កម្មករ​រោងចក្រ​ឆាង​ស៊ឹង​ផ្ដិត​មេដៃ​ប្ដឹង​ឲ្យ​ជួយ​អន្តរាគមន៍​ប្រាក់​អត្ថប្រយោជន៍​បន្ទាប់​ភ្លើង​ឆេះ

0:00 / 0:00

បន្ទាប់​ពី​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ឆាង ស៊ឹង (Chang Sheng) ឆេះ​អស់​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា រួច​មក កម្មករ​ជិត ១​ពាន់​នាក់ កំពុង​ស្ថិត​នៅ​តែលតោល​គ្មាន​ការងារ​ធ្វើ។ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​ការងារ គិត​ថា ក្រុមហ៊ុន​ត្រូវ​ផ្តល់​សំណង​ដល់​កម្មករ​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ការងារ។ រីឯ​ក្រុមហ៊ុន នៅ​មិន​ច្បាស់​ថា​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច​ជាមួយ​កម្មករ។

កម្មករ​រោងចក្រ ឆាង ស៊ឹង ជិត ១​ពាន់​នាក់ កំពុង​ប្រមូល​ស្នាម​មេដៃ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​អន្តរាគមន៍​ពី​រឿង​អត្ថប្រយោជន៍​ពួក​គេ ក្រោយ​ពេល​រោងចក្រ​ឆេះ។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ ពីព្រោះ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​បណ្ដាល​ឲ្យ​ឆេះ​រោងចក្រ​នេះ​នៅ​ឡើយ។

ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ប្រចាំ​រោងចក្រ ឆាង ស៊ឹង លោកស្រី ហុង ចាន់ថន ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នៅ​មិន​ទាន់​ប្រាប់​ថា តើ​ពួក​គេ​នឹង​មាន​សំណង​អ្វី​ដល់​កម្មករ​នៅ​ឡើយ​ទេ។ លោកស្រី​បន្ត​ថា ថៅកែ​ក្រុមហ៊ុន​កំពុង​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ។ ដោយ​ឡែក​ឃើញ​តែ​អតីត​ថៅកែ​រោងចក្រ​ចាស់ ដែល​ជា​មិត្ត​ជិតស្និទ្ធ​នឹង​ប្រធាន​ក្រុមហ៊ុន​នេះ មក​ជួប​ជាមួយ​កម្មករ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា និង​បាន​ផ្តល់​ប្រាក់​ឲ្យ​កម្មករ​ខ្ចី​ក្នុង​ម្នាក់ៗ ១០០​ដុល្លារ ដើម្បី​ដោះ​ទ័ល​មួយ​គ្រា នៅ​ពេល​ដែល​កម្មករ​ត្រូវ​ការ​លុយ​ទូទាត់​ថ្លៃ​ផ្ទះ ថ្លៃ​អាហារ និង​ការ​ចំណាយ​ផ្សេងៗ៖ «យើង​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​គាត់​មួយ មិន​មែន​ជា​សំណង​ទេ ឬ​ក៏​ទូទាត់​លុយ​បំណាច់​អី​ឲ្យ​កម្មករ​ទេ ជា​ប្រាក់​ដែល​យើង​ខ្ចី​គាត់​សិន»

លោកស្រី​បន្ត​ថា កម្មករ​កំពុង​តែ​ព្រួយ​បារម្ភ​ថា ពួក​គេ​អាច​នឹង​មិន​បាន​ទទួល​ប្រាក់​សំណង​ផ្សេងៗ ខណៈ​ដែល​ករណី​អគ្គិភ័យ​នេះ​ទំនង​ជា​ស្ថិត​ក្នុង​ករណី​ប្រធាន​ស័ក្តិ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ។ ករណី​ប្រធាន​ស័ក្តិ គឺ​សំដៅ​ទៅ​លើ​ព្រឹត្តិការណ៍​ណា​មួយ​ដែល​កើត​ឡើង​ដោយ​មិន​មែន​ជា​សកម្មភាព​របស់​មនុស្ស​មិន​អាច​គ្រប់គ្រង ឬ​ទប់ទល់​បាន ដូច​ជា ករណី​រញ្ជួយ​ដី បន្ទុះ​ភ្នំ​ភ្លើង ទឹក​ជំនន់ និង​ករណី​សង្គ្រាម ជាដើម។

យ៉ាង​ណា តំណាង​កម្មករ​រូប​នេះ​គិត​ថា អគ្គិភ័យ​រោងចក្រ ឆាង ស៊ឹង មិន​ស្ថិត​ក្នុង​ករណី​ប្រធាន​ស័ក្តិ​ទេ តែ​វា​ជា​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន​ច្រើន​ជាង។ ជំហរ​របស់​កម្មករ គឺ​ចង់​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង ៥​ចំណុច​ដល់​ពួក​គេ ក្នុង​នោះ​រួម​មាន ប្រាក់​ជូន​ដំណឹង ប្រាក់​បណ្ដេញ​ចេញ ប្រាក់​ជំងឺ​ចិត្ត ប្រាក់​បន្ទាប់​បន្សំ និង​ប្រាក់​ចុង​ក្រោយ។ លោកស្រី​បន្ត​ថា កម្មករ​កំពុង​ប្រមូល​ស្នាម​មេដៃ ដើម្បី​ភ្ជាប់​ជាមួយ​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​អន្តរាគមន៍​ពី​រឿង​នេះ៖ «ឆេះ​រោងចក្រ ហើយ​អ្នក​ខ្លះ​គិត​ថា គាត់​អត់​មាន​បាន​អី គាត់​ទៅ​ខេត្ត អ្នក​ខ្លះ​កំពុង​ដើរ​ធ្វើ​តេស្ដ​ការងារ យើង​កំពុង​ផ្តល់​ព័ត៌មាន​តាម​រយៈ​តៗ​គ្នា ដើម្បី​ឲ្យ​ពួក​គាត់​មក​ផ្ដិត​ស្នាម​មេដៃ​ទាំងអស់​គ្នា យើង​នឹង​រៀបចំ​ដាក់​ទៅ​តែ​ចំពោះ​ឯកសារ​ខ្លះ​យើង​បាន​ដាក់​ទៅ​រួច​ហើយ»

ប្រធាន​ផ្នែក​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក មឿន តុលា គិត​ថា ក្រុមហ៊ុន ឆាង ស៊ឹង គួរ​យក​រូបមន្ត​ដោះស្រាយ​ឲ្យ​កម្មករ​ដូច​ករណី​អគ្គិភ័យ​នៅ​រោងចក្រ ជូន តិចថាយស៍ (June Textiles Co., Ltd. Cambodia) ឬ​រោងចក្រ មិថុនា កាល​ពី​ឆ្នាំ​២០១១។

ដំបូង​ឡើយ ខាង​រោងចក្រ មិថុនា បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​លើ​កម្មករ​ជាង ៤​ពាន់​នាក់ ដោយ​អះអាង​ថា ការ​ឆេះ​រោងចក្រ​នោះ គឺ​ជា​ករណី​ប្រធាន​ស័ក្តិ។ ប៉ុន្តែ​ខាង​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល សម្រេច​ថា​រូបភាព និង​ស្ថានភាព​នៃ​ថ្ងៃ​កើត​ហេតុ មិន​ស្ថិត​ក្នុង​ករណី​ប្រធាន​ស័ក្តិ​ទេ។ ដូច្នេះ បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្តល់​សំណង​ដល់​កម្មករ ៤​ចំណុច​នៃ​ច្បាប់​ការងារ។ លោក មឿន តុលា បន្ត​ថា ករណី​អគ្គិភ័យ​នៅ​រោងចក្រ ឆាង ស៊ឹង នេះ​ក៏​មិន​ទាន់​អាច​ចាត់​ចូល​ថា​ជា​ករណី​ប្រធាន​ស័ក្តិ​បាន​ដែរ គឺ​វា​អាស្រ័យ​ទៅ​លើ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ជា​អ្នក​សម្រេច​ថា អង្គ​ហេតុ​នៃ​អគ្គិភ័យ​នោះ ជា​ករណី​ប្រធាន​ស័ក្តិ ឬ​ក៏​អត់។

លោក មឿន តុលា ផ្តល់​គំនិត​ថា ក្នុង​ករណី​នេះ កម្មករ​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការងារ និង​ដាក់​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ឲ្យ​ស្រាវជ្រាវ និង​ដោះស្រាយ​ពី​រឿង​នេះ៖ «ប្រសិន​បើ​ក្រសួង​ការងារ ថា​រឿង​នេះ​ជា​ប្រធាន​ស័ក្តិ ខ្ញុំ​ជឿ​ថា កម្មករ​មិន​ទាន់​ជឿ​ដែរ សំខាន់​ទាល់​តែ​អង្គភាព​ណា​មាន​សិទ្ធិ​ក្នុង​ការ​បកស្រាយ​ច្បាប់​ហ្នឹង។ កន្លង​មក​គេ​បញ្ជូន​រឿង​នេះ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ឲ្យ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ជា​អ្នក​សម្រេច តើ​អង្គ​ហេតុ​បង្ហាញ​មក​ហ្នឹង​ជា​ករណី​ប្រធាន​ស័ក្តិ​ដែរ​ឬ​អត់ បើ​ប្រធាន​ស័ក្តិ កម្មករ​ទទួល​បាន​តែ​ប្រាក់​ខែ​ចុង​ក្រោយ»

ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ​ពី​រឿង​នេះ​ហើយ កាល​ពី​ថ្ងៃ​ដែល​មាន​អគ្គិភ័យ​នៅ​រោងចក្រ ឆាង ស៊ឹង ភ្លាមៗ។

រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អ៊ំ មាន ប្រាប់​ថា លោក​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នៅ​ឡើយ​ទេ តែ​ខាង​ក្រសួង​បាន​យក​ចិត្ត​ទុក​ដាក់​ពី​រឿង​នេះ។

ខាង​រោងចក្រ ឆាង ស៊ឹង មិន​បាន​ទម្លាយ​ពី​ទំហំ​ខូចខាត​ជា​ទឹក​ប្រាក់​របស់​ក្រុមហ៊ុន​ទេ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​រោងចក្រ​នេះ​ប្រាប់​ថា ក្រុមហ៊ុន​បាន​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង​អាជីវកម្ម​ពី​ក្រុមហ៊ុន​ឯកជន​មួយ។

ប្រធាន​រដ្ឋបាល​រោងចក្រ ឆាង ស៊ឹង អ្នកនាង ហ៊ែល ផល្លា ប្រាប់​ថា រោងចក្រ​បាន​ខាត​បង់​ច្រើន ហើយ​មិន​ដឹង​ថា​បាន​អ្វី​នឹង​ផ្តល់​សំណង​ឲ្យ​កម្មករ​នោះ​ទេ។ យ៉ាង​ណា ខាង​ក្រុមហ៊ុន​រង់ចាំ​ការ​ចុះ​វាយ​តម្លៃ និង​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជា​មុន​សិន ទើប​អាច​ដោះស្រាយ​សំណង​ទូទាត់​ឲ្យ​កម្មករ​បាន៖ «មិន​ដឹង​ថា​ក្រសួង​ចុះ​ដោះស្រាយ​ពេល​ណា គាត់​ទទួល​សំណង​អី​ខ្លះ អ៊ីចឹង​បញ្ហា​ដែល​គាត់ (កម្មករ) ត្រូវ​ប្រឈម​មាន​ច្រើន​ណាស់ សូម្បី​តែ​បុគ្គលិក​ដូច​ពួក​ខ្ញុំ​អី​ក៏​សង្ឃឹម​ទៅ​លើ​ប្រាក់​ខែ​ហ្នឹង​ដែរ ដល់​ពេល​ឆេះ​អស់​អ៊ីចឹង ពួក​ខ្ញុំ​ក៏​ប្រឈម​ដូច​តែ​កម្មករ​ដែរ»

ប្រធាន​រដ្ឋបាល​រោងចក្រ​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន​នៅ​មិន​ទាន់​សម្រេច​ថា​នឹង​ត្រូវ​ផ្តល់​សំណង​ឲ្យ​កម្មករ​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​ថៅកែ​ក្រុមហ៊ុន​កំពុង​មាន​បញ្ហា​សុខភាព និង​ស្ថិត​នៅ​ក្រៅ​ប្រទេស។

អ្នកស្រី​បន្ត​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៩ កក្កដា នេះ ភ្លើង​នៅ​ក្នុង​រោងចក្រ​នៅ​ឆេះ​ហុយ​តិចៗ​នៅ​ឡើយ ដែល​មិន​ទាន់​អាច​ឲ្យ​ក្រុម​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​បាន​នៅ​ឡើយ។ ខាង​ក្រុមហ៊ុន​សង្ឃឹម​ថា កម្មករ​នឹង​រក្សា​ភាព​អត់ធ្មត់ និង​ទុក​ពេក​ខ្លះ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពី​រឿង​នេះ។

រោងចក្រ​កាត់​ដេរ ឆាង ស៊ឹង ស្ថិត​នៅ​ភូមិ​ទួលពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​បាន​ភ្លើង​ឆេះ​ទាំង​ស្រុង​កាល​ពី​វេលា​ម៉ោង ៤​ភ្លឺ ថ្ងៃ​ទី​២៨ កក្កដា។ អគ្គិភ័យ​នេះ បណ្ដាល​ឲ្យ​បុរស​ជនជាតិ​ចិន ម្នាក់​ស្លាប់ និង ៣​នាក់​ផ្សេង​ទៀត​របួស​ស្រាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។