យោធិន​ពិការ​ស្រុក​សំឡូត​ចោទ​អាជ្ញាធរ​ថា​មិន​អើពើ​បញ្ចូល​ឈ្មោះ​ពួក​គាត់​ជា​និវត្តជន

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មន្ត្រី​យោធិន​ពិការ​ក្នុង​សមរភូមិ​ជាច្រើន​នាក់​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង អំពាវនាវ​ឲ្យ​មន្ត្រី​ដែល​ទទួល​បន្ទុក​យោធិន​ពិការ​ចូល​និវត្តន៍ និង​មន្ត្រី​ពាក់ព័ន្ធ ដាក់​បញ្ចូល​ឈ្មោះ​ពួក​គាត់​ក្នុង​បញ្ជី​ជា​និវត្តជន​ឲ្យ​បាន​ឆាប់ៗ។ អ្នក​ភូមិ​បញ្ជាក់​ថា ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ជា​ខ្លាំង និង​បាន​ស្វះស្វែង​ដាក់​ឈ្មោះ​ជា​មន្ត្រី​សោធន​និវត្តន៍​អស់​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ។

មន្ត្រី​យោធិន​ពិការ​នៅ​ស្រុក​សំឡូត កំពុង​ទន្ទឹង​រង់ចាំ​សមត្ថកិច្ច​ពាក់ព័ន្ធ ដាក់​បញ្ចូល​ឈ្មោះ​របស់​ពួក​គាត់​ទៅ​ជា​និវត្តជន ដើម្បី​ទទួល​បាន​ប្រាក់​ខែ​យក​ទៅ​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

មន្ត្រី​យោធិន​ពិការ​ម្នាក់ គឺ​លោក អ៊ុន នួន រស់នៅ​ភូមិ​ឆករកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​៩ កញ្ញា ថា លោក​ជា​អតីត​មន្ត្រី​យោធា​កង​ពល​ធំ​លេខ​១៧ ប្រចាំ​ការ​នៅ​ភ្នំ​វាយ​ចាប ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង។ លោក​អះអាង​ថា កាល​ពី​ឆ្នាំ​១៩៩២ លោក​ត្រូវ​អំបែង​គ្រាប់​បែក ខណៈ​ប្រយុទ្ធ​ក្នុង​សមរភូមិ បណ្ដាល​ឲ្យ​រង​របួស​ជើង​ខាង​ឆ្វេង ហើយ​តាំង​ពី​ពេល​នោះ​មក រូប​លោក​ធ្វើ​ការងារ​អ្វី​មិន​បាន​ដូច​កាល​ពី​ពុំ​ទាន់​រង​របួស​នោះ​ឡើយ។ ដោយសារ​បញ្ហា​នេះ រូប​លោក​ត្រូវ​បាន​អង្គភាព​ផ្ដាច់​ប្រាក់​ខែ​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក៖ «ខ្ញុំ​ជំពាក់​គេ​ច្រើន​ណាស់ ដោយសារ​ខ្ញុំ​មិន​អាច​ធ្វើ​ការ​រក​ប្រាក់​ទៅ​សង​គេ​បាន។ សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​ខ្ញុំ​ឲ្យ​បាន​ចូល​ជា​មន្ត្រី​យោធិន​ពិការ​និវត្តជន​ផង»

មន្ត្រី​យោធិន​ពិការ​ម្នាក់​ទៀត​នៅ​ឃុំ​សំឡូត គឺ​អ្នកស្រី ឡាយ សារឿន ថ្លែង​ថា ដើម​ឡើយ​អ្នកស្រី​ក៏​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កង​ពល​ធំ​លេខ​១៧ ប្រចាំ​ការ​នៅ​ភ្នំ​វាយ​ចាប នោះ​ដែរ។ អ្នកស្រី​អះអាង​ថា រូប​គាត់​ត្រូវ​អំបែង​គ្រាប់​កាំភ្លើង​ធំ​នៅ​ជើង​ខាង​ស្ដាំ​ក្នុង​សមរភូមិ បណ្ដាល​ឲ្យ​ស្វិត​ជើង​ស្ដាំ​ពុំ​អាច​ធ្វើ​ការងារ​អ្វី​ធ្ងន់​បាន​នោះ​ទេ៖ «ខ្ញុំ​ជា​អ្នក​តស៊ូ​ការពារ​ប្រទេស​ជាតិ​មួយ​រូប​ដែរ តែ​មិន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ឈ្មោះ​ខ្ញុំ​ជា​មន្ត្រី​សោធន​និវត្តន៍​ទេ»

មន្ត្រី​យោធិន​អះអាង​ថា មន្ត្រី​យោធិន​ពិការ​នៅ​ស្រុក​សំឡូត ប្រមាណ ៣០០​នាក់ កំពុង​មាន​ជីវភាព​ខ្វះខាត ហើយ​កន្លង​មក​ធ្លាប់​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដាក់​បញ្ចូល​ឈ្មោះ​របស់​ពួក​គាត់​ជា​និវត្តជន​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​យោធា​ភូមិភាគ​៥ ទទួល​បន្ទុក​ផ្នែក​យោធិន​ពិការ​ចូល​និវត្តន៍ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៩ កញ្ញា។

ប៉ុន្តែ ជំទប់​ទី​១ ឃុំ​សំឡូត និង​តំណាង​ឲ្យ​អាជ្ញាធរ​ឃុំ ក្នុង​ការ​ពិនិត្យ​ឈ្មោះ​ប្រជាពលរដ្ឋ​ជា​មន្ត្រី​យោធិន​និវត្តជន លោក ធឹម ព្រឿន មាន​ប្រសាសន៍​ថា ពុំ​មែន​អាជ្ញាធរ​មិន​គិតគូរ​កាត់​ឈ្មោះ​ប្រជាពលរដ្ឋ​ជា​និវត្តជន​នោះ​ទេ។ លោក​អះអាង​ថា បញ្ហា​នេះ ដោយសារ​ប្រជាពលរដ្ឋ​ទាំង ៣០០​នាក់​នោះ មួយ​ចំនួន​ធំ​មិន​គ្រប់​លក្ខណៈ​សម្បត្តិ​ដែល​អាច​ចាត់​ចូល​ជា​និវត្តជន​បាន៖ «ពេទ្យ​ធ្វើ​ការ​វាយ​តម្លៃ​ប្រភេទ​មួយ​ដល់​ប្រភេទ​៣ បាន​មន្ត្រី​យោធិន​ពិការ​តែ ៨៨​នាក់​ទេ ដែល​មាន​គុណ​សម្បត្តិ​អាច​កាត់​ឈ្មោះ​ចូល​ជា​មន្ត្រី​និវត្តជន​បាន​នោះ។ ចំពោះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត គ្រូពេទ្យ​បាន​ពិនិត្យ​អស់​លទ្ធភាព​ហើយ តែ​មិន​អាច​កាត់​ឈ្មោះ​ចូល​បាន​នោះ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា ករណី​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​គួរ​ពិចារណា និង​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​មន្ត្រី​យោធិន​ពិការ​ឲ្យ​បាន​ខ្ពស់​បំផុត ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួក​គាត់ ដែល​ធ្លាប់​ប្រយុទ្ធ​ការពារ​ប្រទេស​ជាតិ​នៅ​ក្នុង​សមរភូមិ​នោះ៖ «បើ​សិន​ក្នុង​ករណី​គាត់​មិន​បាន​ទទួល យើង​គួរ​សិក្សា​រក​មូលហេតុ​នោះ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ថា​តើ​គាត់​ខ្វះ​ខាង​ចំណុច​ណា​ខ្លះ? ពីព្រោះ​ការ​ជួយ​ជន​ពិការ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋ​តាម​ច្បាប់ ដែល​មិន​អាច​គេចវេស​បាន​នោះ​ទេ»

លោក​ពន្យល់​ថា បញ្ហា​នេះ​មន្ត្រី​យោធិន​ពិការ​ដែល​ពុំ​មាន​ឈ្មោះ​ជា​និវត្តជន​ទាំង​នោះ ត្រូវ​ធ្វើ​ការ​ទាក់ទង​ទៅ​ខាង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ឬ​រដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​រហ័ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។