោក វិច អូន បន្ថែមថា ក្រុមហ៊ុនដែលនាំពលករទៅប្រទេសថៃ តាមច្រកព្រំដែនប៉ោយប៉ែត មានចំនួន ២៣ក្រុមហ៊ុន។ របាយការណ៍របស់មន្ត្រីទទួលបន្ទុកពលករចំណាកស្រុកក្រសួងមហាផ្ទៃ ឲ្យដឹងថា នៅឆ្នាំ២០១៦ មានពលករកំពុងបំពេញការងារនៅប្រទេសថៃ ប្រមាណជាង ១លាននាក់ ក្នុងនោះមាន ៣៦ម៉ឺននាក់ ពុំមានឯកសារច្បាប់ត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។