កម្មករធ្វើការងារតាមផ្ទះ និងតំណាងអង្គការស្ថាប័នដែលធ្វើការពាក់ព័ន្ធការងារនេះជិត ១០០នាក់ នៅថ្ងៃទី១៨ មិថុនា នាំគ្នាប្រារព្ធទិវាអន្តរជាតិខួបលើកទី៦ នៃការអនុម័តអនុសញ្ញាអង្គការអន្តរជាតិខាងការងារ លេខ១៨៩ ស្ដីពីការងារសមរម្យសម្រាប់កម្មករធ្វើការងារតាមផ្ទះ។ ការរំឭកខួបនេះ ក៏ជាការតស៊ូមតិទាមទារឲ្យមានលក្ខខណ្ឌការងារប្រសើរសម្រាប់ពួកគាត់។
កម្មករធ្វើការតាមផ្ទះដែលចូលរួមក្នុងទិវាអន្តរជាតិខួបលើកទី៦ នៃការអនុម័តអនុសញ្ញាអង្គការអន្តរជាតិខាងការងារ លេខ១៨៩ សុទ្ធតែចង់ឲ្យអ្នកពាក់ព័ន្ធក្នុងស្ថាប័នរដ្ឋ និងឯកជន ជួយការពារសិទ្ធិរបស់ពួកគាត់ ដោយការបង្កើតច្បាប់ស្របតាមអនុសញ្ញានេះ។
អ្នកធ្វើការតាមផ្ទះម្នាក់ គឺលោកស្រី សាវ ភន ថ្លែងនៅក្នុងការជួបជុំព្រឹកថ្ងៃទី១៨ មិថុនា ថា មូលហេតុដែលលោកស្រីចង់បានច្បាប់ការពារសិទ្ធិ និងឲ្យតម្លៃដល់អ្នកធ្វើការតាមផ្ទះ ព្រោះបច្ចុប្បន្ននេះ លក្ខខណ្ឌការងារមិនបានល្អប្រសើរដូចកម្មករក្នុងវិស័យដទៃទៀតទេ៖ « ឲ្យមានតម្លៃដូចពួករោងចក្រ ដូចជាមួយឆ្នាំឡើងប្រាក់ខែម្ដងអីអ៊ីចឹង។ កន្លែងបុរីហ្នឹងខ្ញុំឈប់តែថ្ងៃអាទិត្យ ថ្ងៃបុណ្យជាតិ ខ្ញុំឈប់តែបុណ្យភ្ជុំ និងចូលឆ្នាំតែប៉ុណ្ណឹង។ កម្មកររោងចក្រគាត់មានសិទ្ធិជាងកម្មករតាមផ្ទះ រាល់ថ្ងៃហ្នឹង។ គាត់មានសិទ្ធិទាមទារ។ គាត់មានសហជីពគ្រប់គ្រាន់ទាមទារឲ្យកម្មកររោងចក្រហ្នឹងមានថ្ងៃសម្រាកថ្ងៃបុណ្យទានអី។ ចំពោះខ្ញុំអត់មាន គឺមានតែឯង »។
ប្រធានក្រុមនៃបណ្ដាញអ្នកធ្វើការតាមផ្ទះ លោកស្រី មាស ស្រអែមផល្លា មានប្រសាសន៍ថា ពួកលោកស្រីចង់ឲ្យថៅកែផ្ដល់ពេលវេលាធ្វើការត្រឹមត្រូវប្រសើរឡើង ព្រោះកម្មករខ្លះត្រូវធ្វើការជាង ១៣ម៉ោងក្នុងមួយថ្ងៃដោយគ្មានប្រាក់ឈ្នួលបន្ថែម៖ « ប្រឈមខ្លាំងជាងគេ គឺ ២៤ម៉ោង ហើយយប់ពេលដែលយើងអត់មានខោអាវផ្លាស់ ខ្ញុំស្មុគស្មាញក្នុងចិត្តណាស់ ! តែខ្ញុំអត់ដឹងធ្វើម៉េច។ ខ្ញុំតស៊ូដើម្បីបានថវិកាសម្រាប់បងប្អូនខ្ញុំតទៅមុខទៀត។ ការប្រឈមមុខទីពីរ គឺប្រើជ្រុលម៉ោង ខ្ញុំក្ដៅក្រហាយណាស់ ! ខ្ញុំខឹងណាស់។ បើថាម៉ោងប៉ុន្មានឲ្យខ្ញុំប៉ុណ្ណឹងមក។ ខ្ញុំអត់តូចចិត្តទេ តែបើលើស ខ្ញុំក្ដៅក្រហាយមែនទែន។ បញ្ហាប្រឈមទីបី ថ្ងៃដែលអត់ធ្វើការ ដូចជាថ្ងៃអាទិត្យ អីអ៊ីចឹង ហៅទៅអត់ឲ្យលុយ។ ខ្ញុំខឹងណាស់។ បើធ្វើហើយហុចលុយបួនដប់រៀល គឺអររត់ចង់ធ្លាក់ជណ្ដើរក៏មានដែរ តែបើអត់ខឹងណាស់ »។
អនុសញ្ញាលេខ១៨៩ ស្ដីពីការងារសមរម្យសម្រាប់កម្មករធ្វើការងារតាមផ្ទះ ត្រូវបានអង្គការអន្តរជាតិខាងការងារ អនុម័តនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១។ ប្រទេសជាសមាជិកអនុសញ្ញាលេខ១៨៩ ជាទូទៅដែលប្រារព្ធទិវានេះនៅថ្ងៃទី១៦ មិថុនា។ ប្រទេសកម្ពុជា នៅមិនទាន់ផ្ដល់សច្ចាប័នចូលជាសមាជិកនៅឡើយទេ។
ប្រធានបណ្ដាញអ្នកធ្វើការតាមផ្ទះនៅកម្ពុជា អ្នកស្រី វុន សម្ផស្ស ថ្លែងថា ការប្រារព្ធទិវាអនុម័តអនុសញ្ញា១៨៩ ថ្ងៃទី១៦ មិថុនា ចាប់ផ្ដើមតាំងពីឆ្នាំ២០១៣។ អ្នកស្រីបន្តថា រៀងរាល់លើកនៃការប្រារព្ធទិវាអនុសញ្ញាលេខ១៨៩ ក្រុមបណ្ដាញអ្នកធ្វើការតាមផ្ទះ តែងដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលពន្លឿនការផ្ដល់សច្ចាប័ន និងទទួលស្គាល់អនុសញ្ញានេះ៖ « បើនិយាយទៅ ឆ្នាំហ្នឹងវាប្រសើរជាងឆ្នាំមុនៗ ដោយសារតែខាងក្រសួង ពេលដែលគេមានកិច្ចពិភាក្សាអី គឺគេតែងតែហៅតំណាងខាងយើងចូលរួមដែរ ទាក់ទងនឹងការធ្វើប្រកាសទាក់ទងអនុសញ្ញា១៨៩ ហ្នឹង គេហៅបណ្ដាញកម្មករតាមផ្ទះចូលរួមដែរ។ អ៊ីចឹងយើងសង្ឃឹមថា រដ្ឋាភិបាលនឹងផ្ដល់សច្ចាប័នឲ្យកម្មករធ្វើការតាមផ្ទះក្នុងស្រុកខ្មែរយើងឆាប់ៗ »។
នៅលើពិភពលោកមានអ្នកធ្វើការតាមផ្ទះជាង ១០០លាននាក់។ ទាក់ទងនឹងការងារសមរម្យសម្រាប់កម្មករធ្វើការងារតាមផ្ទះ នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ច លោក ចាន់ សុផល បង្ហាញលទ្ធផលនៃការស៊ើបអង្កេតបឋមនៅខែមេសា ថា កម្មករធ្វើការតាមផ្ទះជួបការរំលោភបំពានទាំងពេលវេលាធ្វើការច្រើន និងការរំលោភបំពានដោយពាក្យសម្ដី។
ក្នុងចំណោមកម្មករធ្វើការតាមផ្ទះនៅកម្ពុជា ចំនួន ៦០០នាក់ មាន ៦៥% មានថៅកែបរទេស។ ពួកគាត់ ៧៣% មានកិច្ចសន្យាផ្ទាល់មាត់ ក្នុងនោះចំនួន ៣០% មិនមានកិច្ចសន្យាអ្វីទាំងអស់។ ចំនួន ១% ត្រូវបានរំលោភបំពានផ្លូវកាយ និងផ្លូវភេទ។ មូលហេតុមកធ្វើជាកម្មករធ្វើការតាមផ្ទះ គឺចំនួនពាក់កណ្ដាលដោយសារគ្មានការងារនៅតាមខេត្ត។
តាមការអង្កេតនេះ លោក និងក្រុមបណ្ដាញនានា ផ្ដល់យោបល់ថា ដើម្បីធ្វើឲ្យមានលក្ខខណ្ឌការងារប្រសើរ គឺត្រូវមានកិច្ចសន្យាសម្រាប់អ្នកធ្វើការតាមផ្ទះ៖ « ត្រូវមានការគាំពារដោយសង្គម កាត់បន្ថយម៉ោងធ្វើការ បង្កើនប្រាក់ឈ្នួល ទទួលបានផលប្រយោជន៍ផ្សេងៗ និងការរួមគ្នាជាសមាគម និងពង្រឹងសិទ្ធិ »។
ប្រធានបណ្ដាញអ្នកធ្វើការតាមផ្ទះនៅកម្ពុជា អ្នកស្រី វុន សម្ផស្ស ឲ្យដឹងថា នៅលើពិភពលោកមានអ្នកធ្វើការតាមផ្ទះជាង ១០០លាននាក់។ ចំណែកនៅកម្ពុជា មានប្រហែល ២៥ម៉ឺននាក់។ ពួកគាត់ ៩០% ធ្វើការ ៧ថ្ងៃក្នុងមួយសប្ដាហ៍។ ៨០% ជាស្ត្រីដែលភាគច្រើនផ្លាស់ទីពីជនបទមកទីក្រុង។ ១០% មានអាយុក្រោម ១៥ឆ្នាំ។ ១៦% មានអាយុចន្លោះពី ១៦ ទៅ ១៨ឆ្នាំ។ ៨០% រស់នៅក្នុងផ្ទះរបស់ថៅកែ ដែលក្នុងចំណោមនោះមាន ២០% ពុំមានបន្ទប់ស្នាក់នៅសមរម្យទេ។ ៦០% រកចំណូលបានទាបជាង ៥០ដុល្លារអាមេរិក និងមានតែ ១៤% ប៉ុណ្ណោះ ដែលអាចរកចំណូលបានចន្លោះពី ៧០ ទៅ ១០០ដុល្លារក្នុងមួយខែ។ ៣០% ធ្វើការចំនួន ៩ ទៅ ១៤ម៉ោងក្នុងមួយថ្ងៃ។
នាយកមជ្ឈមណ្ឌលអាមេរិកាំង ដើម្បីសាមគ្គីភាពការងារអន្តរជាតិប្រចាំនៅកម្ពុជា លោក វីល្លាម ខន់ឃ្លីន (William Conklin) ឲ្យដឹងថា អនុសញ្ញា១៨៩ ស្ដីពីការងារសមរម្យសម្រាប់កម្មករធ្វើការងារតាមផ្ទះ បច្ចុប្បន្នមានប្រទេសចំនួន២៤ បានផ្ដល់សច្ចាប័ន។ ក្នុងទិវានេះ មានសហព័ន្ធកម្មករការងារតាមផ្ទះចំនួន ៦២សហព័ន្ធ និងកម្មករជាង ៥០ម៉ឺននាក់ចូលរួមសាមគ្គីគ្នាផ្ដល់សារជាអន្តរជាតិថា ទាំងអស់គ្នាដើម្បីម្នាក់ ម្នាក់ៗដើម្បីទាំងអស់គ្នា មានសេចក្ដីថ្លៃថ្នូរ ការងារសមរម្យសម្រាប់កម្មករតាមផ្ទះ មិនគិតពីជាតិសាសន៍ ជាជនចំណាកស្រុក ឬជាជនភៀសខ្លួនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។