ខ្មែរ-អាមេរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​មុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​២៦​កញ្ញា

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ប្រមាណ​ជា ៥០០​នាក់​មក​ពី​រដ្ឋ​មួយ​ចំនួន គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​កញ្ញា ក្នុង​ឱកាស​សម័យ​ប្រជុំ​ទី​៧០ របស់​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញីវយ៉ក (New York)។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ម្នាក់​មក​ពី​រដ្ឋ​វឺជីនៀ (Virginia) លោក ទូច វីបុល ដែល​ជា​អ្នក​ចាត់​ចែង​គម្រោង​ធ្វើ​បាតុកម្ម​នេះ បញ្ជាក់​តាម​ទូរស័ព្ទ​ថា គោល​បំណង​សំខាន់ គឺ​ដើម្បី​ទទូច​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​មេ​ដឹក​នាំ​នៃ​ប្រទេស​មហា​អំណាច យក​ចិត្ត​ទុក​ដាក់​បន្ថែម​អំពី​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បញ្ហា​ឧក្រិដ្ឋកម្ម​នានា ក្នុង​នោះ​រួម​ទាំង​ការ​ចាប់​សកម្មជន​ដាក់​ពន្ធនាគារ ជាដើម៖ «យើង​ស្នើសុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​ហ្នឹង ជួយ​ជំរុញ​ឲ្យ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហ្នឹង ជួយ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​បទ​ឧក្រិដ្ឋកម្ម​នានា​ដែល​បាន​ចោទ​ប្រកាន់​ដោយ​មេធាវី​អន្តរជាតិ លោក រីឆាដ រ៉ូជើ (Richard Roger)។ លើស​នេះ​ទៅ​ទៀត គឺ​យើង​ជំរុញ​ស្នើសុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​ហ្នឹង​ជួយ​ពិនិត្យ​ទៅ​លើ ធានា​ថា​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ហើយ​លើស​នេះ​ទៅ​ទៀត យើង​ចង់​ឲ្យ​អង្គការ​សហប្រជាជាតិ ហ្នឹង ជួយ​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ហ្នឹង ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ ដើម្បី​ធានា​ទៅ​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា របស់​យើង»

លោក ទូច វីបុល បន្ត​ថា តំណាង​សហគមន៍​ខ្មែរ​ប្រមាណ​ជា ៣ ឬ ៤​នាក់ មាន​គម្រោង​សុំ​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) និង​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​លើក​ឡើង​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ជូន​ញត្តិ ព្រម​ទាំង​ឯកសារ​នានា​ផង​ដែរ។

តំណាង​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​ផេនស៊ីលវេនីញ៉ា (Pennsylvania) លោក ជា មាស ដែល​ដឹក​នាំ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ប្រមាណ ៣០០​នាក់​ទៅ​ចូលរួម​តវ៉ា​ដែរ​នោះ គូស​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ចង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គោរព​សិទ្ធិ​ពលរដ្ឋ រួម​មាន​សិទ្ធិ​ដីធ្លី និង​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស៖ «គោល​បំណង​របស់​យើង​ដែល​ទៅ យូ.អិន (UN) ក្នុង​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ នេះ គឺ​យើង​ចង់​សម្ដែង​មតិ និង​ផ្ញើ​សារ​ជូន​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហើយ​យើង​ជា​ជន​រងគ្រោះ​ដែល​មាន​បង​មាន​ប្អូន​មាន​ឪពុក​មាន​ម្ដាយ​នៅ​ស្រុក​ខ្មែរ​រងគ្រោះ​ដោយ​របប​ដឹក​នាំ​របស់ លោក ហ៊ុន សែន នេះ។ ដូច្នេះ ក្នុង​ពេល​នេះ​ដែល​យើង​ទៅ​នេះ គឺ​យើង​ចង់​សម្ដែង​មតិ ឬ​ជម្រាប​ជូន​លោក​នាយក​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹក​នាំ​របស់​លោក​ដែល​កំពុង​រំលោភ​បំពាន ជាពិសេស​ទៅ​លើ​សិទ្ធិ​ការ​រស់នៅ ដីធ្លី តាម​ស្ថិតិ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ថា​រងគ្រោះ​រហូត​ដល់ ៨​សែន​នាក់។ ក្រៅ​ពី​ហ្នឹង​ទៀត គឺ​យើង​ចង់​ឲ្យ លោក ហ៊ុន សែន គោរព​នូវ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ចង់​ឲ្យ​របប​របស់ លោក ហ៊ុន សែន គោរព​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​ច្បាស់ គឺ​ចង់​ឲ្យ​គាត់​បាន​ឮ​សារ​របស់​យើង»

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ដែល​មក​ចូលរួម​ក្នុង​បាតុកម្ម​នោះ​មក​ពី​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន រួម​មាន​រដ្ឋ​វឺជីនៀ (Virginia) និង​ម៉ារីឡែន (Maryland) ព្រម​ទាំង​រដ្ឋ​មួយ​ចំនួន​ទៀត រួម​មាន រដ្ឋ​ញីវយ៉ក (New York) ម៉ីនីសូតា (Minnesota) កាលីហ្វ័រញ៉ា (California) នូហ្យឺហ្សី (New Jersey) រដ្ឋ​ផេនស៊ីលវេនីញ៉ា (Pennsylvania) ជាដើម។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា វិញ ក៏​មាន​គម្រោង​មក​ចូលរួម​ដែរ ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​ពី​ចំនួន​មនុស្ស​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។